សភាជាន់ទាបនៃប្រទេសជប៉ុនបានអនុម័តសេចក្តីព្រៀងច្បាប់មួយ ដែលនឹងបន្ធូរការដាក់កំហិតលើកងយោធាជប៉ុន។ នេះជាចំណាត់ការជាប្រវត្តិសាស្ត្រ ដែលបោះជំហានកាន់តែឆ្ងាយពីគោលនយោបាយនិយមសន្តិភាពក្រោយសង្គ្រាមលោកលើកទី២ របស់ប្រទេសជប៉ុន។
សេចក្តីព្រៀងច្បាប់ដ៏ចម្រូងចម្រាសនោះ បានទទួលការអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការគាំទ្រពីសំណាក់គណបក្សចម្រុះកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក្លា និង ការធ្វើពហិកាពីសំណាក់បណ្តាគណបក្សប្រឆាំងសំខាន់ៗក៏ដោយ។
បន្ទាប់ពីការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី Abe បានថ្លែងថា ស្ថានការណ៍សន្តិសុខនៅជុំវិញប្រទេសជប៉ុនកាន់តែមានភាពលំបាកខ្លាំងឡើង ហើយថាសេចក្តីព្រៀងច្បាប់ទាំងនេះមានសារៈសំខាន់ដើម្បីការពារជីវិតរបស់ជនជាតិជប៉ុន និងដើម្បីរារាំងសង្គ្រាម។
សមាជិកសភានៃគណបក្សប្រឆាំងមានការអាក់អន់ចិត្ត ពីព្រោះគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក Abe ហៅកាត់ថា LDP បានប្រញាប់ប្រញាល់ជំរុញសេចក្តីព្រៀងច្បាប់ទាំងនោះឆ្លងកាត់គណៈកម្មាធិការសភាមួយ ដោយមិនបានធ្វើការពិភាក្សាឲ្យបានហ្មត់ចត់គ្រប់គ្រាន់ នេះបើតាមមតិរបស់ពួកគេ៕