ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​របួស​ដល់​សកម្មជន​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ឃោសនា​ទី​ពីរ

  • ហេង រស្មី

យុវជន​គណបក្ស​​កាន់អំណាច​​​ឈរ​នៅតាម​ផ្លូវ​នៅភ្នំពេញ​ត្រៀមចេញ​ធ្វើយុទ្ធ​នាការ​បោះឆ្នោត​ថ្ងៃទី២។
យ៉ាង​តិច​មាន​សមាជិក​ដែល​គាំទ្រ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំនួន​៦​នាក់​បានទទួល​រង​របួស​ស្រាល​និង​សមាជិក​គាំទ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ចំនួន​ម្នាក់​បាន​រងរបួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កន្លែង​ពីរ​ដាច់​ដោយ​ឡែកៗ​ពីគ្នា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ខណៈពេល​ដែល​សកម្មជន​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ចូល​រួម​ឃោសនា​រក​សំឡេង​ឆ្នោត​ឈាន​ដល់​ថ្ងៃ​ទីពីរ។ ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ។​

លោក​ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ​អ្នកនាំពាក្យ​អគ្គស្នង​ការនគបាល​ជាតិបាន​និយាយ​ថា​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្បួន​រថយន្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំដំណាក់​អម្ពិល​ ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​អ្នក​គាំទ្រ​គណបក្ស​បាន​ក្រឡាប់។​

លោក​បាន​បញ្ជាក់​ថា​ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួស។ ​ចំណែក​ឯ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​វិញ​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចររាចរណ៍​បណ្តាល​ឱ្យរង​របួស​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​

បើទោះបីជាមាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ឡើង​ទៅ​លើក្រុម​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នៅក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ក៏ដោយ​ក៏​លោក​គៀត ច័ន្ទថារិទ្ធ​បាន​វាយ​តម្លៃ​ថា​រយៈពេល​ពីរ​ថ្ងៃនេះ​សភាពការណ៍​ជារួម​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ។​

លោក​និយាយថា៖ «ពីរ​ថ្ងៃ​កន្លង​ផុតទៅ​នេះ​ខ្ញុំ​វាយតម្លៃ​ថា​សភាពការណ៍​មិន​មាន​អ្វី​កត់​សម្គាល់​ទេ។ ​ដំណើរការ​ឃោសនា​គ្រប់​គណបក្ស​ទាំង​អស់​បាន​ប្រព្រឹត្តទៅ​តាម​កម្មវិធី​រៀងៗ​ខ្លួន​ដោយ​រលូន​មិន​មាន​បញ្ហា​អ្វីទេ»។​

មាន​គណបក្ស​នយោបាយ​ចំនួន​៨​ដែល​បាន​ចុះបញ្ជី​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អណត្តិ​ទី​៥។​ក៏ប៉ុន្តែ​មាន​តែ​គណបក្ស​ធំៗ​តែបី​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។​

គណបក្ស​ទាំង​បី​នោះ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែលទើប​បង្កើត​ថ្មី​រវាង​គណបក្ស​សិទ្ធិ​មនុស្សនិង​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។​

មន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

លោក​ យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ។​ លោក​បាន​បញ្ជាក់​ថា​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កណ្តាល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ហែក​ចោល។​

លោកថ្លែងថា៖ «មាន​គេហែក​ស្លាក​នៅ​ខេត្ត​កណ្តាល»។​

គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​ធំ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។​

លោក​ ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​និយាយ​ថា​គណបក្ស​របស់​លោក​បាន​ទទួល​ការស្វាគមន៍​យ៉ាង​ច្រើន​ពី​ប្រជាជន​នៅ​តាម​ជនបទ។​ លោកបាន​បញ្ជាក់​ថា​ជា​គោលការណ៍​គណបក្ស​បាន​ណែនាំ​សមាជិក​មិន​ឱ្យប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​នៅ​ពេល​ឃោសនា​ហើយ​រយៈពេល​ពីរ​ថ្ងៃនេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។​

លោកឲ្យដឹងថា៖ «មិន​មាន​ទេ។ ​ក្បួន​យើង​ខ្ញុំ​ប៉ះ​ជាមួយ​បក្ស​ប្រជាជន​ ប៉ះទាំង​សង្គ្រោះ​ជាតិតែយើង​ខ្ញុំមិន​មាន​ការ​ជេរប្រទេច​ទេ។ គោល​នយោបាយ​អត់មាន​ទៅប៉ះពារ​អ្វី​អ្នកណា​ទេ»។​

យុទ្ធនាការឃោសនា​រក​សំឡេង​ឆ្នោត​រយៈពេល​មួយ​ខែ​នេះ​យ៉ាង​តិចមាន​កម្លាំង​មាន​សមត្ថកិច្ច​ប្រមាណ​២​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​សុវត្ថិភាព​ហើយ​រយៈពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​បោះ​ឆ្នោត​កម្លាំង​មាន​សមត្ថកិច្ច​នឹង​កើន​ឡើង​ដល់​៧ម៉ឺន​នាក់៕
XS
SM
MD
LG