ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​ត្រៀម​បើក​ទំព័រ​រជ្ជកាល​ Reiwa​ នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា


ប្រជាជន​កំពុងមើល​ទូរទស្សន៍​ផ្សព្វផ្សាយ​ពីនាម​រជ្ជកាលថ្មី​ “រជ្ជកាល​Reiwa” ដែល​ប្រកាស​ឲ្យដឹង​ជាសាធារណៈ​តាមកម្មវិធី​ព័ត៌មាន​ក្នុងទីក្រុង​ តូក្យូ កាលពី​ថ្ងៃចន្ទ​ ទី១​ ខែ​មេសា​ ឆ្នាំ​២០១៩។
ប្រជាជន​កំពុងមើល​ទូរទស្សន៍​ផ្សព្វផ្សាយ​ពីនាម​រជ្ជកាលថ្មី​ “រជ្ជកាល​Reiwa” ដែល​ប្រកាស​ឲ្យដឹង​ជាសាធារណៈ​តាមកម្មវិធី​ព័ត៌មាន​ក្នុងទីក្រុង​ តូក្យូ កាលពី​ថ្ងៃចន្ទ​ ទី១​ ខែ​មេសា​ ឆ្នាំ​២០១៩។

នៅ​ពេល​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ Akihito ​នឹង​ដាក់​រាជ្យ​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ទៀត​នោះ​ រជ្ជកាល​ថ្មី​មួយ​ផ្សេង​នឹង​ចាប់​ផ្តើម​ឡើង។

ព្រះចៅ​អធិរាជ​ជប៉ុន​ Akihito ​នឹង​ដាក់​រាជ្យ​ជាព្រះ​ចៅអធិរាជ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​នេះ។ នៅ​ពេល​ព្រះ​អង្គទ្រង់​សម្រេច​ព្រះ​រាជ​តម្រិះ​បែប​នេះ វាជា​លើក​ទី​២​ហើយ​ក្នុង​រយៈពេល​ជិតមួយ​សតវត្សរ៍​ដែល​ប្រទេស​ជប៉ុនបាន​បើក​ទំព័រ​រជ្ជកាល​ថ្មី​មួយ​ទៀត​។

ហើយ​ចាប់ពីថ្ងៃ​ទី​១​ ខែ​ឧសភា​តទៅ​ រជ្ជកាល​ Reiwa ​នឹង​ចាប់​ផ្តើម​ឡើង។

ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ពិភព​លោក​ដែល​នៅ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធនាម​រជ្ជកាល​ដែល​មាន​ប្រភព​ដើមពី​ប្រទេស​ចិន។

ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​ Akihito ​នា​ពេល​បច្ចុប្បន្ន​នេះ​ គេ​ហៅ​ឈ្មោះ​ថា​ រជ្ជកាល​ «Heisei»​ ដែល​មាន​ន័យ​ថា​ «សន្តិភាព​មាន​គ្រប់​ទិស​ទី​» ឬ ​«ការ​សម្រេច​បាន​នូវ​សន្តិភាព»​ ដែល​រជ្ជកាល​នេះ​មាន​រយៈ​ពេល​៣០​ឆ្នាំ​ហើយ​ និង​បាន​ជះ​ឥទ្ធិពល​លើជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន។

នៅ​ពេល​ដែល​រជ្ជកាល​ Heisei ​ជិត​ផុត​បែប​នេះ​ វា​ជំរុញទឹក​ចិត្ត​ប្រជា​រាស្រ្ត​ក្នុង​ប្រទេស​ទាំង​មូល​ឲ្យ​នឹក​គិត​ពី​អ្វីៗ​ដែល​បាន​កើត​មាន​ក្នុង​អំឡុង៣​ទសវត្សរ៍​កន្លង​មក​នេះ​ នឹង​ទន្ទឹង​រង់​ចាំ​អ្វីៗ​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត។

ឈ្មោះ​ (នាម)រជ្ជកាល​ថ្មី​នេះ​ ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​កម្មការ​ចេញ​ពី​ឈ្មោះ​នានា​ដែល​ផ្តល់​ដោយ​ក្រុម​បញ្ញវន្ត។

នាមរជ្ជកាល​ Reiwa ​នេះ​យក​លំនាំ​តាម​របៀប​ដាក់​ឈ្មោះ​តាម​បែប​ប្រពៃណី​ គឺ​ពាក្យ​ Reiwa ផ្សំ​ឡើង​ដោយ​អក្សរ​ជប៉ុន ​(ឬ​អក្សរ​កាន់​ជិ) ពីរ​តួរ​ ដែល​ជា​អក្សរ​ងាយ​អាន​ និង​ងាយ​សរសេរ​ ហើយមិន​ប្រើ​ពាក្យ​ពេចន៍​សាមញ្ញ​ទេ។

ពាក្យពីរព្យាង្គ​នេះ​មាន​ន័យ​ថា​ ក្រឹត្យ​ក្រម​ បទ​បញ្ជា​ ឬ​ការ​បញ្ជា​ និង​សុខដុមរមនា​ សន្តិភាព​ និង​សេចក្តី​ស្ងប់។

តាម​រយៈ​ការ​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទកន្លង​ទៅ​ លោក​នាយករដ្ឋមន្រ្តី​ Shinzo Abe បាន​ពន្យល់​បក​ស្រាយ​ពាក្យ​ Reiwa ​ដោយ​លោក​ថ្លែង​ថា វា​មាន​ន័យ​ថា​ ​វប្បធម៌​មួយ​ដែល​បង្កើត​ និង​ទ្រ​ទ្រង់​ដោយ​មនុស្ស​«ដែល​ចេះ​គាំពារ​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ល្អ»។

លោក​ Abe ក៏​បាន​បន្ថែម​ថា​៖ «ជាមួយ​នឹង​ការ​ជ្រើស​រើស​ឈ្មោះ​រជ្ជកាល​ថ្មី​នេះ​ ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​សា​ជា​ថ្មី​ថា​ នឹងត្រួស​ត្រាយ​រជ្ជកាល​ថ្មី​នេះ​ឲ្យ​ពោរ​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​»។

ពាក្យ​ Reiwa ​ជ្រើស​ចេញ​ពី​ពាក្យរាយ​ក្នុង​កំណាព្យ​ Manyoshu ​ដែល​ជា​កម្រង​កំណាព្យ​ជិត​ ៤.៥០០ កំណាព្យ​បុរាណ​ជប៉ុន​ចង​ក្រង​ជា​២០​ក្បាល​តាំង​ពី​សតវត្ស​រ៍ទី​៨​មក​ម៉្លេះ។

នៅ​ពេល​ប្រកាស​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ឈ្មោះ​រជ្ជកាល​ថ្មី​នេះ​ រដ្ឋ​លេខាធិការ​នៃខុទ្ទកាល័យ​គណៈ​រដ្ឋមន្រ្តី​ លោក​ Yoshihide Suga ​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា​ ​ឈ្មោះ​រាជ​កាល​ថ្មី​នេះ ប្រជា​រាស្ត្រ​គ្រប់​ទិសទី​នឹង​ទទួល​យក​ ហើយ​និង​ចាក់​ឫស​គល់​នៅ​ក្នុង​ផ្នែក​ជីវិត​រស់​នៅ​របស់​ពួក​គេ»។

ការ​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ដើ​ខែ​មេសា គឺ​ជា​ការ​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​លើក​ទី​២៤៨​ ហើយ​នឹង​ត្រូវ​កត់​ត្រា​ជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ការពុះពា​របស់​ព្រះ​អង្គម្ចាស់​រាជ​ទាយាទ​ស្នង​រាជ្យ​ Naruhito ​មុន​ពេល​ទ្រង់​ឡើង​គ្រង​រាជ្យ។

ព្រះ​អង្គម្ចាស់​ Naruhito ​ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៦០​ និង​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Oxford ​រយៈ​ពេល​២​ឆ្នាំ​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ប្រវត្តិ​សាស្រ្ត​នៅ​ប្រទេស​ជប៉ុន។

ព្រះ​ចៅ​អធិរាជ​ Akihito ​ទ្រង់​ឡើង​សោយ​រាជ្យ​នៅ​ថ្ងៃ​ទី៨​ ខែ​មករា​ ឆ្នាំ​១៩៨៩​ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​នៃ​ព្រះបិតា​ទ្រង់​ គឺ​ព្រះ​ចៅ​អធិរាជ​ Hirohito ​ដែល​មាន​បច្ចាមរណនាម​ (នាម​ក្រោយ​ពេល​សោយ​ទិវង្គត) ថា​ ព្រះ​ចៅ​អធិរាជ​ Showa៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG