នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនិងជំនួយឥតសំណងជាមួយប្រទេសកម្ពុជាដែលមានទឹកប្រាក់ជាង៩០លានដុល្លារ ទោះបីមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិអំពីការបង្ក្រាបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើក្រុមអ្នករិះគន់រដ្ឋាភិបាលមុនការបោះឆ្នោតនៅខែកក្កដាក៏ដោយ។
លោក Taro Kono រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចុះហត្ថលេខាលើជំនួយឥតសំណងចំនួន៤លាន៦សែនដុល្លារនិងប្រាក់កម្ចី ៨៦ លានដុល្លារសម្រាប់គម្រោងសេដ្ឋកិច្ចនិងអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។
គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅក្នុងខែវិច្ឆិកាតាមសំណើរបស់រដ្ឋាភិបាលដែលជំរុញឱ្យបណ្តាប្រទេសលោកខាងលិចខ្លះថ្កោលទោសការបង្ក្រាបនេះ ហើយបានកាត់បន្ថយជំនួយនិងដាក់បម្រាមទិដ្ឋាការទៅលើសមាជិកគណបក្សកាន់អំណាចខ្លះ។
ក្រុមសិទ្ធិមនុស្សនិងសមាជិកគណបក្សប្រឆាំងបានជំរុញឱ្យរដ្ឋាភិបាលក្រុងតូក្យូប្រកាន់ជំហររឹងមាំប្រឆាំងលោក ហ៊ុន សែន ប៉ុន្តែប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ការបោះឆ្នោតហើយនឹងមិនជ្រៀតជ្រែកនៅក្នុងអ្វីដែលជប៉ុននិយាយថា ជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
លោក ហ៊ុន សែន បានសរសើរជប៉ុនសម្រាប់ការផ្តល់ជំនួយហិរញ្ញវត្ថុនៅថ្ងៃអាទិត្យនេះ ហើយលោកវាយប្រហារអ្នករិះគន់។ លោក ហ៊ុន សែន បាននិយាយនៅលើទំព័រហ្វេសប៊ុកថា «នៅពេលដែលប្រទេសជប៉ុន ជាមិត្តភក្តិ ផ្តល់ជំនួយដល់កម្ពុជា មនុស្សអាក្រក់ខ្លះអាចបំពុលព័ត៌មានដូចដែលពួកគេបានធ្វើ»។
នៅក្នុងជំនួបជាមួយលោក ហ៊ុន សែននៅថ្ងៃអាទិត្យនេះលោក Kono បាននិយាយថា ជប៉ុននឹងជួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមលោកអៀង សុផល្លែត ជំនួយការរបស់លោកហ៊ុន សែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោក Kentaro Sonoura ទីប្រឹក្សារបស់លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន បានជំរុញឱ្យគូប្រជែងនយោបាយនៅកម្ពុជាធ្វើការចរចាដើម្បីបញ្ចប់វិបត្តិនយោបាយ៕