ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ព្យាយាម​បញ្ជាក់​ពី​ភាព​ពិត​ប្រាកដ​នៃ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​កាត់​ក្បាល​របស់​ចំណាប់​ខ្មាំង​ម្នាក់


កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៥ ​អ្នក​ដំណើរ​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ចំណាប់​ខ្មាំង​ទាំងពីរ​នាក់ គឺ​លោក Kenji Goto (រូបឆ្វេង) និង លោក Haruna Yukawa ដែល​ត្រូវ​បាន​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់​នៅក្នុង​ក្រុង​តូក្យូ។
កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៥ ​អ្នក​ដំណើរ​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ចំណាប់​ខ្មាំង​ទាំងពីរ​នាក់ គឺ​លោក Kenji Goto (រូបឆ្វេង) និង លោក Haruna Yukawa ដែល​ត្រូវ​បាន​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់​នៅក្នុង​ក្រុង​តូក្យូ។

រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​កំពុង​ស៊ើបអង្កេត​អំពី​វីដេអូ​មួយ​ដែល​ហាក់​ដូចជា​បង្ហាញ​ថា​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​បាន​សម្លាប់​ចំណាប់​ខ្មាំងម្នាក់​ក្នុងបណ្តា​ចំណាប់​ខ្មាំង​ជប៉ុន​ពីរ​នាក់​ដែល​ពួក​គេ​បាន​ចាប់​ឃុំឃាំង។​

វីដេអូ​នេះ​បាន​បង្ហាញ​រូបថត​មួយ​នៃ​អ្នកកាសែត​ Kenji Goto ដែល​បាន​លើក​រូបថត​នៃ​ចំណាប់ខ្មាំង​ម្នាក់​ទៀត​គឺ​លោក Huruna Yukawa ដែល​មើល​ទៅ​ហាក់​ដូចជា​ត្រូវ​បាន​គេ​កាត់​ក្បាល។

ក្រុម​រដ្ឋអ៊ីស្លាម​ដែល​នៅ​ពេល​នេះ​កាន់កាប់​មួយ​ភាគ​បី​នៃ​ដែនដី​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់​បាន​គំរាម​កាល​ពី​ថ្ងៃ​អង្គារ​ថា​នឹង​កាត់ក្បាល​ចំណាប់​ខ្មាំង​ទាំង​នេះ​ក្នុង​រយៈពេល​៧២ម៉ោង​ប្រសិន​បើ​ពួក​គេ​មិន​បាន​ទទួល​ប្រាក់​លោះ​ចំនួន២០០​លាន​ដុល្លារ​ទេ​នោះ។​

លោក​នាយ​ករដ្ឋ​មន្ត្រី​ Shinjo Abe នៃ​ប្រទេស​ជប៉ុន​បាន​ថ្កោលទោស​សារ​នេះ​ថាជា «ការ​ទ្រគោះ​យង់ឃ្នង​យ៉ាង​ខ្លាំង» និង​ជា​ការ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ទេ​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​លោក​នឹង​មិន​ចុះញ៉ម​ក្រុម​ភេរវជន​ទេ។​ គេ​រាយការណ៍​មក​ថា​ក្រុម​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​ធ្វើការ​ប្រជុំ​មួយ​ជាបន្ទាន់​អំពី​វីដេអូ​នេះ​ដែល​មិន​ទាន់​បាន​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នៅ​ទ្បើយទេ។​

លោក​ Patrick Ventrell អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ឯសេតវិមាន​បាន​និយាយ​ថា​សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អា.ក៏​កំពុង​ធ្វើការ​ដែរ​ដើម្បី​បញ្ជាក់​អំពី​ភាពត្រឹម​ត្រូវ​មិន​ក្លែង​ក្លាយ​នៃ​វីដេអូនេះ​ហើយ​កំពុង «សម្រប​សម្រួល​ការងារ​យ៉ាង​ជិតស្និទ្ធ​» ជា​មួយ​ប្រទេស​ជប៉ុន។ លោក​បាន​និយាយ​សា​ជាថ្មី​អំពី​ការ​អំពាវនាវ​របស់​ជប៉ុន​ឱ្យ​មាន​ការ​ដោះលែង​ក្រុម​ចំណាប់​ខ្មាំង​ទាំង​នេះ​ជា​បន្ទាន់​ហើយ​លោក​ក៏​បាន​ថ្លែង​ដែរ​ថា​ស.រ.អា.​ថ្កោលទោស​សកម្មភាព​របស់​ក្រុម​រដ្ឋអ៊ីស្លាម។​

នៅ​ក្នុង​វីដេអូ​នោះ​ សំទ្បេង​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​លោក Goto បានត្រូវ​ឮជា​ភាសា​អង់គ្លេស​ដោយមាន​អក្សរ​រត់​ពី​ក្រោម​ជា​ភាសា​អារ៉ាប់​។​ បុរស​នេះ​បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ Abe ដោយ​ចោទ​ប្រកាន់​លោក​ថា​ទទួល​ខុសត្រូវ​ដល់​ការ​ស្លាប់​របស់​លោក​ Yukawa។​ បុរស​នេះ​បាន​និយាយ​ថា​នៅ​ពេល​នេះ​ក្រុម​ជន​សកម្មប្រយុទ្ធ​លែង​ចង់​បាន​ប្រាក់​កាសហើយ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ Sajida al-Rishawi ដែលជាអ្នក​ប៉ុន​ប៉ង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាប់​គុក​ក្នុងប្រទេស​ហ្ស៊កដានី៕

XS
SM
MD
LG