ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ពន្យារ​ពេល​ការ​បាញ់​បង្ហោះ​យាន​អវកាស 'Moon Sniper' ​ទៅ​កាន់​ព្រះចន្ទ​ជា​លើក​ទី​៣


រ៉ុក្កែត​ H2-A H-IIA ស្ថិតនៅលើកន្លែងបាញ់បង្ហោះ លេខ ៤៧ នៅមជ្ឈមណ្ឌលអវកាស Tanegashima នៅលើកោះ Tanegashima ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​។
រ៉ុក្កែត​ H2-A H-IIA ស្ថិតនៅលើកន្លែងបាញ់បង្ហោះ លេខ ៤៧ នៅមជ្ឈមណ្ឌលអវកាស Tanegashima នៅលើកោះ Tanegashima ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​។

ទីភ្នាក់ងារ​អវកាស​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ​ បានលើក​ពេល​នៃ​ការ​បាញ់​បង្ហោះ​យាន​អវកាស "Moon Sniper" ជា​លើក​ទី​៣​របស់​ខ្លួន​ទៅ​កាន់​ឋានព្រះចន្ទ ដោយ​សារ​តែ​ហេតុផល​អាកាសធាតុមិន​អំណោយផល​ល្អ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

រ៉ុក្កែត​ H2-A មាន​កំណត់​ថា​នឹង​បាញ់​បង្ហោះ​យាន​អវកាស​នេះចេញ​ពី​កោះ​ Tanegashima ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​ ដែល​នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​ផ្កាយ​រណប​ស្រាវជ្រាវ​មួយ ដែល​អភិវឌ្ឍ​រួម​គ្នា​ជា​មួយ​ទី​ភ្នាក់ងារ​អវកាស​អាមេរិក NASA និង​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ផង​ដែរ។

ទី​ភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​ JAXA មិន​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ សម្រាប់​ការ​បាញ់បង្ហោះ​យានអវកាស​បេសកកម្ម​នេះ​នៅឡើយ​ទេ​ ដែល​ការណ៍​នេះ​កើត​មាន​ឡើងក្រោយ​ពី​ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​យាន​អវកាស​ស្រាវជ្រាវមួយរបស់​ខ្លួនប្រកប​ដោយ​ជោគជ័យ​ ទៅ​កាន់​ឋាន​ព្រះចន្ទ​កាល​ពី​សប្តាហ៍​មុន។​

ក្នុង​ពេល​កន្លង​ទៅមាន​តែ​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​និង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ ​ដែលអាចឡើង​ទៅដល់​ឋាន​ព្រះចន្ទ​ ហើយ​មិន​មាន​ប្រទេសណា​មួយក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ បាន​ទៅ​ដល់​ប៉ូល​ខាង​ត្បូង​នៃព្រះចន្ទនៅ​ឡើយ​ទេ។​ ​

ប្រទេស​ជប៉ុនក៏​បាន​ព្យាយាម​សាក​ល្បង​បាញ់​បង្ហោះ​យានអវកាស​របស់​ខ្លួនកាលមុន​ផង​ដែរ​ ដោយ​កាល​ពី​ឆ្នាំ​ទៅបាន​ប៉ុនប៉ង​បញ្ជូន​យានអវកាស​ Omotenashi​ ទៅ​កាន់ព្រះចន្ទ​ផង​ដែរ​ ប៉ុន្តែបេសកកម្ម​នោះមិន​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​ ហើយ​ទំនាក់ទំនងជាមួយ​យាន​អវកាស​នោះត្រូវ​បាន​កាត់​ផ្តាច់។​ ​

កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​យាន​អវកាស ispace របស់​ជប៉ុន​ បាន​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​ដ៏​មហិច្ឆតា ចង់​ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​ ដែល​អាច​ទៅ​ដល់​ឋាន​ព្រះចន្ទ​ ​ប៉ុន្តែ​បាន​បរាជ័យ​ ដោយការដាច់​ការ​ទាក់ទង​គ្នា​ ក្រោយ​អ្វី​ដែល​ក្រុមហ៊ុន​ហៅ​ថា​ ជា​ការ​«ចុះចត​ដ៏​ប៉ះទង្គិច​យ៉ាង​ខ្លាំងមួយ»៕

XS
SM
MD
LG