ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​ឆ្នាំ​បន្ទាប់​​ព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា ថាមពល​នុយក្លេអ៊ែរ​​ធ្វើ​​ឲ្យ​​ទ្វីប​​អ៊ឺរ៉ុប​ខ្វែង​គំនិត​គ្នា​


លោក នីកូឡាស សាកូហ្ស៊ី ​ប្រធានាធិបតី​បារាំង
លោក នីកូឡាស សាកូហ្ស៊ី ​ប្រធានាធិបតី​បារាំង

ឧបទ្ទវហេតុ​កាល​ពី​ឆ្នាំ​មុន​នៅ​ឯ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ហ៊្វូគូស៊ីម៉ា ដាអ៊ីឈី (Fukushima-Daichi) បាន​ធ្វើ​ឱ្យ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ទ្វីប​អឺរ៉ុប ស្តីពី​សុវត្ថិភាព​និង​អនាគត​នៃ​ថាមពល​នុយក្លេអ៊ែរ។ ប្រហែល​ជាគ្មាន​ពេលណា​ទេ​ដែល​ភាព​ខុស​ប្លែក​គ្នា​កាន់​តែលេចឡើងកាន់​តែច្បាស់រវាង​មហា​អំណាចធំ​បំផុត​នៅក្នុង​តំបន់ គឺ​ប្រទេស​បារាំង(France)​និង​អាល្លឺម៉ង់​( Germany)។

មន្រ្តី​ប៉ូលីស​ជប៉ុន​មួយក្រុម​ពាក់​សម្លៀកបំពាក់​ព៌ណស​ដើម្បីការពារ​សារជាតិ​រ៉េអាក់ទ័រ លើក​ជនរងគ្រោះ​ម្នាក់ ខណៈដែល​មួយក្រុម​ទៀត​លើក​សាកសព​នៅ​ខាងក្រោយ ក្នុង​ពេល​ស្វែងរក​មនុស្ស​ដែល​បាត់ខ្លួន​នៅ Minami Soma នៅ Fukushima Prefecture នៅ​ប្រទេស​ជប៉ុន កាលពីថ្ងៃទី៨
មន្រ្តី​ប៉ូលីស​ជប៉ុន​មួយក្រុម​ពាក់​សម្លៀកបំពាក់​ព៌ណស​ដើម្បីការពារ​សារជាតិ​រ៉េអាក់ទ័រ លើក​ជនរងគ្រោះ​ម្នាក់ ខណៈដែល​មួយក្រុម​ទៀត​លើក​សាកសព​នៅ​ខាងក្រោយ ក្នុង​ពេល​ស្វែងរក​មនុស្ស​ដែល​បាត់ខ្លួន​នៅ Minami Soma នៅ Fukushima Prefecture នៅ​ប្រទេស​ជប៉ុន កាលពីថ្ងៃទី៨

វិបត្តិ​ក្នុង​តំបន់​អឺរ៉ូ(eurozone) ​បាន​ពង្រឹង​ទំនាក់ទំនងរវាង​បារាំង​និង​អាឡឺម៉ង់។ ប៉ុន្តែ​ វិបត្តិ​មួយ​ទៀត ពោល​គឺ​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ កាល​ពី​ឆ្នាំ​មុន​ ​នៅ​ប្រទេស​ជប៉ុន​ កំពុងតែ​បាន​បែងចែកប្រទេសជិតខាង​អឺរ៉ុប់​ទាំង​នោះ​ហើយ។

លោក​ប្រធានាធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) គឺ​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ថាមពល​នុយក្លេអ៊ែរ។ ក្នុង​សុន្ទរកថា​ទាំងឡាយ​ ដែល​ដូចទៅនឹង​សុន្ទរការ​នេះ​ដែរ លោក ផ្តល់​ទឡ្ហីករណ៍ថា ថាមពល​នុយក្លេអ៊ែរ មានសារ​សំខាន់​ណាស់ក្នុងការ​ផ្តល់​ការងារ​និង​ថាមពល​ដែល​មាន​តម្លៃ​ទាប។

បារាំង ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផលិត​ថាមពល​នុយក្លេអ៊ែរ​ឈាន​មុខគេ​ នៅក្នុង​ពិភពលោក។ ប្រហែល​ជា​បី​ភាគ​បួន​នៃ​ចរន្ត​អគ្គីសនី​នៅ​ទី​នេះ បាន​មក​ពី​ថាមពល​នុយក្លេអ៊ែរ។ បារាំង ​ក៏​បាន​នាំ​ចេញ​ថាមពល​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​នេះ​ផង​ដែរ។ ក្រុមហ៊ុន​បារាំង កំពុងកសាង​ម៉ាស៊ីន​រ៉េអា​ទ័រនុយក្លេអ៊ែរមួយ​នៅ​ចក្រភព​អង់គ្លេស ហើយ​កំពុង​ដេញ​ថ្លៃ​ ដើម្បី​សាងសង់​ម៉ាស៊ីន​រ៉េអាទ័រដទៃ​ទៀតនៅ​ប្រទេស​អាហ្រ្វិក​ខាងត្បូង។

ប៉ុន្តែ​ឧទ្ទវហេតុ​ហ៊្វូគូស៊ីម៉ា​នេះ បានជំរុញឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ប្រកាស​បិទ​ចោល​ម៉ាស៊ីន​រ៉េអាទ័រ​នុយក្លេអ៊ែរ​ទាំង​អស់ នៅត្រឹម​ឆ្នាំ​២០២២ ជា​ជាង​ការ​បិទ​បន្តិច​ម្តង​ៗ។

ដោយ​ពាក់​មុខផង អ្នកតវ៉ាម្នាក់​កាន់​ផ្លាកសញ្ញា​នៅ​កន្លែង​តវ៉ាមួយ​នៅមុខ​ទីស្នាក់ការ​ក្រុមហ៊ុនថាមពល​អគ្គីសនីតូក្យូ Tokyo Electric Power Company [TEPCO] ដោយ​រិះគន់​ដល់​ក្រុមហ៊ុន​នេះ និង​ទាមទារ​ឲ្យ​បំបាត់​ថាមពល​នុយក្លេអ៊ែរ ក្នុង​រដ្ឋធានីតូក្យូ ថ្ងៃទី៣ មិនា ២០១
ដោយ​ពាក់​មុខផង អ្នកតវ៉ាម្នាក់​កាន់​ផ្លាកសញ្ញា​នៅ​កន្លែង​តវ៉ាមួយ​នៅមុខ​ទីស្នាក់ការ​ក្រុមហ៊ុនថាមពល​អគ្គីសនីតូក្យូ Tokyo Electric Power Company [TEPCO] ដោយ​រិះគន់​ដល់​ក្រុមហ៊ុន​នេះ និង​ទាមទារ​ឲ្យ​បំបាត់​ថាមពល​នុយក្លេអ៊ែរ ក្នុង​រដ្ឋធានីតូក្យូ ថ្ងៃទី៣ មិនា ២០១

វិធានការរបស់​អាល្លឺម៉ង់ ​ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់ពី​មានការបាតុកម្ម​ទ្រង់​ទ្រាយ​ធំប្រឆាំង​នុយក្លេអ៊ែរ។​ ការ​តវ៉ា​នេះ​ ​មិន​បាន​កើត​មាន​ឡើងនៅបារាំងទេ។ លោក ល្វីស អ៊ីឆាវ៉ារី (Luis Echavarri) ជា​អគ្គនាយក​របស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ (Nuclear Energy Agency) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ (Organization for Economic Cooperation and Development (OECD))។

«តាម​ទស្សនៈ​របស់​ខ្ញុំ ភាព​ខុស​ប្លែក​គ្នា​រវាង​អាល្លឺម៉ង់​និង​បារាំង​គឺ​ជុំ​វិញ​ប្រតិកម្ម​របស់​សង្គម​ទៅ​លើបញ្ហានុយក្លេអ៊ែរ។ ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ពិចារណាថា ស្ថានភាព​សង្គម​ស្តីពីថាមពល​នុយក្លេអ៊ែរ​នៅ​អាល្លឺម៉ង់ ​ពុំ​មាន​ភាព​ល្អ​ប្រសើរ​ទេ​ ​ក្នុងរយៈ​ពេលប៉ុន្មាន​ពី​២០​ទៅ​៣០​ឆ្នាំ​កន្លង​មក។ តែ​ទោះជា​យ៉ាង​ណា នៅ​ប្រទេស​បារាំង មាន​ទស្សនៈ​មួយ​នៅ​ក្នុង​សង្គមដែលថាមពល​នុយក្លេអ៊ែរ ​គឺ​ជា​ប្រយោជន៍​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​បារាំង។»

ភាព​ខុស​គ្នា​ទាំងនោះ​ ត្រូវ​បាន​ឆ្លុះបញ្ចាំងនៅ​កន្លែង​ដទៃ​ទៀត នៅទ្វីប​អឺរ៉ុប។

«មាន​ប្រទេស​មួយ​ចំនួន​តូច ដូចជា​អាល្លឺម៉ង់(Germany) អ៊ីតាលី(Italy) បែលហ្ស៊ិក(Belgium) និង​ស៊្វីស(Switzerland)​ជា​ដើម​ ដែល​កំពុង​និយាយ​យ៉ាង​ច្បាស់​ថា ពួកគេ​បាន​នឹង​បិទ​រោងចក្រអគ្គិសនីនុយក្លេអ៊ែរ​របស់​គេនៅ​ថ្ងៃ​ណា​មួយ ហើយ​ពួកគេ​នឹង​មិន​កសាង​បន្ថែម​ទៀត​ទេ។ ប៉ុន្តែ​ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​ប្រទេស​ជា​ច្រើនទៀត ដែល​បាន​ថ្លែង​ថា​ ពួកគេ​នឹង​បន្ត​ដំណើរការរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ នា​ពេល​បច្ចុប្បន្ន ហើយ​លើស​ពី​នេះទៀត ពួកគេ​នឹង​កសាង​បន្ថែម​ទៀត។»

ប៉ុន្តែ​សូម្បី​តែនៅ​ប្រទេស​បារាំង ព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ស្តីពីថាមពល​នុយក្លេអ៊ែរ។ ការ​ព្រួយបារម្ភ​ទាំងនោះ​ត្រូវ​បាន​លើក​ឡើង​នៅក្នុងសាល​ប្រជុំ​របស់សាលាក្រុង​ ជា​ពិសេស​ ខណៈដែល​ ឥឡូវ​នេះ ប្រទេស​នេះ កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​នៅខែ​មេសា​ខាង​មុខ​នេះ។

លោក​ហ្រ្វង់ស្វ័រ ហូឡេន (Francois Hollande) បេក្ខជន​មក​ពី​គណបក្ស​សង្គម​និយម ដែល​ជា​គូ​ប្រជែងចម្បងរបស់​លោក សាកូហ្ស៊ី (Sarkozy) ចង់កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​បារាំង ទៅលើ​ថាមពល​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​បញ្ចប់​ការ​ពឹងផ្អែកទាំង​ស្រុង​នោះ​ទេ។

ប៉ុន្តែ លោក យ៉ាននីក រ៉ូស្សេឡេត (Yannick Rousselet) ​ដែល​បាន​លើក​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឯ​អង្គការ​ហ្គ្រីនភីស (Greenpeace) របស់​បារាំង ជឿ​ថា​ នេះ​ជា​ការ​ចាប់​ផ្តើមឆ្ពោះ​ទៅ​រកការ​បញ្ចប់។

«ខ្ញុំ​គិត​ថា​ មាន​ការផ្លាស់ប្តូរទស្សនៈ​ជា​ច្រើន។ ពួកគេ​មិន​គាំទ្រ​ការ​បញ្ឈប់​នៅ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​វា​ច្បាស់​ណាស់ថា ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​យល់​ឃើញ​ថា ​យើង​ត្រូវ​តែ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ។»

លោក ប៊ឺដត្រេនដ៏ បែរ៍ (Bertrand Barre) ទីប្រឹក្សា​របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ អារីវ៉ា (Areva) របស់​បារាំង មិនយល់​ស្របទេ។

«ខ្ញុំ​គិត​ថា​ ប្រជាពលរដ្ឋនៅប្រទេស​បារាំង ​មាន​សុវត្ថិភាព។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ថា បញ្ហា​នុយក្លេអ៊ែរ ​ក៏​ដូច​ជា​សកម្មភាព​ផ្សេង​ទៀត​ដែរ ​តែងតែ​មាន​ហានិភ័យ​មួយ​ដែល​បន្សល់​ទុក​ជានិច្ច។ ពាក្យ​ថា​គ្មាន​ហានិភ័យសោះ​តែម្តង ​គឺ​គ្មានទេ។»

លោក បែរ៍ និយាយ​ថា ​ការ​សាកល្បងថ្មីៗរបស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​ម៉ាស៊ីន​រ៉េអា​ទ័រ ​កាន់តែ​មាន​លទ្ធភាព​ប្រសើរជាមុនក្នុង​ការ​ទប់ទល់​នឹង​គ្រោះមហន្តរាយ។ នេះ​ជា​ការ​លើក​ឡើង​មួយ​ ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ្នក​រិះគន់ថាមពល​នុយក្លេអ៊ែរ មាន​ដូចជា​លោក រ៉ូស្សេឡេត ជា​ដើម។

ភាគីទាំង​ពីរ ​ក៏ខ្វែងគំនិត​គ្នា​ផង​ដែរ អំពី​តម្លៃ​នៃ​ការ​ផលិត​ថាមពល​នុយក្លេអ៊ែរ និង​លទ្ធភាព​នៃ​ការ​ពឹង​ផ្អែក​ទាំង​ស្រុងទៅ​លើថាមពលមិនចេះ​រីង​ស្ងួត​ ​ដូចជា​ថាមពល​ព្រះអាទិត្យ​និង​ខ្យល់​ជា​ដើម។ អ្វី​ដែល​ច្បាស់​លាស់នោះ​គឺ​ថា រយៈពេល​មួយ​ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា ថាមពល​នុយក្លេអ៊ែរ ​នៅ​តែ​ជាធាតុ​ដ៏​សំខាន់​មួយ​នៃ​ការថ្លឹងថ្លែង​មើល​ពីថាមពលរបស់​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG