ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន ខណៈ​អាមេរិក​រាំងខ្ទប់​ការ​លក់​ក្រុមហ៊ុន U.S. Steel ទៅ​ឲ្យ​ក្រុមហ៊ុន Nippon Steel


បុរ​ស​ម្នាក់​ដើរ​ចូល​ក្រុម​ហ៊ុន Nippon Steel នៅ​ទីក្រុង Kashima ប្រទេស​ជប៉ុន កាលពីថ្ងៃទី​៦ ធ្នូ ឆ្នាំ២០២៤។
បុរ​ស​ម្នាក់​ដើរ​ចូល​ក្រុម​ហ៊ុន Nippon Steel នៅ​ទីក្រុង Kashima ប្រទេស​ជប៉ុន កាលពីថ្ងៃទី​៦ ធ្នូ ឆ្នាំ២០២៤។

ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរាំងខ្ទប់​ការទិញ​ក្រុមហ៊ុន U.S. Steel របស់​អាមេរិក ដោយ​ក្រុមហ៊ុន​ជប៉ុន Nippon Steel ក្នុង​តម្លៃ១៤​ពាន់៩រយលានដុល្លារ បង្ក​ភាព​អាប់អួរ​ដល់​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken ទៅ​កាន់​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ជួបប្រជុំ​ជាលើកចុងក្រោយ​ជាមួយសម្ព័ន្ធមិត្ត​ដ៏សំខាន់ជាងគេ​របស់​អាមេរិកក្នុងតំបន់អាស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភា្នក់ងារសារព័ត៌មាន Reuters។

ការ​បដិសេធ​មិន​ឲ្យ​លក់​ក្រុមហ៊ុន​ដែកថែបអាមេរិក​ទៅឲ្យ​ក្រុមហ៊ុន​ជប៉ុននេះ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍មុន បាន​បន្ទុចបង្អាក់​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្កើន​ចំណងទាក់ទង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់អាស៊ី ចំពេល​ដែល​វិបត្តិ​នយោបាយ​នៅកូរ៉េខាងត្បូង អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​រវាង​អាមេរិក កូរ៉េខាង​ត្បូង​និង​ជប៉ុន។ សម្ព័ន្ធភាព​ត្រី​ភាគី​នេះ គឺ​ជាកម្មវិធី​នយោបាយដ៏សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ទាំងបី ដើម្បី​ទប់ទល់​នឹង​ការ​បង្កើនកម្លាំង​យោធារបស់ចិន។

វិនិយោគ​ចូលក្នុងសហរដ្ឋអាមេរិក ក៏​អាចរងការប៉ះទង្គិច​ខ្លះដែរ តែ​អ្នកវិភាគ​ថា​ការ​ខូចខាត​ណាមួយ​ដល់​ទំនាក់ទំនងទូលំទូលាយជាងនេះ​រវាង​អាមេរិកនិង​ជប៉ុន ទំនង​ជា​មានកម្រិត ដោយសារតែ​កង្វល់សន្តិសុខរួម​ចំពោះប្រទេសចិន។

កាលពី​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រីជប៉ុន​លោក Shigeru Ishiba បាន​ហៅ​ការសម្រេចចិត្ត​របស់​លោក​ Biden ក្នុងការរាំងខ្ទប់​ការ​លក់​ក្រុមហ៊ុន​ U.S. Steel ទៅឲ្យ​ក្រុមហ៊ុន Nippon Steel ថា​«‍គួរ​ឲ្យ​ឆ្ងល់»។

អមដំណើរ​ដោយ​ទីប្រឹក្សាសន្តិសុខជាតិ​សេតវិមានលោក Jake Sullivan លោក Blinken បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​ Takeshi Iwaya ក្នុង​ទីក្រុង​តូក្យូ ហើយ​នឹង​ពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រី​ជប៉ុនលោក Ishiba និង​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ជាច្រើន​រូប​ទៀត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG