ប្រទេសជប៉ុនកំពុងតែបានធូរស្រាលបន្តិចបន្ទាប់ពីដំណឹងផ្លូវការថាម៉ាស៊ីនរ៉េអាក់ទ័រដែលខូចខាតនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ឹគឹស្ស៊ីម៉ា-១ (Fukushima-1) ឥឡូវកំពុងស្ថិតក្នុងសភាពត្រជាក់មិនដំណើរការ (cold shutdown)។ នេះមានន័យថា ទឹកដែលត្រូវបានប្រើសម្រាប់ធ្វើឲ្យបំពង់ឥន្ធនៈនុយក្លេអ៊ែរ (nuclear fuel rods) ត្រជាក់ គឺស្ថិតនៅក្រោម ១០០oC ដែលបានការពារកុំឲ្យឥន្ទនៈវិទ្យុសកម្មយ៉ាងខ្ពស់ក្តៅឡើងវិញ។ ក៏ប៉ុន្តែដោយហេតុថាមានការងារសម្អាតវិទ្យុសកម្មយ៉ាងសម្បើមមិនទាន់ចប់ ដែលប្រហែលជាអាចចំណាយពេលច្រើនទសវត្សរ៍ទៀតនោះ មនុស្សតិចតួចណាស់អាចសប្បាយអបអរនៅរដូវដាច់ឆ្នាំ២០១១កន្លងទៅនេះ។
រំជួយដី និងព្យុះរលកសមុទ្រយក្ស«ស៊ូណាមិ» កាលពីនៅថ្ងៃទី១១ខែមិនាឆ្នាំ២០១១បានសម្លាប់មនុស្ស២០.០០០នាក់ក្នុងភាគខាងជើងនៃប្រទេសជប៉ុន។ គ្រោះមហន្តរាយនេះមិនត្រឹមតែបង្កឲ្យមានការរលាយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៣នៅរោងចក្រថាមពលនុយក្លេអ៊ែរតាមឆ្នេរសមុទ្រក្រុងហ្វ៊ឹគឹស្ស៊ីម៉ា-១ប៉ុណ្ណោះទេ វាក៏បានជំរុញសាជាថ្មីនូវកិច្ចពិភាក្សាអំពីហានិភ័យនៃថាមពលបរមាណូ។
ទោះបីជាគ្មាននរណាម្នាក់ស្លាប់ដោយសារប៉ះនឹងការភាយកម្តៅពីឧបទ្ទវហេតុនៅហ្វ៊ឹគឹស្ស៊ីម៉ានេះក៏ដោយ ក៏សហគមន៍ជាច្រើនត្រូវបានជម្លៀសចេញពីទីក្រុង។ សូម្បីតែអ្នកដែលរស់នៅរាប់រយគីឡូម៉ែតពីរោងចក្រនុយក្លេអ៊ែរនោះ បារម្ភពីផលប៉ះពាល់រយៈពេលវែងនៃកម្រិតវិទ្យុសកម្មខ្ពស់ជាងធម្មតា ជាពិសេសផលប៉ះពាល់លើសុខភាពកុមារ។
កង្វល់នេះត្រូវបានផ្សំជាមួយការរកឃើញនៃកម្រិតភាយវិទ្យុសកម្មលើលកម្រិតស្របច្បាប់ក្នុងដំណាំ ត្រី និងថែមទាំងទឹកដោះគោរបស់ជប៉ុន។
ទំនុកចិត្តសាធារណៈត្រូវបានរង្គោះរង្គើរចាប់ទាំងពីថ្ងៃដំបូងនៃវិបត្តិ នៅពេលអ្នកគ្រប់គ្រងរោងចក្រ ហ្វ៊ឹគឹស្ស៊ីម៉ា និងរដ្ឋាភិបាល ហាក់ដូចជាមិនបង្ហាញទាំងស្រុងនូវកម្រិតភាពធ្ងន់ធ្ងររបស់គ្រោះមហន្តរាយនេះ។
រ៉ូជឺ ខាស្សម៉រ (Roger Cashmore) គឺជាប្រធានគណៈកម្មាធិការនៃអាជ្ញាធរថាមពលបរមាណូរបស់ចក្រភពអង់គ្លេស។ អ្នករូបវិទ្យានុយក្លេអ៊ែររូបនេះ និយាយថា ការបញេ្ចញដំណឹងយឺតៗពីរដ្ឋាភិបាលក្រុងតូក្យូនិងការលាក់ទិន្នន័យសំខាន់យ៉ាងជាក់ស្តែងក្នុងអំឡុងពេលធ្ងន់ធ្ងរបំផុតនៃវិបត្តិនេះ បានធ្វើឲ្យចុះខ្សោយនូវសេចក្តីទុកចិត្ត។
«តម្លាភាពគឺជាពាក្យដែលគេចង់បាន។ អ្នកមានសមត្ថកិច្ចក្នុងរឿងនេះ ត្រូវតែបើកចំហទាំងស្រុងអំពីអ្វីទាំងអស់នេះ ហើយត្រូវធានាថា ផ្លូវកាត់(ក្នុងនីតិវិធី)ទាំងឡាយ និងអ្វីដូចគ្នានេះ មិនត្រូវបានគេអនុវត្តឡើយ។ ខ្ញុំគិតថា មនុស្សទាំងឡាយនៅពេលគិតត្រឡប់ក្រោយវិញ មានការបារម្ភខ្លាំងណាស់អំពីប្រព័ន្ធត្រួតពិនិត្យនៅក្នុងប្រទេសជប៉ុន»។
សេចក្តីបារម្ភនេះបាននាំទៅដល់ការពិនិត្យពិច័យនូវអ្វីដែលគេដាក់ឈ្មោះថា ភូមិនុយក្លេអ៊ែរ (nuclear village) របស់ជប៉ុន។ ភូមិនុយក្លេអ៊ែរនេះគឺជាសហគមន៍ស្រួលរស់នៅមួយ ដែលមានសមាសភាព អ្នកត្រួតពិនិត្យពីខាងវិស័យឧស្សាហកម្ម និងពីរដ្ឋាភិបាល ក៏ដូចជាក្រុមបណ្តាញព័ត៌មានក្រុងស្រុកដែលមិនផ្សាយរិះគន់ និងអ្នកនយោបាយមានអំណាច។
ណុប៊ឹយ៉ាស៊ឹ អាក់បិ (Nobuyasu Abe) អតីតអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនិសពា្វវុធការ ឬ ការដកហូតអាវុធ (Disarmament Affairs) នៃអង្គការសហប្រជាជាតិនិយាយថា អ្នកគាំទ្រឧស្សាហកម្មនុយក្លេអ៊ែរបាននិងកំពុងរារាំងមិនឲ្យមានការត្រួតពិនិត្យ។
«នៅក្នុងប្រទេសជប៉ុន អ្នកនយោបាយដ៏ច្រើនទទួលប្រាក់កាសសម្រាប់យុទ្ធនាការនយោបាយពីក្រុមហ៊ុនថាមពលជាច្រើន។ ពួកគេប្រហែលជាទទួលឥទ្ធិពល ឬប្រហែលជាស្ទាក់ស្ទើរក្នុងការរិះគន់»។
អតីតរដ្ឋមន្រ្តីការបរទេសនិងបរិស្ថានម្នាក់របស់ប្រទេសជប៉ុនកំពុងតែរិះគន់របៀបដែលរដ្ឋាភិបាលដោះស្រាយវបត្តិនេះក្នុងរយៈពេល៩ខែកន្លងមកនេះ។ ក៏ប៉ុន្តែ លោកស្រី យ៉ុរិកុ កាវ៉ាហ្គឹឈិ (Yoriko Kawaguchi) នៃក្រុមអភិរក្សប្រឆាំង និងជាអ្នកតាក់តែងច្បាប់ពីរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (Liberal Democratic Party) និយាយថា រដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យមិនត្រូវបណ្តោយឲ្យក្រុមហ៊ុនថាមពលអេឡិចត្រូនិកតូក្យូ (Tokyo Electric Power Company) ឬ TEPCO ក្ស័យធន(បិទ)ក្នុងពេលវិបត្តិមួយនេះទេ។
«វាប្រាកដណាស់ថា ទីបំផុត យើងនឹងឆ្លងផុតវិបត្តិនេះ។ យើងនឹងគ្រប់គ្រងស្ថានការណ៍បាន។ ក្រុមហ៊ុន TEPCO ស្ទើរតែក្ស័យធន ហើយរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុទាំងឡាយកំពុងធ្វើការជួយសង្គ្រោះ។ យើងគ្មានជម្រើសណាផ្សេងទៀតក្រៅពីអនុញ្ញាតិឲ្យក្រមហ៊ុន TEPCO បន្តមានដំណើរការ និងធ្វើការរបស់វា ដោយមិនខ្វល់ថាត្រូវចំណាយពេលវែងយ៉ាងណា»។
ម៉ាស៊ីនរ៉េអាក់ទ័ររបស់ជប៉ុនប្រមាណជា៨០ភាគរយ គឺស្ថិតក្នុងភាពមិនដំណើរការក្នុងពេលនេះ ភាគច្រើនដើម្បីឲ្យគេពិនិត្យអំពីសុវត្ថិភាព។
កត្តានេះ ព្រមជាមួយកត្តាតម្លៃនៃការផលិតកើនឡើង និងតម្រូវការអគ្គីសនីថយចុះ (ក៏ប៉ុន្តែប្រទេសចិនជាករណីលើកលែង) បានធ្វើឲ្យផលិតកម្មថាមពលនុយក្លេអ៊ែរទូទាំងសាកលលោកធ្លាក់ចុះក្នុងឆ្នាំនេះ នេះបើយោងតាមវិទ្យាស្ថានឃ្លាំមើលពិភពលោក (Worldwatch Institute)។
លោកស្រី កាវ៉ាហ្គឹឈិ និយាយថា ដើម្បីរក្សានូវការលូតលាស់ផ្នែកសេដ្ឋកិច្ច រដ្ឋាភិបាលប្រទេសជប៉ុនត្រូវតែកសាងឡើងវិញនូវទំនុកចិត្តសាធារណៈ ដែលរលាយបាត់ទៅនៅក្រោយការខូចខាតនៃម៉ាស៊ីនរ៉េអាក់ទ័រ។ ហើយកិច្ចការកសាងទំនុកចិត្តនេះ ក៏អាចក្លាយជាការងារមួយដែលចំណាយពេលច្រើនទសវត្សទៀតដើម្បីសម្រេចបានជោគជ័យ៕
ប្រែសម្រួលដោយ ចាប ចិត្រា