កូនប្រពន្ធ និងអ្នកគាំទ្ររបស់សកម្មជននយោបាយគណបក្សសង្គ្រោះជាតិជាង៤០នាក់ នៅថ្ងៃសុក្រនេះបានចេញមកតវ៉ាជាថ្មីទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង និងទម្លាក់បទចោទប្រកាន់លើសកម្មជនចំនួន១៥នាក់របស់គណបក្សប្រឆាំងនេះ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្នុងទីក្រុងភ្នំពេញ។
ក្រុមសកម្មជនដែលភាគច្រើនជាអតីតក្រុមប្រឹក្សា និងមន្ត្រីថ្នាក់ឃុំសង្កាត់គណបក្សសង្គ្រោះជាតិទាំង១៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី និងត្រូវបានចាប់ឃុំខ្លួន ដោយសារការអត្ថាធិប្បាយ និងចែករំលែកព័ត៌មានទាក់ទិនស្ថានភាពសេដ្ឋកិច្ចប្រទេស និងវិបត្តិជំងឺឆ្លងកូវីដ១៩ និងគម្រោងរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលប៉ុនប៉ងចូលមកប្រទេសកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងការតវ៉ាលើកទីប្រាំមួយនេះ ក្រុមអ្នកតវ៉ា បានរងការបង្ក្រាបពីកងសន្តិសុខខណ្ឌ៧មករា ដែលមានគ្នាជិត២០នាក់ នៅពេលក្រុមអ្នកតវ៉ាដែលសុទ្ធតែជាស្ត្រី បានឆ្លងផ្លូវពីមុខរបងពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅអង្គុយ ដេកដួល និងឈរតវ៉ានៅមុខច្រកទា្វរចូលតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងសាច់ញាតិរបស់ពួកគាត់។ កងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ៧មករា បានចាប់អូសទាញក្រុមអ្នកតវ៉ា បង្កឲ្យអ្នកតវ៉ាមួយចំនួនដាច់រលាត់ស្បែកលើខ្នងដៃ។ អ្នកតវ៉ាមួយចំនួន ក៏ត្រូវកងសន្តិសុខ ចាប់លើកសែងចេញពីមុខច្រកទ្វារតុលាការក្រុងភ្នំពេញ យកទៅដាក់នៅមុខរបងពហុកីឡាដ្ឋានជាតិអូឡាំពិកវិញ។
អ្នកស្រី នួន នឿន ជាអ្នកតវ៉ាទាមទារឲ្យដោះលែងសកម្មជនគណបក្សប្រឆាំងមួយរូបនៅខេត្តបាត់ដំបង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានចាត់ទុកសកម្មភាពបង្ក្រាបរបស់កងសន្តិសុខមកលើក្រុមអ្នកតវ៉ាថា ជាការប្រើប្រាស់អំពើហិង្សាមកលើស្ត្រីទន់ខ្សោយ។ ខ្នងដៃខាងស្តាំរបស់ស្ត្រីអ្នកតវ៉ារូបនេះ បានរងរបួសស្រាល បន្ទាប់ពីការអូសទាញរបស់ក្រុមកងសន្តិសុខ។
«អាជ្ញាធរស្រុកខ្មែរនេះ គាត់ជាអាជ្ញាធរបែបណា? ហេតុអីក៏ព្រៃផ្សៃយ៉ាងនេះ? ធ្វើបាបតែស្រ្តីទន់ខ្សោយ គ្មានអាវុធ នៅក្នុងដៃ ទាមទារតែ តែឲ្យដោះលែង អ្នកទោសនយោបាយប៉ុណ្ណឹងសោះ។ សួរថាធ្ងន់ប៉ុណ្ណា? ពិបាកប៉ុណ្ណា?វាខុសច្បាប់នូវមាត្រាណា?ហេតុអី ក៏ពួកគាត់មិនប្រាប់ពួកខ្ញុំ? បានចាំបាច់មកធ្វើអូសទាញពួកខ្ញុំយ៉ាងនេះ? តើស្រុកខ្មែរយើងមានយុត្តិធម៌ទេ?»។
កញ្ញា ឡាយ រតនា អាយុ២១ឆ្នាំ កូនស្រីបង្កើតរបស់លោក ឡោះ ឆេងឡាយ អាយុ៥៣ឆ្នាំ អតីតប្រធានប្រតិបត្តិស្រុកបវិល ខេត្តបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានប្រាប់វីអូអេ នៅមុខសាលាដំបូងរាជធានីភ្នំពេញថាឪពុករបស់កញ្ញា មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយនោះទេ ហើយការចាប់ខ្លួនឪពុករបស់ខ្លួន ត្រូវបានធ្វើឡើងដោយគ្មានដីកាតុលាការផងដែរ។ កញ្ញា តវ៉ាសុំឲ្យតុលាការដោះលែងឪពុករបស់នាង ដោយសារគាត់ជាបង្គោលនៅក្នុងគ្រួសារ។ កញ្ញាក៏បារម្ភថា ឪពុករបស់កញ្ញាអាចមានជំងឺនៅក្នុងពន្ធនាគារ។
«ទៅចាប់គាត់ហ្នឹងគាត់អត់មានទោសអីទេ។ នៅសុខៗ នៅធ្វើតែចម្ការសោះ សុខៗទៅបើកឡាន ទៅចាប់គាត់ហើយក៏គ្មានដីកាអី។ អត់មានយកអីទៅ! អត់មានភស្តុតាងអីទេ! សុខៗទៅចាប់គាត់ដាក់ឡានមកហ្មង»។
លោក អ៊ី រិន អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនផ្តល់ការអត្ថាធិប្បាយ។ ចំណែកលោក លឹម សុភា អភិបាលខណ្ឌ៧មករា ក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយនិយាយថា លោកជាប់ប្រជុំ។
«ខ្ញុំជាប់ប្រជុំបង! សុំទោសបង! ហ្នឹងហើយខ្ញុំសុំជាប់ប្រជុំ បងប្រជុំ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា លោកមិនបានឃើញហេតុការណ៍រុញច្រានរវាងក្រុមអ្នកតវ៉ា និងកងសន្តិសុខនោះទេ។ ក៏ប៉ុន្តែ លោកយល់ឃើញថា ការរុញច្រាននេះ មិនមែនអំពើហិង្សាទេ។
«គ្រាន់តែទាញរុញវាមិនមែនប្រាកដថា អំពើហិង្សានោះទេអូន! ការទាញ ការរុញ ការទប់នោះ វាបើគ្មាន...បើហៅអត់ចេញមកគេសំណូមពរចេញមកហ្អេ៎ ! ហើយអ៊ីចឹងជួនកាលវាអាច ទាញរុញគ្នាខ្លះហើយ អាហ្នឹងបង... បងជឿថា អាចថា អ៊ីចឹងនែ! ប៉ុន្តែឲ្យ ...ឲ្យបងថា យល់យ៉ាងម៉េច? បើមិនដឹងថាសកម្មភាពទាំងសងខាងម៉េច! បងអត់យល់កើតណា!»។
យ៉ាងណាក៏ដោយ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការចាប់រុញច្រាន និងលើកសែងដែលបង្កដោយកងសន្តិសុខមកលើហ្វូងអ្នកតវ៉ានោះ គឺជាអំពើហិង្សា ដែលអាចធ្វើឲ្យខូចមុខមាត់របស់រដ្ឋាភិបាល។
ក្រោយការតវ៉ានៅមុខតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកតវ៉ាដែលមានទាំងក្មេងបុ្រសស្រីផងនោះ បានដើរពីតុលាការក្រុងភ្នំពេញយកញត្តិទៅដាក់នៅស្ថានទូតចក្រភពអង់គ្លេស ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងសកម្មជននយោបាយបក្សប្រឆាំង ដែលកំពុងជាប់ឃុំ។ តំណាងអ្នកតវ៉ាដែលជាស្ត្រីចំនួនប្រាំមួយរូប ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងស្ថានទូត។
ក្រោយការជួបមន្ត្រីស្ថានទូតជិតពីរម៉ោង អ្នកស្រីសុខ បូលីម៉ា អាយុ៥០ឆ្នាំ ជាភរិយាលោក ឃឹម ភាណា អាយុ៥៤ឆ្នាំ អតីតចៅសង្កាត់ផ្សារដេប៉ូIII ក្នុងខណ្ឌទួលគោក បានប្រាប់ក្រុមអ្នកកាសែតថា មន្ត្រីស្ថានទូតអង់គេ្លស នឹងធ្វើការកោះប្រជុំជាមួយតំណាងស្ថានទូតជាច្រើនទៀត ដែលបានទទួលញត្តិពីក្រុមអ្នកតវ៉ា ដើម្បីពិភាក្សារកដំណោះស្រាយ។ អ្នកស្រីបន្ថែមថា ការតវ៉ា ដែលធ្វើឡើងនៅថ្ងៃសុក្រនេះ ក៏មានការសុំឲ្យដោះលែងសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ទៀតផងដែរ។ក្នុងនោះ មានអតីតចៅសង្កាត់ប៉ោយប៉ែតលោក ចៅ វាសនា ដែលបានជាប់ឃុំតាំងពីឆ្នាំ២០១៦ មកនោះ។
ស្ថានទូតចក្រភពអង់គ្លេសមិនទាន់ឆ្លើយតបសំណួររបស់វីអូអេ ដែលបានផ្ញើតាមសារអេឡិចត្រូនិកអ៊ីម៉េលនៅថ្ងៃសុក្រនេះទេ។
នៅក្នុងការតវ៉ាទាំងប្រាំមួយលើកជាប់គ្នាៗនេះ ប្រពន្ធកូនរបស់សកម្មជននយោបាយគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានដាក់ញត្តិទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងស្ថានទូតប្រទេស និងសហគមន៍ប្រជាធិបតេយ្យចំនួនប្រាំ ដែលរួមមានស្ថានទូតសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងចុងក្រោយនេះ គឺស្ថានទូតចក្រភពអង់គ្លេស។ ក្រុមអ្នកតវ៉ា គ្រោងនឹងទៅដាក់ញត្តិនៅស្ថានទូតប្រទេសស៊ុយអែតនៅសប្តាហ៍ខាងមុខនេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌យល់ថា ការដាក់ញត្តិទៅកាន់សហគមន៍អន្តរជាតិបែបនេះ គឺជាការឥតប្រយោជន៍ ព្រោះថា សហគមន៍អន្តរជាតិមិនអាចដាក់សម្ពាធ ឬ ក៏បង្គាប់បញ្ជាតុលាការរបស់កម្ពុជាឲ្យធ្វើអ្វីទៅតាមខ្លួនចង់បាននោះឡើយ៕