រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Toshimitsu Motegi) នៅថ្ងៃសុក្រនេះ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្រ្តីការបរទេសជប៉ុន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ហើយលោកនឹងជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ រដ្ឋមន្រ្តីការបរទេសជប៉ុនក៏នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន អំពីបញ្ហាទ្វេភាគី និងពហុភាគី។ ប៉ុន្តែក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ប្រធានបទនោះទេ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ «នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩»។
នៅមុនដំណើរទស្សនកិច្ចនេះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញឲ្យរដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ លើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសផ្សេង ដែលលោកទៅបំពេញទស្សនកិច្ច រួមមានប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា។
អង្គការសិទ្ធិមនុស្សនោះលើកឡើងថា៖ «រដ្ឋឯកបក្សរបស់ប្រទេសកម្ពុជាកំពុងតែបង្កើនការបង្រ្កាបទៅលើសកម្មជន អ្នកសារព័ត៌មាន និងគណបក្សនយោបាយប្រឆាំង»។
នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មានការផ្សព្វផ្សាយអំពីសាររបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដែលបានក្លាយជារដ្ឋមន្រ្តីការបរទេសជប៉ុន ជិត១ឆ្នាំមកហើយ។
លោកបានសរសេរថា លោកធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយដែលក្នុងនោះកាលពីឆ្នាំ ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម។ លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា៖ «ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង»។
លោកបន្ថែមថា៖ «ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ ហើយពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅថែមទៀត»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលជប៉ុនមានគោលនយោបាយការបរទេសជួយដល់ប្រទេសដទៃ ដោយផ្តោតលើការអភិវឌ្ឍជាធំ គោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។
លោក ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរថា កាលពីខែកុម្ភៈ លោកបានដឹកនាំប្រតិភូយុវជននយោបាយពីគណបក្សនយោបាយចម្រុះនៅកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបរដ្ឋមន្រ្តីការបរទេសរូបនោះផងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះការដែលក្រុមណាមួយព្យាយាមស្នើសុំឲ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាសជាក់ជាមិនខាន»៕