ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​២០​នាក់​ត្រូវ​តុលាការ​កោះ​ហៅ​ដោយ​សង្ស័យ​ថា​ បំពាន​សាល​ដីកា​រំលាយ​បក្ស​សង្រ្គោះ​ជាតិ


រូបឯកសារ៖ បុរសម្នាក់ជិះម៉ូតូកាត់ទីស្នាក់ការគណបក្ស​សង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរសម្នាក់ជិះម៉ូតូកាត់ទីស្នាក់ការគណបក្ស​សង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

រហូត​មក​ដល់​ពេល​នេះ អតីត​មន្រ្តី​និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​យ៉ាង​តិច​២០នាក់ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​ក្នុង​នាម​ជា​«ជន​សង្ស័យ» ពាក់ព័ន្ធ​នឹង​ការ​បំពាន​សាល​ដីកា​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៧។

អតីត​មន្រ្តី និង​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​យ៉ាង​តិច​ ២០ ​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា«​ជន​សង្ស័យ» ពាក់​ព័ន្ធ​នឹង​ការបំពាន​សាល​ដីកា​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​ ២០១៧។

គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ អាមេរិក​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

មន្រ្តី​ទាំង​នោះ រួម​មាន​អតីត​មេឃុំ​ចៅ​សង្កាត់​របស់​បក្ស​ប្រឆាំង ក្រុមប្រឹក្សា​ស្រុក​និង​សកម្មជន​មួយ​ចំនួន​ទៀត​ដែល​បាន​បាត់​បង់​តំណែង ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ។ បើ​យោង​តាម​ដីកា​ចំនួន​ ២០​ ដែល​ VOA​ ទទួល​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ថ្ងៃទី​៩ ទី​១៦ ទី​១៧ និង​ទី២១ ខែ​ឧសភា ។ ដីកា​ទាំង​អស់​នោះ​បញ្ជាក់​ថា ពួកគេ​ត្រូវ​តុលាការ​កោះ​ហៅ​ជា​«ជន​សង្ស័យ» ក្នុង​ដំណើរ​រឿង ​«បំពាន​សាល​ដីកា​តុលាការ​កំពូល»។

លោក ផាន់ រ៉េត អាយុ​ ៦៥ ​ឆ្នាំ អតីត​ចៅ​សង្កាត់​រង​នៃ​សង្កាត់​ក្តុល​ដូន​ទាវ ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា វេលា​ម៉ោង​២​រសៀល។ លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ ប៉ុន្តែ​លោកចាត់​ទុក​ដីកា​នេះ គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​លោក​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ តាម​ទូរស័ព្ទ​ថា៖ «អាហ្នឹង​ជា​ការ​គំរាម​កំហែង​សារថ្មី​ម្តង​ទៀត។ ដាក់​បន្ទុក​ធ្ងន់​មក​លើ»។

លោក​បន្ត​ថា ការ​ប្រកាស​គាំទ្រ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ និង​ការ​ប្រកាស​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បើ​ទោះ​ជា​គណបក្ស​ត្រូវ​បាន​រំលាយ​ចោល គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ​រូប​លោក​និង​សហការី​ ២០​ នាក់​ទៀត ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ដូច​គ្នា។ លោក​បញ្ជាក់​ថា លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា។

លោក ជា ជីវ ដែល​ធ្លាប់​ជាសមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់​ដំបង បាន​ចោទ​តុលាការ​ថា​ធ្វើ​តាម​បញ្ជា​របស់​អ្នក​នយោបាយ ដែល​លោក​សំដៅ​ទៅ​លើ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «វា​ជា​រឿង​អយុត្តិធម៌ ហើយ​តុលាការ​ធ្វើ​ទៅ​តាម​អំណាច​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ ព្រោះ​តុលាការ​ស្ថិត​នៅ​ក្រោម​បញ្ជា​អ្នក​នយោបាយ»។

លោក​បន្ថែម​ថា៖ «ព្រោះ​ដីកា​នេះ បើ​សិន​ជា​យើង​យល់​ថា វា​ជា​ការ​គំរាម បំបិទ​សិទ្ធិ និង​បំភ័យ ហើយ​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ក្នុង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ»។

រូបឯកសារ៖ កងសន្តិសុខត្បាតជុំវិញបរិវេណតុលាការកំពូល ក្នុងអំឡុងសវនាការស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ កងសន្តិសុខត្បាតជុំវិញបរិវេណតុលាការកំពូល ក្នុងអំឡុងសវនាការស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ជា ជីវ អាយុ​ ៣៩ ​ឆ្នាំ ជាមន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ក្នុង​ចំណោម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង ​១១៨ ​នាក់ ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ ក្រោយ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ។ លោក​ចាត់​ទុក​ការកាត់​សិទ្ធិ​នយោបាយ​នេះ គឺ​ជា​ការ​បំបាក់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ខេត្ត ដូច​ជា​រូប​លោក។

ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ លោក ជា ជីវ មាន​ប្រសាសន៍​ថា រូប​លោក​និង​សកម្មជន​ផ្សេង​ទៀត ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​កម្លាំង​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​តាម​ដាន​ជា​បន្ត​បន្ទាប់។ ពួកគេ​មួយ​ចំនួន​ក៏​ត្រូវ​បាន​នគរបាល​នៅ​តាម​ឃុំ​សង្កាត់ កោះ​ហៅ​សាកសួរ ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្តុំ​ណាមួយ ឬ​ក៏​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​លោក សម រង្ស៊ី និង​គណបក្ស​សង្រ្គោះ​ជាតិ។

អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​បាត់​ដំបង លោកស្រី ទៀង សំបូរ មាន​ប្រសាសន៍​ថា លោកស្រី​មិន​បាន​ដឹង​អំពី​ការ​ចេញ​ដីកា​នេះ​នោះ​ទេ ព្រោះ​លោកស្រី​រវល់​នៅ​ភ្នំពេញ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​បាន​ដឹង រវល់​ជាប់​សិក្ខា​សាលា​នៅ​ភ្នំពេញ»។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​មួយ​រូប​ទៀត លោក ហេង លុយ បាន​នៅ​ឡើយ​ទេ។

លោក ​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ តែង​តែ​ព្យាយាម​បង្ក្រាប​សកម្មជន​គណបក្ស​ប្រឆាំង ដោយ​លោក​បញ្ជាក់​ថា «លោក​ ហ៊ុន សែន​ ដឹង​ថា​គណបក្ស​សង្គ្រោះជាតិ​ គឺជា​ឧបសគ្គ​នៃ​អំណាច​របស់​គាត់»។

រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ និង​បន្ត​ឃុំ​ឃាំង​នៅ​ក្នុង​លំនៅដ្ឋាន​របស់​លោក។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នេះ​ជា​ចំណាត់​ការ​របស់​តុលាការ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «អា​នេះ​ជា​ការងារ​របស់​តុលាការ។ ចំពោះ​រាជ​រដ្ឋាភិបាល​មិន​មាន​អ្វី​ដែល​យើង​ត្រូវ​ឆ្លង​ឆ្លើយ​នោះ​ទេ។ អាហ្នឹង​ជា​អំណាច​របស់​តុលាការ»។

មន្រ្តី​រដ្ឋាភិបាល​រូប​នោះ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ តុលាការ​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល។

គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​គ្រប់គ្រង​អាសនៈ​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ឃុំ​សង្កាត់ ចំនួន​ ៥០០៧​ គឺ​ស្មើ​នឹង​ ៤៣ ​ភាគរយ មុន​ពេល​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ។ ប៉ុន្តែ​អាសនៈ​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ស្ទើរ​តែ​ទាំង​អស់។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​អំណាច​គ្រប់​លំដាប់​ថ្នាក់ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រួម​មាន​ថ្នាក់​ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់​ឃុំ​សង្កាត់ និង​ឈាន​ទៅ​គ្រប់គ្រង​ថ្នាក់​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ ក្រោយ​ការ​បោះឆ្នោតថ្នាក់​ក្រោម​ជាតិ​មួយ​ទៀត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា៕

XS
SM
MD
LG