ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារអវកាស NASA អាចភ្ជាប់ទំនាក់ទំនងជាមួយយាន Voyager 2 បានឡើងវិញ


រូបឯកសារ៖ រូបថតកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៧៧ បង្ហាញសកម្មភាពបំពាក់ថាស `Sounds of Earth' ជាមួយនឹងយាន Voyager 2 នៅអគារ Safe-1 របស់មជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋអាមេរិក។
រូបឯកសារ៖ រូបថតកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៧៧ បង្ហាញសកម្មភាពបំពាក់ថាស `Sounds of Earth' ជាមួយនឹងយាន Voyager 2 នៅអគារ Safe-1 របស់មជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋអាមេរិក។

ទីភ្នាក់ងារអវកាស​អាមេរិក NASA ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនងបាន​ពេញលេញ​ឡើង​វិញ​ជាមួយ​យាន Voyager 2 តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​បញ្ជូន​សញ្ញាខ្លាំងបំផុត​ ដើម្បី​បញ្ជូន​ជា «រលក​សញ្ញា​បញ្ជា​ឆ្លង​ផ្កាយ» ដែល​បាន​កែតម្រូវទិសនៃអង់តែន​របស់​យាន Voyager 2 ដ៏សែន​ឆ្ងាយនោះ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ទីភ្នាក់ងារ​អវកាសនេះ ​កាល​ពី​ថ្ងៃ​សុក្រ ទី៤ ខែ​សីហា។

ដោយ​ត្រូវ​បាន​បង្ហោះចេញ​កាល​ពី​ឆ្នាំ ១៩៧៧ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ភពខាងក្រៅ និង​បម្រើការ​ជា​និមិត្តរូប​របស់​មនុស្ស​លោក​ទៅ​កាន់​ចក្រវាឡ​ដ៏​ទូលំទូលាយ យាន Voyager 2 នា​ពេល​បច្ចុប្បន្នស្ថិត​នៅ​ចម្ងាយ​ជាង ១៩,៨ ពាន់​លាន​គីឡូម៉ែត្រ ពី​ភព​ផែនដី ដែល​ចម្ងាយ​នេះ​គឺ​ ស្ថិត​នៅ​ខាងក្រៅ​ព្រំដែន​ប្រព័ន្ធ​ព្រះអាទិត្យ​ទៅទៀត។

​បណ្តុំ​សញ្ញាបញ្ជា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​យាន​នេះ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កក្កដា មាន​កំហុស​ធ្វើ​ឱ្យ​អង់តែនរបស់​យាន​ងាករេ​ចំនួន​ពីរ​ដឺក្រេ​ចេញ​ពី​ផែន​ដី ដោយ​បង្ក​ផលប៉ះពាល់​ទៅ​ដល់​សមត្ថភាព​របស់​យាន​ក្នុង​ការ​បញ្ជូន​និង​ទទួល​រលកសញ្ញា​ ហើយ​គំរាមកំហែងដល់​បេសកកម្ម​ទាំងមូល។

ស្ថានភាព​នេះ​មិន​ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ដោះស្រាយ​បាន​ មុន​យ៉ាងហោចណាស់​ថ្ងៃ​ទី១៥ ខែ​តុលា នៅ​ពេល​យាន Voyager 2 ត្រូវបាន​គ្រោង​ឲ្យ​ធ្វើ​ការ​កែសម្រួល​ទិសដៅ​របស់​ខ្លួន​ឲ្យ​ត្រួវ​ដោយ​ស្វ័យប្រវត្តិ​ឡើង​វិញ​នោះទេ។

ប៉ុន្តែ​នៅ​ថ្ងៃអង្គារ ​ទី១ ខែ​សីហា ក្រុម​វិស្វករ​បាន​ប្រើ​ជំនួយ​ពី​មណ្ឌល​សង្កេតមើល​ផ្កាយ​មួយ​ចំនួន​នៅ​លើ​ផែនដី ដែល​បង្កើត​បាន​ជា​បណ្តាញ​ប្រព័ន្ធ​ផ្តោត​លើ​លំហអវកាស​ជ្រៅ ឬ​ Deep Space Network ដើម្បី​កំណត់​រក​រលកសញ្ញា ឬ «ចង្វាក់បេះដូង» របស់​យាន Voyager 2 បើ​ទោះ​បី​រលកសញ្ញាវា​នៅ​មាន​លក្ខណៈ​ខ្សោយ​ខ្លាំង​ សម្រាប់​ការ​ទាញ​មើលទិន្នន័យ​ដែល​យាន​នេះ​ផ្ទុក​ក៏ដោយ។ ​

តាមរយៈព័ត៌មាន​ទទួល​បាន​ថ្មី​កាល​ពី​ថ្ងៃសុក្រ មន្ទីរ​ពិសោធន៍ Jet Propulsion Laboratory (JPL) របស់​ទីភ្នាក់ងារ​អវកាស​ណាសា ដែល​បានបង្កើត​និង​បញ្ជា​យាន​ Voyager 2 បាន​និយាយ​ថា នៅ​ទី​បំផុត ខ្លួន​ទទួល​បាន​ជោគជ័យក្នុង​កិច្ចប្រឹងប្រែង​ដោយ​មិន​មាន​ភាព​ប្រាកដប្រជា​មួយ​ ដើម្បី​បាញ់សញ្ញាបញ្ជា​ទៅ​ចំ​យាន​នេះ​។

ប្រធាន​គ្រប់គ្រង​គម្រោង​យាន Voyager 2 អ្នកស្រី Suzanne Dodd បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ «បណ្តាញប្រព័ន្ធ​ផ្តោត​លើ​លំហ​អវកាស​ជ្រៅ (Deep Space Network) បាន​ប្រើប្រាស់​ឧបករណ៍​បញ្ជូន​ដោយ​ប្រើ​ថាមពល​អគ្គិសនី​ខ្ពស់​ ដើម្បី​បញ្ជូន​សញ្ញាបញ្ជា (តាម​ប្រព័ន្ធ អេឡិចត្រូម៉ាញេទិច S-band ក្នុង​កម្លាំង​អគ្គិសនី ១០០​គីឡូវ៉ាត់ ​ពី​ទីតាំង​មួយ​នៅ​ក្រុង​កង់បារ៉ា ប្រទេស​អូស្រ្តាលី) ហើយ​កំណត់​ពេលបញ្ជូន​សញ្ញា​នេះ​ ពេល​មានស្ថានភាព​អាកាសធាតុ​ល្អ​បំផុតក្នុង​អំឡុងពេលតាមដានអង់តែ​ន​ ដើម្បី​បង្កើត​លទ្ធភាព​ល្អ​បំផុត​ ដែល​យាន​ Voyager 2 អាចទទួល​បាន​សញ្ញា​បញ្ជា​»។

យាន Voyager 2 ចាប់ផ្តើម​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្រ្ត និង​តេឡេម៉ែត្រមកវិញ នា​ម៉ោង ១២ និង ២៩​នាទី ព្រឹក​ ម៉ោង​នៅ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី៤ ខែ​សីហា «ដោយ​បង្ហាញ​ថា យាន​នេះដំណើរការ​ជា​ធម្មតា ហើយ​ថា យាន​នេះ​នៅ​បន្ត​ស្ថិត​លើ​គន្លង​ដែល​ត្រូវ​បាន​រំពឹង​ទុក»។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​មន្ទីរ​ពិសោធន៍ Jet Propulsion Laboratory (JPL) របស់​ទីភ្នាក់ងារ NASA។

រូបឯកសារ៖ រូបថតរបស់ណាសា កាលពីថ្ងសទី ៩ ខែសីហា ឆ្នាំ ២០០២ បង្ហាញឱ្យឃើញរូបភាពរបស់យាន Voyager។
រូបឯកសារ៖ រូបថតរបស់ណាសា កាលពីថ្ងសទី ៩ ខែសីហា ឆ្នាំ ២០០២ បង្ហាញឱ្យឃើញរូបភាពរបស់យាន Voyager។

«បន្ទះ​ថាសមាស»

យាន Voyager 2 បាន​ចាកចេញ​ពី​រង្វង់​ដែន​ម៉ាញេទិច​ការពារ​ផ្តល់​ដោយ​ព្រះអាទិត្យ​ ​ហៅ​ថា ហេលីអូស្វ៊ែរ (Heliosphere) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​លំហអវកាសក្នុង​ចំណោម​ផ្កាយ​នានា។

មុន​ពេល​ចាកចេញ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ យាន​នេះ​បាន​រុករក​ភព​ព្រហស្បតិ៍ (Jupiter) និង​ភព​សៅរ៍ (Saturn) ហើយ​បាន​ក្លាយ​ជា​យាន​ដំបូង និង​តែ​មួយ​គត់​ គិត​មក​ទល់​ពេល​នេះ​ ដែល​បាន​ទៅ​ដល់​ភព​អ៊ុយរ៉ានុស (Uranus) និង​ភព​ណិបទូន (Neptune)។

យាន Voyager 1 ដែល​ជា​បងប្អូន​ភ្លោះ​នឹង​យាន Voyager 2 គឺ​ជាយាន​អវកាស​ដំបូង​គេ​របស់​មនុស្ស​ជាតិ ដែល​បាន​ហោះ​ចូល​ក្នុង​លំហ​អវកាស​នៅ​ចន្លោះ​បណ្តា​ផ្កាយ កាល​ពី​ឆ្នាំ​ ២០១២ ហើយ​កំពុង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៤ ពាន់​លាន​គីឡូម៉ែត្រ ពី​ផែនដី។

​យាន​ទាំង​ពីរ​មាន «បន្ទះ​ថាស​មាស» ដែល​ជា​បន្ទះ​ថាស ឬ​ឌីស​ទង់ដែង​ស្រោព​ដោយ​មាស​ទំហំ ៣០​ សង់ទីម៉ែត្រ ដែល​បាន​ឆ្លាក់​ចារ​អំពីរឿងរ៉ាវ​ពី​ពិភពលោក​របស់​យើង​ សម្រាប់​ឲ្យជីវិត​នៅ​ក្រៅ​ភព​អាច​អានបាន។

ចំណារនោះ​រួម​មាន​ ផែនទីប្រព័ន្ធ​ព្រះអាទិត្យ ដុំ​អ៊ុយរ៉ាញ៉ូម​ប្រើ​ជា​នាឡិកា​វិទ្យុសកម្ម​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​កំណត់​នូវ​ពេលវេលា​ដែល​យានត្រូវ​បាន​បង្ហោះ​ឡើង និង​រូបសញ្ញា​ដើម្បី​បង្ហាញ​ពី​របៀប​ចាក់​បន្ទះ​ថាសតន្ត្រីឱ្យ​ដំណើរការ។

មាតិកា​នៅ​ក្នុងបន្ទះថាស​ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ទីភ្នាក់ងារ​អវកាស​ណាសា​ដោយ​គណៈកម្មាធិការ​ដឹកនាំ​ដោយ​តារាវិទូ​ដ៏​ល្បី​ឈ្មោះ​ លោក Carl Sagan រួម​មាន ​រូបថត​ពី​ជីវិត​នៅ​លើ​ផែនដី ក៏​ដូចជា តន្រ្តី​និង​សំឡេង​ដែល​អាច​ចាក់​លេង​បាន​ ដោយ​ប្រើប្រាស់​ប៊ិច​ពិសេស​មួយ​ដែល​ត្រូវ​បាន​ដាក់​ទៅ​ជាមួយ។

សម្រាប់​ពេល​នេះ យាន Voyager ទាំងពីរ​នៅ​តែ​បន្ត​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្រ្ត​មក​កាន់​ភព​ផែនដី បើ​ទោះ​បី​ថាមពល​ស្តុក​ទុក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អស់​ បន្ទាប់​ពី​ឆ្នាំ ២០២៥ ក្តី។

ហើយ​ក្រោយ​ពី​នេះទៅ យានទាំង​ពីរ​នឹង​បន្តដំណើរ​នៅ​ក្នុង​កាឡាក់ស៊ី Milky Way ប្រហែល​អាចជា​រៀងរហូត​ ដោយ​ស្ងប់ស្ងាត់៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG