មេធាវី នៅថ្ងៃអង្គារនេះបានចាប់ផ្តើមបង្ហាញសារណាបើកនៅក្នុងសំណុំរឿងទិញអាវុធសហព័ន្ធមួយ ប្រឆាំងនឹងកូនប្រុសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោក Hunter Biden នៅក្នុងសវនាការមួយ ដែលត្រូវគេរំពឹងថានឹងមានការផ្តល់សក្ខីកម្មពីអតីតដៃគូស្រី និងពីមនុស្សជំនិតមួយចំនួនផ្សេងទៀតស្តីពីការញៀនថ្នាំរបស់ជនជាប់ចោទ។ នេះបើយោងទៅលើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។
លោកHunter Biden ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន៣ ដែលកើតចេញពីការទិញកាំភ្លើងមួយដើមរបស់លោកកាលពីឆ្នាំ២០១៨ នៅពេលដែលលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការញៀនថ្នាំដ៏ជោគជាំ។ នេះបើយោងទៅលើកំណត់ត្រាឯកសារផ្ទាល់ខ្លួនលោក។ លោកត្រូវបានចោទប្រកាន់ថា បានភូតកុហកដល់ហាងលក់អាវុធដែលមានច្បាប់មួយកន្លែង ដោយបាននិយាយមិនត្រង់នៅលើពាក្យសុំទិញកាំភ្លើងនោះ ដោយដាក់ថា លោកមិនដែលប្រើប្រាស់គ្រឿងញៀននោះទេ និងបានរក្សាអាវុធនោះទុកដោយខុសច្បាប់អស់រយៈពេលចំនួន១១ថ្ងៃ។
លោកHunter Biden បានមកដល់បន្ទប់តុលាការនៅព្រឹកថ្ងៃអង្គារនេះជាមួយភរិយារបស់លោក ដោយដើរចេញពីរថយន្ត SUV មួយគ្រឿង។ ស្រី្តទី១អាមេរិកអ្នកស្រី Jill Biden និងកូនស្រីគឺអ្នកស្រី Ashley Biden ក៏មានវត្តមានជាថ្មីនៅក្នុងបន្ទប់សវនាការនោះដែរ។
សវនាការក្តីលើសំណុំរឿងទិញកាំភ្លើងសហព័ន្ធនេះកើតមានឡើង បន្ទាប់ពីការបរាជ័យនៃកិច្ចព្រមព្រៀងមួយជាមួយក្រុមរដ្ឋអាជ្ញា ដែលអាចបញ្ជៀសបាននូវសវនាការក្តីមួយ ដែលនៅកៀកជិតដល់ពេលបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ នេះ។ លោក Hunter Biden បានបញ្ជាក់ប្រាប់តុលាការក្នុងពេលកន្លងទៅថា លោកគ្មានកំហុសទេ និងបានលើកហេតុផលសំអាងថា លោកត្រូវបានក្រសួងយុត្តិធម៌អាមេរិកយកធ្វើគោលដៅដោយអយុត្តិធម៌ ក្រោយពីក្រុមគណបក្សសាធារណរដ្ឋបានរិះគន់ ទៅលើកិច្ចព្រមព្រៀងដែលបានទទួលបរាជ័យទៅហើយនោះ ថាជាការអនុវត្តដ៏ពិសេសមួយទៅលើកូនប្រុសប្រធានាធិបតីអាមេរិករួចមក៕