អ្នកនៅរស់រានមានជីវិតពីហេតុការណ៍ទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima ប្រទេសជប៉ុន បានជួបជុំគ្នានៅក្នុងទីក្រុងនេះ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធខួបទី ៧៥ នៃការវាយប្រហារនេះ។
មនុស្សមួយក្រុមតូចដែលប្រមូលផ្ដុំគ្នានៅឧទ្យានរំឮកវិញ្ញាណក្ខន្ធសន្តិភាព Hiroshima (Hiroshima Peace Memorial Park) បានឈរស្មឹងស្មាតនៅម៉ោង ៨ និង ១៥ នាទីព្រឹក ដែលជាម៉ោងពិតប្រាកដនៃថ្ងៃដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូនេះកាលពី ៧៥ ឆ្នាំមុន។ ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មនុស្ស ១ សែន ៤ ម៉ឺននាក់ និងបានបំផ្លិចបំផ្លាញទីក្រុង Hiroshima ទាំងស្រុង។
ខុសពីខួបកាលពីលើកមុនៗ ខួបលើកនេះធ្វើឡើងដោយមានការចូលរួមពីអ្នកនៅរស់រានមានជីវិត ក្រុមគ្រួសាររបស់ពួកគេ និងមន្ត្រីអ្នកមុខអ្នកការតែប៉ុន្មាននាក់ប៉ុណ្ណោះ ដោយសារបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកអំពីការប្ដេជ្ញារបស់ប្រទេសជប៉ុនដែលចង់ឲ្យពិភពលោកទាំងមូលគ្មានអាវុធនុយក្លេអ៊ែរ។ លោកបាននិយាយថា ប្រទេសជប៉ុននឹងដើរតួ «ជាស្ពាន» រវាងមហាអំណាចនុយក្លេអ៊ែរនានានៅលើពិភពលោក ដើម្បីបង្កើតឲ្យមានការមូលមតិគ្នាក្នុងគោលបំណងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង៕