ហាងកាហ្វេនៅតាមផ្លូវនេះក្នុងក្រុង Tripoli បានបិទ ដោយសារការរាត្បាតនៃវីរុសកូរ៉ូណា ដូច្នេះ Mohammed Abdulwaheb អាយុ ៣៧ ឆ្នាំ ទិញកាហ្វេយកទៅផឹកនៅកន្លែងចតឡាន។
នៅពេល «ការហាមប្រាមមិនឱ្យធ្វើដំណើរ» ដោយសហរដ្ឋអាមេរិក ត្រូវបានប្រកាសដំបូងដោយអតីតប្រធានាធិបតីលោក Donald Trump មនុស្សជាច្រើននាំគ្នាហៅបម្រាមនេះថាជា «ការហាមប្រាមពួកអ្នកកាន់សាសនាឥស្លាម» ពីព្រោះវាត្រូវបានអនុវត្តដំបូងចំពោះប្រទេស ដែលមានអ្នកស្រុកភាគច្រើនជាជនគោរពសាសនាឥស្លាម រួមបញ្ចូលប្រទេសលីប៊ី។ បម្រាមនេះត្រូវបានធ្វើឡើង នៅក្រោយការសន្យារបស់លោក Trump ដែលថាលោកនឹងបិទព្រំដែនមិនឱ្យអ្នកកាន់សាសនាឥស្លាម ចូលសហរដ្ឋអាមេរិក។
នៅពេលត្រូវសួរថា តើការហាមប្រាមនេះមានផលប៉ះពាល់បែបណា លើជីវិតរបស់លោក លោក Abdulwaheb សញ្ជប់សញ្ជឹង ហើយពិបាកចិត្តក្នុងចិត្ត។
លោក Mohammed និយាយថា លោកចង់ទៅរៀនថ្នាក់ក្រោយបរិញ្ញាប័ត្រនៅសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការហាមប្រាមនេះ លោកគ្មានជម្រើសអ្វីក្រៅពីឈប់ប៉ងប្រាថ្នា។
នៅក្រុង Abuja ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាលោក Wole Olaoye ដែលជាអ្នកកាសែតនាំមុខម្នាក់ក្នុងតំបន់ មិនសូវខ្វល់ខ្វាយប៉ុន្មានទេ។
កូនប្រុសលោកត្រូវបានទទួលឱ្យរៀនក្នុងកម្មវិធីក្រោយបរិញ្ញាប័ត្រមួយក្នុងរដ្ឋ California ខាងទ្រឹស្តីនិងការអនុវត្តន៍ប្រព័ន្ធកុំព្យូទ័រ សម្រាប់បំពេញកិច្ចការដែលជាធម្មតាត្រូវធ្វើបានដោយបញ្ញារបស់មនុស្ស នៅពេលប្រទេសនីហ្សេរីយ៉ា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេស ដែលស្ថិតក្នុងការហាមប្រាមនោះ កាលពីដើមឆ្នាំ ២០២០។ កូនលោកមិនបានទៅរៀននៅសហរដ្ឋអាមេរិកទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា សហរដ្ឋអាមេរិកត្រូវសម្រេចចិត្តថា តើខ្លួនចង់បាននិស្សិតបរទេស ឬមិនចង់។ លោកអ្នកមិនអាចឱ្យសាកលវិទ្យាល័យលោកអ្នក សុំឯកសារពិន្ទុពីសាកលវិទ្យាល័យពិនិត្យមើលពាក្យសុំចូលរៀនសម្រាប់និស្សិត យកប្រាក់តំកល់ដំបូង ហើយទីបញ្ចប់និយាយថា ពួកនិស្សិតទាំងនេះមិនអាចទៅអាមរិកបានទេ»។
នៅចម្ងាយប្រមាណ ៤ពាន់គីឡូម៉ែត្រពីទីនេះ ក្នុងប៉ែកខាងកើតនៃប្រទេសស៊ូដង់ ការលុបចោលការហាមប្រាមនេះ នាំឱ្យមានការអបអរសាទរនៅក្នុងប្រទេសមួយ ដែលបានរងគ្រោះយូរមកហើយដោយសារការដាច់ទំនាក់ទំនងអន្តរជាតិ។
ជាច្រើនទសវត្សរ៍មកហើយ ប្រទេសស៊ូដង់មិនគ្រាន់តែស្ថិតក្នុងបញ្ជីប្រទេសហាមមិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងស្ថិតក្នុងបញ្ជីរដ្ឋ ដែលសហរដ្ឋអាមេរិកបាននិយាយថាឧបត្ថម្ភផ្ចុងផ្តើមអំពើភេរវកម្មថែមទៀតផង។ កាលពីខែធ្នូ ប្រទេសស៊ូដង់ក៏ត្រូវបានដកចេញពីបញ្ជី «ភេរវកម្ម» នេះហើយ។
នៅក្នុងហាងកាហ្វេមួយក្នុងក្រុង Gadarib លោក Mohammded Ahmed ដែលជាបុគ្គលិករដ្ឋការអាយុ ៣៨ ឆ្នាំ ទទួលស្គាល់ថា ការណ៍នេះនឹងស៊ីពេលច្រើន តែលោកនិយាយថា ចំណាត់ការទាំងនេះអាចបង្កើនវិនិយោគ ការអភិវឌ្ឍន៍និងភាពសំបូររុងរឿងទូទៅក្នុងប្រទេសស៊ូដង់។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញផ្សេងវិញ ខ្ញុំអាចឃើញផលប៉ះពាល់ក្នុងពេលយូរ»។
អ្នកស្រី Sarah Pierce ដែលជាអ្នកវិភាគគោលនយោបាយនៅឯវិទ្យាស្ថានទេសន្តរប្រវេសន៍ និងដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ការលុបចោលការហាមប្រាមមិនឱ្យធ្វើដំណើរនេះ ក៏អាចកែប្រែសហរដ្ឋអាមេរិកឱ្យល្អជាងមុនផងដែរ។
អ្នកស្រីថ្លែងថា៖ «អន្តោប្រវេសន៍ជាធនធានធំជាងគេបង្អស់សម្រាប់សហរដ្ឋអាមេរិក។ វាជាប្រភពធនធានមួយ ដែលបានជួយកសាងប្រទេសជាតិនេះ ដូច្នេះការរារាំងមនុស្សពីប្រទេសខ្លះមិនឱ្យចូលម ជាការខាតបង់ធំមួយដល់សហរដ្ឋអាមេរិក។ វាជាការខាតបង់ដល់ការបង្រួបបង្រួមគ្រួសារ និងជាការខាតបង់ដល់ក្រុមពលករ និងអ្វីៗច្រើនទៀតដែលយើងមិនអាចវាស់វែងបាន»។
អ្នកស្រី Pierce ថ្លែងថា សហរដ្ឋអាមេរិកត្រូវការពេលវេលាដើម្បីពិនិត្យជាថ្មីនូវពាក្យសុំទិដ្ឋាការដែលត្រូវបានបដិសេធនិងពិនិត្យមើលពាក្យសុំថ្មីៗ មុននឹងអ្នកធ្វើដំណើរមានសិទ្ធអាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកបាន។
នៅក្នុងប្រទេសនីហ្សេរីយ៉ាឯណោះវិញ អ្នកសារព័ត៌មាន Olaoye និយាយថា សហរដ្ឋអាមេរិកត្រូវការពេលដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងចំណោមពួកអ្នកចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដែលការហាមប្រាមនេះជាការប្រឆាំងនឹងក្រុមអ្នកកាន់សាសនាឥស្លាម ឬជាការរើសអើងពូជសាសន៍។
ក៏ប៉ុន្តែលោកបានថ្លែងថា នៅពេលណាការរាតត្បាតនៃជំងឺកូវីដ១៩ ថមថយ ហើយពិភពលោកពិចារណាថាមានសុវត្ថិភាពក្នុងការធ្វើដំណើរជាថ្មីទៀត លោកយល់ថា យ៉ាងហោចណាស់ក្នុងប្រទេសនីហ្សេរីយ៉ា សហរដ្ឋអាមេរិកនឹងក្លាយជាប្រទេសដែលអ្នកធ្វើដំណើរចូលចិត្តជាថ្មីឡើងវិញ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ