ព្រះចៅអធិរាជ Akihito នៃប្រទេសជប៉ុន បានដាក់រាជ្យដើម្បីឲ្យបុត្រាច្បងរបស់ព្រះអង្គឡើងគ្រោងរាជ្យបន្ត។
នៅក្នុងព្រះរាជសុន្ទរកថាចុងក្រោយរបស់ព្រះអង្គដែលថ្លែងចេញពីព្រះរាជវាំងនៅក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រ Akihito បានថ្លែងអំណរគុណដល់ប្រជារាស្ត្រជប៉ុនសម្រាប់ការគាំទ្ររបស់ពួកគេនៅក្នុងរយៈពេលដែលព្រះអង្គសោយរាជ្យបានរយៈពេល ៣០ ឆ្នាំកន្លងមក។
ព្រះអង្គបានមានបន្ទូលថា ព្រះអង្គមានសំណាងដែលអាចបំពេញកាតព្វកិច្ចរបស់ព្រះអង្គដោយការទុកចិត្ត និងជំនឿជឿជាក់ទាំងស្រុងលើប្រជារាស្ត្រព្រះអង្គ។
ព្រះអង្គម្ចាស់រជ្ជទាយាទ Naruhito ដែលជាបុត្រាច្បងរបស់ព្រះអង្គ នឹងឡើងសោយរាជ្យបន្តពីព្រះអង្គ នៅពេលដែលរជ្ជកាលរបស់ព្រះអង្គបញ្ចប់ជាផ្លូវការនៅពាក់កណ្ដាលយប់ថ្ងៃអង្គារទី ៣០ ខែមេសានេះ។
ព្រះមហាក្សត្រ Akihito ដែលជាក្សត្រដែលប្រជារាស្ត្រជប៉ុនស្រលាញ់ចូលចិត្តរូបនេះ បានប្រកាសអំពីគម្រោងដាក់រាជ្យរបស់ព្រះអង្គដំបូងកាលពីឆ្នាំ ២០១៦ ដោយកាលនោះព្រះអង្គបានលើកឡើងថា ព្រះជន្ម និងព្រះរាជសុខភាពរបស់ព្រះអង្គអាចបង្អាក់ដល់សមត្ថភាពរបស់ព្រះអង្គនៅក្នុងការបំពេញកាតព្វកិច្ចជាព្រះមហាក្សត្រ។
តួនាទីបច្ចុប្បន្នរបស់ព្រះចៅអធិរាជជប៉ុនភាគច្រើនគឺជា «និមិត្តរូបនៃរដ្ឋ» ហើយមិនមានអំណាចផ្នែកនយោបាយណាមួយនោះទេ៕