នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានមកដល់ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។ លោក Kishida កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចមួយ ទៅកាន់ក្រុមប្រទេស G-7 ដែលជាប្រទេសដែលមានឧស្សាហកម្មនាំមុខគេ ខណៈពេលដែលប្រទេសជប៉ុននឹងត្រូវធ្វើជាប្រធានប្តូរវេននៃក្រុមប្រទេស G-7 នៅក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍មួយផ្សាយពីការិយាល័យនាយរដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាពីអាទិភាពរបស់ជប៉ុន ក្នុងនាមជាប្រធានប្តូរវេនរបស់ក្រុមប្រទេស G-7 ក៏ដូចជាការពង្រឹងនូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានមកដល់រដ្ឋធានីអូតាវ៉ារបស់កាណាដា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ដែលនៅទីនោះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏នឹងមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃសុក្រនេះ នៅសេតវិមានផងដែរ។
នៅមុនជំនួបរវាងមេដឹកនាំជប៉ុននិងសហរដ្ឋអាមេរិកនេះ រដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបជាមួយសមភាគីអាមេរិករួចហើយផងដែរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលនៅពេលនោះ ពួកគេក៏បានប្រកាសនូវកិច្ចព្រមព្រៀងមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ស្របពេលមានការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតាមបណ្តាប្រទេស G-7 នោះ លោក Kishidaក៏បានទៅបំពេញទស្សនកិច្ចប្រទេសបារាំងនិងប្រទេសអ៊ីតាលីរួចហើយ ក្នុងពេលកន្លងមក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters