ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ស្វាគមន៍​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក Hideki Matsuyama នៅ​ក្នុង​ការ​ប្រកួត​កីឡា​វាយ​កូនគោល The Masters


លោក Yasuhiko Abe ដែល​ជា​គ្រូបង្វឹក​លោក Hideki Matsuyama ក្នុង​អំឡុងពេល​លោក​​រៀន​នៅ​​សាកលវិទ្យាល័យ Tohoku Fukushi កាន់​កាសែត​ ដែល​ចុះផ្សាយ​អំពី​ជ័យជម្នះ​របស់លោក​ Matsuyama ខណៈ​ដែល​លោក​ថ្លែង​សន្និសីទ​កាសែត​នៅ​ក្រុង Sendai ប្រទេស​ជប៉ុន ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
លោក Yasuhiko Abe ដែល​ជា​គ្រូបង្វឹក​លោក Hideki Matsuyama ក្នុង​អំឡុងពេល​លោក​​រៀន​នៅ​​សាកលវិទ្យាល័យ Tohoku Fukushi កាន់​កាសែត​ ដែល​ចុះផ្សាយ​អំពី​ជ័យជម្នះ​របស់លោក​ Matsuyama ខណៈ​ដែល​លោក​ថ្លែង​សន្និសីទ​កាសែត​នៅ​ក្រុង Sendai ប្រទេស​ជប៉ុន ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga បាន​ថ្លែង​ថា ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ជនរួម​ជាតិ​របស់​លោក​គឺ​លោក Hideki Matsuyama នៅ​ឯ​ការ​ប្រកួត​កីឡា​វាយ​កូនគោល The Masters ​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​រឿង​«ដ៏​អស្ចារ្យ»។

លោក Matsuyama អាយុ ២៩ ឆ្នាំ បាន​ក្លាយ​ជា​កីឡាករ​វាយ​កូនគោល​កំណើត​អាស៊ី​ដំបូង និង​ជា​ជនជាតិ​ជប៉ុន​ដំបូង​បំផុត ដែល​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ល្បីល្បាញ​នៅ​ក្លឹប Augusta National Golf Club ក្នុង​រដ្ឋ Georgia សហរដ្ឋ​អាមេរិក។ លោក Matsuyama បាន​យក​ឈ្នះ​កីឡាករ​អាមេរិក​លោក Will Zalatoris។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga ថ្លែង​ថា ការណ៍​ដែលជប៉ុន​កំពុងប្រឈម​យ៉ាង​លំបាក​ចំពោះ​វិបត្តិជំងឺ​រាតត្បាត​កូវីដ១៩ ធ្វើ​ឱ្យ​ជ័យជម្នះ​របស់​លោក Matsuyama កាន់​តែ​មាន​អត្ថន័យ​ថែម​ទៀត ដោយ​ផ្តល់​ដល់​ពលរដ្ឋ​ជប៉ុននូវ​ «ភាព​ក្លាហាន​និង​កម្លាំង​ជំរុញ​ចិត្ត»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុនបាន​សរសេរ​សារ​តាម​បណ្តាញ​ Twitter ដោយ​មាន​ភា្ជប់​វីដេអូបង្ហាញ​លោក Matsuyama លើក​ដៃ​សងខាង​អបអរ​និង​ពាក់​អាវពណ៌​បៃតងសម្រាប់​ជ័យជម្នះ​នោះ​ថា៖ «សូម​អបអរសាទរ​ចំពោះ​លោក Hideki Matsuyma ដែល​ជា​កីឡាករ​វាយ​កូនគោល​ដំបូង​របស់​ជប៉ុន​ដែល​បាន​ឈ្នះ​ The Masters ដែល​ជា​ការ​ប្រកួត​កីឡា​វាយកូនគោល​ដ៏​អស្ចារ្យ​បំផុត​របស់​សហរដ្ឋ​អាមេរិក!»

នៅ​ពេល​ត្រូវ​បាន​គេសួរ លោក Matsuyama មិន​ព្រម​ទទួល​ថា​លោក​ជា​កីឡាករ​វាយ​កូនគោល​ដ៏​អស្ចារ្យ​ជាង​គេ​របស់​ជប៉ុន​នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​ជា​អ្នក​ទី​១​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ធំ​មួយ ហើយ​បើ​នេះ​ជា​លក្ខខណ្ឌ​នោះ​ គឺ​ខ្ញុំ​បាន​សម្រេច​វា​ហើយ»។

ជ័យជម្នះ​របស់​លោក Matsuyama ជា​ជ័យជម្នះ​ទី​២​របស់​កីឡាករ​វាយ​កូន​គោលជប៉ុននៅ​ក្នុង​ការ​ប្រកួត​នៅ​ក្លឹប Augusta នៅ​ខែ​នេះ។ កាល​ពី​សប្តាហ៍​មុន កីឡាការិនី​ជប៉ុន អ្នកស្រី Tsubasa Kajitani បាន​ឈ្នះនៅ​ការ​ប្រកួត​កីឡាករ​មិន​អាជីព​ ​ Augusta National Women’s Amateur។ លោក Matsuyama ផ្ទាល់​ក៏​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជា​កីឡាករ​មិន​អាជីព​នៅ The Masters កាល​ពី​មួយ​ទសវត្សរ៍​មុន​ដែរ។

កន្លង​មក​មាន​ស្ត្រី​ជប៉ុន​ពីរ​រូប​ហើយ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​កីឡា​វាយកូនគោល​ធំៗ ដែល​រួម​មាន អ្នកស្រី Chako Higuchi ដែល​បានឈ្នះ​ការ​ប្រកួត PGA Championship នៅ​ឆ្នាំ​១៩៧៧ និង​អ្នកស្រី Hinako Shibuno ដែល​បាន​ឈ្នះ​ការ​ប្រកួត​របស់​អង់គ្លេស​ Women’s British Open នៅ​ឆ្នាំ​២០១៩៕

ប្រែសម្រួល​ដោយ​លោក សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG