ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Ardern បង្ហាញ​ខ្លួន​ថ្ងៃ​ចុងក្រោយ​ជា​នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់


នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​អ្នកស្រី Jacinda Ardern ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​​ក្នុង​ទីក្រុង Ratana ប្រទេស​នូវែលសេឡង់ នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​អ្នកស្រី Jacinda Ardern ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​​ក្នុង​ទីក្រុង Ratana ប្រទេស​នូវែលសេឡង់ នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ដែល​លាលែង​ពី​តំណែង​អ្នកស្រី Jacinda Ardern បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​អ្នកស្រី​ថា អ្នកស្រី«ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ធ្វើ​ជា​បងស្រី​និង​ជា​ម្ដាយ»។

អ្នកស្រី Ardern បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ចុងក្រោយ​នៅ​ក្នុង​ខុទ្ទកាល័យ​របស់​អ្នកស្រី​នៅ​ឯ​ភូមិ ​Maori ក្នុង​ក្រុង Ratana នៅ​ជាយ​ក្រុង​ Wellington ​ជាមួយ​នឹង​លោក Chris Hipkins មេដឹកនាំ​ថ្មី​នៃ​គណបក្ស​ពលកម្ម ដែល​ជា​អ្នក​ឡើង​កាន់​តំណែង​បន្ត​ពី​អ្នកស្រី។

អ្នកស្រី Ardern បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នូវែលសេឡង់​ភ្ញាក់ផ្អើល​កាលពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​អ្នកស្រី​បាន​ប្រកាស​ថា​ អ្នកស្រី​លាលែង​ពី​តំណែង​បន្ទាប់ពី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ​អស់​រយៈពេល​ជាង ៥ ឆ្នាំ​មក ដោយសារតែ​អ្នកស្រី​មិន​សល់«ឋាមពល​អ្វី​ទៀត​ទេ»។

អ្នកស្រី​បាន​ច្រានចោល​ការ​សង្ស័យ​ដែល​ថា​ អ្នកស្រី​ចុះចេញ​ពី​តំណែង​ដោយសារតែ​មាន​រលក​នៃ​ការ​វាយ​ប្រហារ​ខ្លាំងក្លា​ប្រឆាំង​នឹង​ស្ត្រី​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ពី​សំណាក់​ក្រុម​ស្ដាំ​និយម​ជ្រុល ​ដោយ​អ្នកស្រី​បាន​ប្រាប់​អ្នក​កាសែត​ថា អ្នកស្រី​មិន​ចង់​ឱ្យ​គេ​ចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​ថា​ជា​«ការ​បង្ហាញ​ឡើង​បែប​អវិជ្ជមាន​អំពី​ប្រទេស​នូវែលសេឡង់»ទេ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ឆ្លងកាត់​សេចក្ដី​ស្រឡាញ់ សេចក្ដី​អាណិត​អាសូរ ការ​យល់ចិត្ត និង​សេចក្ដី​មេត្តា នៅ​ពេល​ខ្ញុំ​កាន់​តំណែង [ជា​នាយករដ្ឋមន្ត្រី] នេះ»។

អ្នកស្រី Ardern ដែល​កាលពី​ឆ្នាំ ២០១៨ បាន​ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​ជា​ស្ត្រី​ទី​ពីរ​ដែល​បាន​ផ្ដល់​កំណើត​ដល់​កូន​របស់​អ្នកស្រី ​នឹង​នៅ​បន្ត​ធ្វើជា​សមាជិក​រដ្ឋសភា​ ប៉ុន្តែ​មិន​កាន់​តំណែង​ផ្លូវការ​អ្វី​ទេ នៅ​ពេល​ដែល​លោក Hipkins ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ​ស្អែក៕

ព័ត៌មាន​ខ្លះនៅក្នុងសេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG