ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ស៊ើបអង្កេត​កុបកម្ម ៦ មករា ​នឹង​បោះឆ្នោត​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បទ​ព្រហ្មទណ្ឌ​លើ​កុបកម្ម


រូបឯកសារ៖ គណៈកម្មាធិការស៊ើបអង្កេតលើកុបកម្មវិមានសភាអាមេរិក ៦ មករា ធ្វើសវនាការមួយនៅវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ គណៈកម្មាធិការស៊ើបអង្កេតលើកុបកម្មវិមានសភាអាមេរិក ៦ មករា ធ្វើសវនាការមួយនៅវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២។

គណៈកម្មាធិការរដ្ឋសភាអាមេរិក​ស៊ើបអង្កេត​កុបកម្ម​លើ​វិមានសភា​អាមេរិក ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ៧ នាក់​និង​គណបក្សសាធារណរដ្ឋ ២ នាក់ បានសម្ភាសន៍​សាក្សីជាង​ ១.០០០ នាក់​ ធ្វើ​សវនាការ​ជិត​ ១២ លើក​ និង​ប្រមែប្រមូលឯកសារ​រាប់លាន​ច្បាប់ នៅ​ពេល​ពួក​គេ​ខិតខំ​បំពេញ​ការងារ​ ​ដើម្បី​កសាងសំណុំ​រឿង​ដ៏​ធំ​បំផុត​លើ​ករណី​បះបោរ​កាលពី​នៅ​ថ្ងៃទី ៦ ខែ​មករា ឆ្នាំ ២០២១ លើ​វិមាន​សភា​អាមេរិក។

ប្រធាន​គណៈកម្មាធិការ​ លោក Bennie Thompson ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្សប្រជាធិបតេយ្យប្រចាំ​រដ្ឋ Mississippi បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​នេះ​នឹង​ផ្តល់អនុសាសន៍​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បទ​ព្រហ្មទណ្ឌ​ដល់​ក្រសួង​យុត្តិធម៌ ដោយ​ស្នើ​ឲ្យ​មានការ​កាត់ទោស។ ប៉ុន្តែ​លោក​មិនបាន​លើក​ឡើង​ពី​ឈ្មោះ​របស់​ជន​ដែល​នឹង​ត្រូវ​កាត់ទោស ឬ​ថាតើ​អតីត​ប្រធានាធិបតី​លោក Donald Trump នឹង​ស្ថិត​ក្នុងចំណោមជន​ទាំង​នេះ ​ឬ​យ៉ាងណា​នោះ​ទេ។

គណៈកម្មាធិការ​នេះបាន​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​លោក Trump និង​ការ​ប្រឹងប្រែង​របស់​លោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ មុន​ហេតុការណ៍​វាយ​ប្រហារ​លើ​វិមាន​សភា​អាមេរិក ​ដើម្បី​ប្រែក្រឡះ​លទ្ធផល​ចាញ់​ឆ្នោត​របស់​លោក Trump ទៅ​លោក Joe Biden ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

វា​អាស្រ័យ​លើ​ក្រុមរដ្ឋអាជ្ញា​សហព័ន្ធ​ក្នុង​ការ​សម្រេច​ថា​តើ​នឹង​ទទួល​យក​អនុសាសន៍​ឲ្យ​មាន​ដំណើរការ​កាត់ទោស​នេះ​ឬ​យ៉ាង​ណា។ ក្រុមសមាជិក​សភា​បាន​ស្នើឱ្យ​មាន​ការ​ចោទប្រកាន់លើ​លោក Trump ដែល​ក្នុង​នោះ​អាចរួម​មាន​បទរួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដើម្បី​គៃ​បន្លំ​សហរដ្ឋ​អាមេរិក និង​រារាំង​ដំណើរការ​ផ្លូវការ​មួយរបស់​សភា​អាមេរិក។ អនុសាសន៍នានា​ដោយ​គណៈកម្មាធិការ​នេះ​អាច​បន្ថែម​សម្ពាធ​នយោបាយលើ​ក្រសួង​យុត្តិធម៌​ ខណៈ​ក្រសួង​នេះ​ស៊ើបអង្កេត​សកម្មភាព​របស់​លោក Trump។

នៅថ្ងៃពុធ ​គណៈកម្មាធិការ​នេះ​ត្រូវបាន​គេ​រំពឹង​ថានឹង​ចេញ​ផ្សាយ​របាយការណ៍ចុងក្រោយ​បង្អស់​របស់​ខ្លួន ដែល​អាចរួមមាន​ឯកសារ​រាប់រយ​ទំព័រស្តី​អំពី​ការរក​ឃើញលើ​ករណី​វាយប្រហារ​លើ​វិមាន​សភា​អាមេរិក ​និង​អំពី​ការ​ប្រឹងប្រែង​របស់​លោក Trump ក្នុងការ​បង្ក​ភាព​វឹកវរ​ដល់​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ។ សមាជិក​នានា​របស់​គណៈកម្មាធិការ​នេះ​នឹង​ពិនិត្យ​មើលគោលការណ៍​សំខាន់ៗ​នៃ​ការ​រក​ឃើញ​របស់ពួក​គេ​ នៅក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃចន្ទ។

កាលពី​ខែមុន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Merrick Garland បានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់​គឺ​លោក Jack Smith ឱ្យមើល​ការ​ខុស​ត្រូវ​លើ​ដំណើរការ​ស៊ើបអង្កេត​លើ​លោក Trump ​រួម​មាន​ការស៊ើបអង្កេត​មួយ​ផ្តោត​លើ​ការ​បះបោរ​ និង​ការប៉ុនប៉ង​ប្រែក្រឡះ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

លោក Thompson ប្រធាន​គណៈកម្មាធិការ បាន​និយាយកាលពី​សប្តាហ៍​មុនថា​គណៈកម្មាធិការ​ស៊ើបអង្កេត​កុបកម្ម​លើ​វិមានសភា​អាមេរិក​ ក៏​នឹង​ផ្តល់​ការ​អនុញ្ញាត​លើ​អនុសាសន៍​ស្នើ​ឲ្យ​មាន​ដំណើរការ​កាត់ទោស​ផ្សេងៗ​ទៀត រួម​មាន​ដំណើរការ​កាត់ទោស​ពី​បទ​រំលោភ​បំពាន​ក្រមសីលធម៌ ការ​រំលោភ​បំពាន​ច្បាប់​ និង​ការ​រំលោភ​បំពាន​ច្បាប់​ថវិកា​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក Jamie Raskin តំណាង​រាស្ត្រ​មកពីគណបក្ស​ប្រជាធិបតេយ្យប្រចាំរដ្ឋ Maryland ដែល​ជា​សមាជិកម្នាក់​នៃ​គណៈកម្មាធិការ​នេះ បាន​មានប្រសាសន៍​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «នឹង​មាន​ការ​កាត់ទោស​លើ​មនុស្ស​ផ្សេងៗ​គ្នា។ បុគ្គល​គ្រប់រូប​នឹងទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់ពួក​គេ»។

អនុសាសន៍​ស្តី​ពី​ការ​ស្នើ​ឲ្យ​មាន​ដំណើរការ​កាត់ទោសត្រូវ​បាន​ព្រាង​ដោយ​សមាជិក​សភា​បួន​នាក់​របស់​គណៈកម្មាធិការនេះ គឺ​លោក Jamie Raskin លោកស្រី Liz Cheney តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Wyoming និងជា​អនុប្រធាន​គណៈកម្មាធិការ​នេះ​ លោកស្រី Zoe Lofgren និងលោក Adam Schiff តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ California។ អ្នក​ទាំង​បួន​នាក់​នេះ​ មាន​ភារកិច្ច​ផ្សព្វផ្សាយ​អនុសាសន៍​នានា​របស់​គណៈកម្មាធិការ​រដ្ឋសភា​ស៊ើបអង្កេត​លើ​កុបកម្ម​វិមាន​សភា​អាមេរិក ស្តី​អំពី​ការ​ស្នើ​ឲ្យ​មាន​ដំណើរ​ការ​កាត់ទោសទៅកាន់​សមាជិក​គណៈកម្មាធិការ​ទាំង​មូល​ ដែល​គណៈកម្មាធិការ​នេះ​នឹង​ពិចារណា​នៅ​ថ្ងៃ​ចន្ទ ទី ១៩ ខែ​ធ្នូ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG