អ្នកស្រី Jill Biden កំពុងគាំទ្រស្វាមីរបស់អ្នកស្រី គឺលោក Joe Biden ខណៈពេលដែលលោកព្យាយាមស្រោចស្រង់យុទ្ធនាការឈរឈ្មោះបោះឆ្នោតសម្រាប់មួយអណត្តិទៀតរបស់លោក បន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោល ដែលបានធ្វើឱ្យសមាជិកមួយចំនួនក្នុងជួរគណបក្សរបស់លោកមានមន្ទិលចំពោះសេចក្តីសម្រេចរបស់លោកក្នុងការបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
អ្នកស្រី Elizabeth Alexander ប្រធានផ្នែកទំនាក់ទំនងសម្រាប់ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីពេលថ្មីៗនេះថា៖ «អ្នកស្រី Jill ជាអ្នកគាំទ្រធំបំផុតរបស់លោក Biden ពីព្រោះអ្នកស្រីជឿជាក់លើរូបលោក ហើយអ្នកស្រីព្រួយបារម្ភអំពីអនាគតប្រទេសរបស់យើង ប្រសិនបើលោក Biden មិនជាប់ជាប្រធានាធិបតីទេនោះ។ អ្នកស្រី គាំទ្រលោក Biden ដូចដែលលោក Biden តែងតែគាំទ្រអាជីពរបស់អ្នកស្រីដូច្នោះដែរ»។
អ្នកស្រី Jill Biden បានចូលរួមយុទ្ធនាការឃោសនាជាមួយស្វាមីអ្នកស្រីកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែ អ្នកស្រីក៏បានចុះឃោសនាដោយខ្លួនឯងផ្ទាល់តាមកន្លែងមួយចំនួនផងដែរ។
អ្នកស្រីបានថ្លែងនៅតាមកន្លែងនីមួយៗដែលអ្នកស្រីបានទៅឃោសនាថា៖ «ចំពោះគ្រប់ការនិយាយស្តីអំពីការប្រកួតប្រជែងនេះ Joe បានបង្ហាញយ៉ាងច្បាស់ថា លោកមានការប្តេជ្ញាយ៉ាងពេញលេញ»។
អ្នកស្រី Jill Biden បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅរដ្ឋ North Carolina រដ្ឋ Florida និងរដ្ឋ Georgia ថា៖ «នេះជាសេចក្តីសម្រេចរបស់គាត់។ ហើយដូចដែលគាត់តែងតែគាំទ្រអាជីពរបស់ខ្ញុំ ខ្ញុំក៏មានការប្តេជ្ញាយ៉ាងពេញលេញផងដែរ។ ខ្ញុំដឹងថា អ្នកទាំងអស់គ្នាក៏មានការប្តេជ្ញាដូច្នេះដែរ បើមិនដូច្នេះ អ្នកមិនមកទីនេះនៅថ្ងៃនេះនោះទេ»។
ក្នុងឋានៈជាភរិយារបស់ប្រធានាធិបតី អ្នកស្រី Jill Biden បានដឹកនាំគម្រោងនានាសម្រាប់យោធានិងគ្រួសាររបស់ពួកគេ ក៏ដូចជា ការព្យាបាលជំងឺមហារីកជាដើម។ ជាគ្រូបង្រៀនអស់ពេលជាយូរមកហើយ អ្នកស្រី Jill Biden ក៏បានដាក់អាទិភាពលើកម្មវិធីនានាដែលផ្តោតលើការអប់រំផងដែរ។
អ្នកស្រី Jill Biden ក៏បានចូលរួមនៅក្នុងកម្មវិធី Joining Forces ដែលជាគម្រោងមួយរបស់សេតវិមានបង្កើតឡើងដើម្បីគាំទ្រគ្រួសារយោធានិងយោធាចូលនិវត្តន៍ អ្នកផ្តល់ការថែទាំ និងអ្នករស់រានជីវិត នេះបើយោងតាមគេហទំព័ររបស់សេតវិមាន។ កម្មវិធី Joining Forces ផ្តោតលើគម្រោងផ្សេងៗដូចជា ការលើកកម្ពស់ដល់ការផ្តល់ការងារដល់ភរិយានិងស្វាមីជាយោធា និងការផ្តល់ការអប់រំដល់កូនៗរបស់យោធា។ នៅក្នុងរយៈពេលពីរឆ្នាំដំបូងក្នុងនាមជាភរិយាប្រធានាធិបតី អ្នកស្រី Jill Biden បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាចំនួន ២៤ កន្លែង។
អ្នកស្រីក៏បានចូលរួមក្នុងកម្មវិធី Cancer Moonshot ដែលជាកម្មវិធីដែលត្រូវបានស្តារឡើងវិញដោយអ្នកស្រីនិងលោកប្រធានាធិបតី Joe Biden។ យោងតាមគេហទំព័ររបស់កម្មវិធី Cancer Moonshot នេះ បានឱ្យដឹងថា កម្មវិធីនេះមានការប្តេជ្ញា«បញ្ចប់ជំងឺមហារីកទៅតាមវិធីដែលយើងបានដឹង» គឺតាមរយៈការបញ្ចៀសការស្លាប់ដោយសារជំងឺមហារីកចំពោះមនុស្សជាង ៤លាននាក់នៅត្រឹមឆ្នាំ ២០៤៧។ យោងតាមអង្គការ American Cancer Society បានឱ្យដឹងថា មនុស្សជាង៦សែននាក់បានស្លាប់ដោយសារជំងឺមហារីកនៅឆ្នាំ២០២១។
គោលដៅរបស់កម្មវិធី Cancer Moonshot រួមមាន ការបង្កើនលទ្ធភាពទទួលបានការឆ្លុះពិនិត្យមើល និងការបញ្ចៀសការប្រឈមនឹងបរិស្ថានដែលបង្កគ្រោះថ្នាក់។
ក្រៅពីជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Jill Biden ក៏ជា គ្រូបង្រៀនមួយរូបផងដែរ។ អំឡុងពេលស្ថិតនៅសេតវិមាន អ្នកស្រីបានផ្តោតមួយផ្នែកទៅលើគម្រោងវិស័យអប់រំដែលពាក់ព័ន្ធទៅនឹងការព្យាយាមផ្តល់ការងារនិងរក្សាការងារគ្រូបង្រៀន ក៏ដូចជាការបន្ទាបការចំណាយលើផ្នែកអប់រំ។
នៅពេលលោក Joe Biden បានក្លាយជាអនុប្រធានាធិបតីក្រោមលោកប្រធានាធិបតី Barack Obama អ្នកស្រី Jill Biden បានក្លាយជាភរិយារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលមានការងារមានប្រាក់បៀរវត្សរ៍នៅខាងក្រៅសេតវិមាន។ នៅពេលក្លាយជាភរិយាប្រធានាធិបតី អ្នកស្រីបានបន្តបង្រៀនផ្នែកសរសេរនៅសាកលវិទ្យាល័យ Northern Virginia Community College ដែលនៅក្បែរភាគខាងត្បូងរដ្ឋធានីវ៉ាស៊ីនតោន។ នៅទីនោះអ្នកស្រីបង្រៀនពេញម៉ោង ខណៈពេលដែលស្វាមីរបស់អ្នកស្រីជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកស្រី Jill Biden បានថ្លែងនៅក្នុងឆ្នាំ២០២១ថា៖ «ភាគច្រើននៃសិស្សរបស់ខ្ញុំមិនដឹងថា ខ្ញុំមានការងារពីរនោះទេ»។
អ្នកស្រី Jill Biden បានស្គាល់ជីវិតនៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់តាំងពីពេលស្វាមីរបស់អ្នកស្រីបានចំណាយពេល៣៦ឆ្នាំជាសមាជិកព្រឹទ្ធសភាអាមេរិក និងប្រាំបីឆ្នាំជាអនុប្រធានាធិបតីក្រោមលោក Obama។
ជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ បានធ្វើឱ្យអ្នកស្រី Jill Biden ក្លាយជាភរិយាប្រធានាធិបតីទីមួយ ដែលមានសញ្ញាប័ត្រថ្នាក់បណ្ឌិត។
អ្នកស្រីបណ្ឌិត Jill Biden វ័យ ៧៣ឆ្នាំ បានកើតនៅរដ្ឋ New Jersey និងបានធំដឹងក្តីនៅតំបន់ជាយក្រុងភាគខាងជើងក្រុង Philadelphia រដ្ឋ Pennsylvania។ អ្នកស្រីទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ University of Delaware។ ជីវិតជាមួយលោក Joe Biden មានភាពស្មុគស្មាញចាប់តាំងពីពេលដំបូង។ នៅពេលអ្នកស្រីជួបលោក Biden អ្នកស្រីកំពុងឆ្លងកាត់ការលែងលះ។ ហើយលោក Joe Biden កំពុងតែកាន់ទុក្ខ បន្ទាប់ពីភរិយានិងកូនស្រីរបស់លោកបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ លោក Biden ត្រូវចិញ្ចឹមកូនប្រុសតូចៗពីរនាក់។ អ្នកស្រី Jill និងលោក Joe បានរៀបការ បន្ទាប់ពីលោក Joe បានសុំអ្នកស្រីរៀបការចំនួនប្រាំលើក។
លោក Biden បានថ្លែងនៅក្នុងកម្មវិធី Rachael Ray Show ថា៖ «នៅលើកទីប្រាំ ខ្ញុំបាននិយាយទៅនាងជាចុងក្រោយថា៖ «Jill មោទនភាពពីដើមដំណើតអៀរឡង់របស់ខ្ញុំបានក្រសោបខ្ញុំហើយ។ នេះជាលើកចុងក្រោយ ដែលបងសួរទៅអូន។ អូនមិនចាំបាច់ប្រាប់បងពេលណាអូននឹងរៀបការជាមួយបងនោះទេ តែគ្រាន់តែថាតើអូនព្រមរៀបការជាមួយបងទេ?»។ «ហើយនាងបាននិយាយថា «អូនយល់ព្រម»។
បួនឆ្នាំក្រោយមកអ្នកស្រី Jill បានផ្តល់កំណើតឱ្យកូនស្រីម្នាក់។ នៅឆ្នាំ ២០១៥សោកនាដកម្មបានកើតឡើងសាជាថ្មី នៅពេលកូនប្រុសវ័យ ៤៦ឆ្នាំរបស់លោក Joe Biden គឺលោក Beau បានស្លាប់ដោយសារជំងឺមហារីកខួរក្បាល។ អ្នកស្រី Jill Biden បាននិយាយថា៖ «រឿងជំងឺមហារីកនេះ ពិតជាបានចាក់ឫសក្នុងចិត្តទាំងសម្រាប់ខ្ញុំនិង Joe ស្វាមីរបស់ខ្ញុំ»។
កាលពីខែមិថុនាឆ្នាំមុន អ្នកស្រី Jill Biden បានសរសេរសៀវភៅកុមារអំពីអាជីពដំបូងរបស់ស្វាមីអ្នកស្រី ភាពប្រកួតប្រជែង និងភាពរឹងមាំរបស់លោក បន្ទាប់ពីត្រូវបានគេបន្តុះបង្អាប់ដោយសារការនិយាយត្រដិតរបស់លោក។
អ្នកស្រីបានបង្ហាញការការពារជាបន្តបន្ទាប់អំឡុងពេលយុទ្ធនាការឃោសនាកាលពីខែមីនាឆ្នាំមុន ដោយប្រើខ្លួនរបស់អ្នកស្រីផ្ទាល់ក្នុងការបង្អាក់អ្នកតវ៉ាចំនួនពីរលើកមិនឱ្យឈានទៅដល់ស្វាមីរបស់អ្នកស្រីនៅលើឆាក។
បើទោះបីអ្នកទាំងពីរបានចាត់ទុករដ្ឋ Delaware ដ៏តូចមួយនៅតំបន់ភាគកណ្តាលនៃឆ្នេរខាងកើតសហរដ្ឋអាមេរិក (Mid-Atlantic) ជាផ្ទះរបស់ពួកគេក៏ដោយ ក៏អ្នកស្រី Jill Biden បានធ្វើដំណើរតាមស្វាមីរបស់អ្នកស្រីទៅតាមអាជីពរបស់លោកជាសមាជិកព្រឹទ្ធសភា អនុប្រធានាធិបតី និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ឥឡូវនេះ អ្នកស្រីសង្ឃឹមថា នឹងឃើញរូបលោកនៅសេតវិមាននៅក្នុងរយៈពេលបួនឆ្នាំតទៅមុខទៀត៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ