ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​និង​គ្រោះបាក់ដី​នៅ​ជប៉ុន​បង្ក​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៤៤ នាក់​ស្លាប់


ពលរដ្ឋ​ជប៉ុន​ត្រូវ​បាន​កងកម្លាំង​យោធា​ជួយ​សង្គ្រោះ​ដាក់​លើ​ទូក​នៅ​តំបន់​ដែល​លិចលង់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ភូមិ Kuma ប្រទេស​ជប៉ុន កាលពីថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២០។
ពលរដ្ឋ​ជប៉ុន​ត្រូវ​បាន​កងកម្លាំង​យោធា​ជួយ​សង្គ្រោះ​ដាក់​លើ​ទូក​នៅ​តំបន់​ដែល​លិចលង់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ភូមិ Kuma ប្រទេស​ជប៉ុន កាលពីថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ចន្ទ ភ្លៀងធ្លាក់​ខ្លាំងៗ​នៅកោះ Kyushu ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន បាន​ធ្វើ​ឱ្យ​ទឹក​ទន្លេ​មួយ​ទៀត​ពេញ​ហូរហៀរ​ ហើយ​បង្ក​ជា​ជំនន់​និង​គ្រោះ​បាក់ដី​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​អស់​យ៉ាង​ហោច​ណាស់​ចំនួន​ ៤៤ នាក់​ ដែល​រួម​មាន​ទាំង​មនុស្ស​ចំនួន ១៤ នាក់​នៅ​មណ្ឌល​ចាស់ជរា​ផង​ដែរ។​

បទបញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ពលរដ្ឋ​ជាង​កន្លះ​លាន​នាក់​ដែល​រស់​នៅ​លើ​កោះ​នោះ ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទៀត​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ក៏​ត្រៀម​ខ្លួន​ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ដែរ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន NHK របស់​ជប៉ុន។

លោក​នាយករដ្ឋមន្ត្រី Shinzo Abe បាន​មាន​ប្រសាសន៍​ថា ការ​ព្យាករណ៍​ឧតុនិយម​បង្ហាញ​ថា ​ភ្លៀង​នឹង​បន្ដ​ធ្លាក់​នៅ​ភាគ​ខាង​កើត​ត្រឹម​ថ្ងៃ​ពុធ​នេះ ហើយ​លោក​បាន​បញ្ជា​ឱ្យ​ត្រៀម​ប្រតិបត្តិការ​ស្វែងរក​និង​ជួយ​សង្គ្រោះ ២៤ ម៉ោង។ មនុស្ស​ចំនួន​ ១០ នាក់​កំពុង​បាត់​ខ្លួន។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន NHK។ ​

រូប​ភាព​ពី​ទូរទស្សន៍​បាន​បង្ហាញ​ពី​ទឹក​ជំនន់​ជោរជន់​នៅ​តាម​ដង​ផ្លូវ​នានា​ដែល​ឡើង​ដល់​ត្រឹម​ចង្កេះ​ ស្ពាន​បាក់បែក រថយន្ដ​ក្រឡាប់ និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​ព្យាយាម​ជួយ​សង្គ្រោះ​បុរស​ម្នាក់។ ​

មណ្ឌល​ចាស់​ជរា​នៅ​លើ​កោះ​នោះ​បាន​លិចលង់ ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន NHK មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ទេ។ ​

លោក Abe បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​តាមដាន​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ចាត់​វិធានការ​នានា​ដើម្បី​ការពារ​ជីវិត​របស់​ខ្លួន»៕

XS
SM
MD
LG