ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ សុំ​កូរ៉េខាងត្បូង​ជួយ​សាងសង់​ស្ពាន​មិត្តភាព


រូបឯកសារ៖ លោក Moon Jae-in (ឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ស្នើសុំ​ទៅ​កាន់​លោក ផាក ហ៊ឹងឃ្យុង ​(Park Heung-Kyeong)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ជួយ​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ពី​សង្កាត់ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ទៅកាន់​ឃុំស្វាយជ្រុំ ខេត្ត​កណ្តាល។​

នៅ​ក្នុង​ពិធីបើក​ការ​ដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវលេខ២និងលេខ​២២​លោក ហ៊ុន​ សែន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​នោះ​ថា​តំបន់​ស្វាយ​ជ្រុំ​និង​អរិយក្សត្រ​កំពុង​ក្លាយ​ជា​ទីក្រុង​រណប​ថ្មី​មួយ ដូច្នេះ​តម្រូវ​ការ​ស្ពាន​ដែល​ចាំបាច់​យ៉ាង​ខ្លាំង ហើយ​កម្ពុជា​មិន​ទាន់​មាន​ស្ពាន​មិត្តភាព​រវាង​កម្ពុជា​និង​កូរ៉េ​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​កម្ពុជា​មាន​ស្ពាន​មិត្ត​ភាព​ជប៉ុន​កម្ពុជា​ហើយ មាន​ស្ពាន​មិត្តភាព​ចិន​កម្ពុជា​ហើយ ក៏ប៉ុន្តែ​វា​នៅ​ខ្វះស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ»។

លោក​បន្ត​ថា៖ «អ៊ីចឹង​ខ្ញុំ​បាន​ស្នើ​ឲ្យ​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ មូន ជេអ៊ីន ពិចារណា​ជួយកសាង​ស្ពាន​នៅកន្លែង​ណា​មួយ ហើយ​បើយើង​គ្រោង​ទុក គឺ​ស្ពាន​តភ្ជាប់​ជ្រោយ​ចង្វារ​ទៅ​ស្វាយជ្រុំ​របស់​ខេត្ត​កណ្តាល ទៅ​ស្វាយជ្រុំ ម្តុំត្រង់​ហ្នឹង»។

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ស្នើ​ដូចគ្នា​នេះ​ទៅកាន់​ប្រធានាធិបតីសាធារណរដ្ឋ​កូរ៉េ លោក មូន ជេអ៊ីន​ អំឡុង​ទស្សនកិច្ច​របស់​លោក​កាលពី​សប្តាហ៍​មុន។ លោ​ក​បាន​បន្ត​ថាការ​ចម្លង​អ្នក​ដំណើរ​តាម​ទូក​ដរ​ឬ​សាឡាង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គួរតែ​បញ្ចប់។

«យើង​ចង់​បញ្ចប់​ស្ថានភាព​នៃ​ការ​ឆ្លង​នៅ​ក្បែរៗ​ក្រុង​របស់​យើង មិន​ចាំ​បាច់​មាន​សាឡាង​ឬ​ទូកដរ​ថែម​ទៀត​ទេ»។

លោក ​វ៉ាស៊ឹម​ សូរិយា ​អ្នក​នាំពាក្យ​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃអង្គារ​នេះ​ថា ក្រសួង​មិនទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ថា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ពី​សង្កាត់​ជ្រោយ​ចង្វារ​ទៅកាន់​ឃុំ​ស្វាយជ្រុំ​នេះ​ នឹង​ចាប់​ផ្តើម​ពេល​ណា​នោះ​ទេ​ ដោយសារ​គម្រោង​សាងសង់​នេះ​ត្រូវ​ការ​ការ​សិក្សា​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​កន្លះ​បន្ថែម​ទៀត។

«យើង​អត់​ទាន់​មាន​គម្រោង​ណា​ឲ្យ​ច្បាស់​ថា​ចាប់ផ្តើម​សាងសង់​ពេល​ណា​ទេ ព្រោះ​ត្រូវ​ការ​សិក្សា​សិន»។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​កាន់​ឃុំ​ស្វាយជ្រុំ​ក្នុង​ខេត្ត​កណ្តាល​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក្រុម​ហ៊ុន​ឯកជន​ចិន​បាន​សិក្សា​ពី​គម្រោង​សាងសង់​នេះ​ប៉ុន្តែ​ផ្អាក​ទៅវិញ​ដោយសារ​តែ​រក​ឃើញ​ថា​អស់​ការ​ចំណាយ​ច្រើន។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន។

«កន្លង​មក​យើង​មាន​ការ​សិក្សា​ប៉ុន្តែ​ការ​សិក្សា​របស់​ក្រុមហ៊ុន​ចិន បន្ទាប់​មក​ការ​សិក្សា​របស់​ចិន អ៊ីចឹង​ទៅ​ណា។ តែ​អត់ទាន់​មាន​ការ​សិក្សា​របស់​កូរ៉េ​ទេ អ៊ីចឹង​បើ​យើង​សុំ​ទៅកូរ៉េ​ទាល់តែ​កូរ៉េ​ខ្លួនឯង​ជា​អ្នក​សិក្សា»។

បើ​យោង​តាម​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ កញ្ចប់​ថវិកា​ជំនួយ​របស់​កូរ៉េ​ខាងត្បូង​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ ​ដល់​ ២០២៣ ​គឺ​មាន​ចំនួន​ ៧០០​លាន​ដុល្លារ​អាមេរិក។ ហើយ​គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ពី​សង្កាត់​ជ្រោយចង្វារ​ទៅកាន់​ឃុំ​ស្វាយជ្រុំ​នៃ​ខេត្ត​កណ្តាល​អាច​នឹង​ត្រូវ​ចំណាយ​អស់​ពី ​៤០ ទៅ​៥០លាន​ដុល្លារ​អាមេរិក។

លោក ​វ៉ាស៊ឹម សូរិយា បញ្ជាក់​ថា​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ស្ពាន​មួយ​នេះ​មាន​កម្រិត ដោយសារតែ​ភាគី​កូរ៉េ​មិន​អាច​ផ្តល់ជា​ជំនួយ​ឥត​សំណង​សុទ្ធ​បាន​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG