ក្រុមអ្នកជំនាញខាងការបោះឆ្នោតមកពីប្រទេសជប៉ុនដែលដឹកនាំដោយលោក Tadayuki Miyashita នៅថ្ងៃពុធស្អែកនេះគ្រោងនឹងដឹកនាំគណៈប្រតិភូមួយក្រុមចូលជួបជាមួយនឹងតំណាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដើម្បីបង្ហាញរបាយការណ៍អំពីវិធីសាស្ត្រក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាដែលធ្លាប់ទទួលរងការចោទប្រកាន់ថាមិនឯករាជ្យនិងលម្អៀងទៅរកគណបក្សគ្រប់គ្រងអំណាច។
ក្រុមអ្នកជំនាញនេះគ្រោងនឹងជួបជាមួយលោកកឹម សុខា អនុប្រធានសភាទី១នៃរដ្ឋសភានិងជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅឯមន្ទីររដ្ឋសភាហើយនឹងមានជំនួបដាច់ដោយឡែកមួយផ្សេងទៀតជាមួយនឹងក្រុមការងារមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាជំនួបនេះដំបូងឡើយមានការស្តាប់របាយការណ៍របស់ក្រុមអ្នកជំនាញមកពីប្រទេសជប៉ុនដែលបានរកឃើញអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតរយៈពេលកន្លងមកនេះ។
លោកមានប្រសាសន៍ថាយើងចង់ឱ្យប្រទេសជប៉ុនផ្តល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីរៀបចំស្ថាប័នបោះឆ្នោតមួយឱ្យប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ដើម្បីចៀសវាងកុំឱ្យមានភាពមិនប្រក្រតីដូចការបោះឆ្នោតកន្លងទៅ។
លោកនិយាយថា៖«យើងចង់ឱ្យការបោះឆ្នោតមួយរលូនដូចបណ្តាប្រទេសអ្នកលទ្ធិប្រជាធិបតេយ្យដែលបានធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ការបោះឆ្នោតដែលឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋ និងដើម្បីឱ្យបានមេដឹកនាំមួយដែលឆ្លុះបញ្ជាក់ពីឆន្ទៈប្រជារាស្ត្រនិងរៀបចំប្រទេសឱ្យបានល្អ»។
កាលពីកំឡុងដើមឆ្នាំនេះក្រុមតាមដានមកពីប្រទេសជប៉ុនបានមកប្រទេសកម្ពុជាម្តងដើម្បីសិក្សារកវិធីសាស្ត្រក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
មន្ត្រីក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជាដែលរួមមានលោក ព្រំ សុខា និង លោក សក់ សេដ្ឋាមិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
គម្រោងជំនួបរវាងក្រុមតាមដានមកពីប្រទេសជប៉ុនជាមួយនឹងគណបក្សដែលមានអសនៈក្នុងរដ្ឋសភាបានធ្វើឡើងបន្ទាប់ពីក្រុមការងារមកពីគណបក្សទាំងពីរកាលពីថ្ងៃច័ន្ទបានបន្តពិភាក្សាគ្នាពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់បោះឆ្នោត។
គណបក្សទាំងពីមិនទាន់បានឯកភាពគ្នានៅឡើយពាក់ព័ន្ធនឹងសមាសភាព អគ្គលេខាធិការនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះខុមហ្វ្រែលមានប្រសាសន៍ថាប្រទេសជប៉ុនអាចនឹងធានាឱ្យមានការបោះឆ្នោតនាពេលខាងមុខនេះមានលក្ខណៈកាន់តែប្រសើរឡើង។
លោកនិយាយថា៖«នេះជាសញ្ញាវិជ្ជមានមួយអំពីសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាល ភាគីជប៉ុនគេបានជួយពិនិត្យមើលហើយនឹងផ្តល់យោបល់មតិ ហើយនឹងមានការគាំទ្រជាបច្ចេកទេសឬក៏ហិរញ្ញវត្ថុទៅដល់ការងារ ការអនុវត្តន៍កំណែទម្រង់ការបោះឆ្នោតនេះ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់ អណត្តិទី៥កាលពីខែកក្កដាឆ្នាំ២០១៣បាន បន្សល់ទុកភាពចម្រូងចម្រាសជាច្រើនដោយសារគណបក្សសង្គ្រោះជាតិដែល ជាគណបក្សប្រឆាំងបានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ជាច្រើន។
គណបក្សនេះបានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មាននិន្នាការទៅរកគណបក្សគ្រប់គ្រងអំណាចនិងថាបានជួយរៀបចំនីតិវិធី កេងបន្លំសន្លឹកឆ្នោតយ៉ាងស្របច្បាប់។
ក្រោយមកគណបក្សប្រឆាំងនិងសហគមន៍អន្តរជាតិក៏បានជំរុញឲ្យមាន ការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និង នីតិវិធីនៃការបោះឆ្នោតដើម្បីធានាដល់ការរៀបចំការបោះឆ្នោតមួយដែល អាចទទួលយកបាននៅពេលខាងមុខ៕