ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​ផ្តើម​ការ​វាយ​ប្រហារ​ថ្មី​ចូល​ក្រុង Khan Younis នៃ​តំបន់​ហ្កាហ្សា​​ពេល​​អ្នក​សម្រុះសម្រួល​ជំរុញ​​ការ​ចរចា​ឈប់​បាញ់​គ្នា


ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់ហ្កាហ្សា ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២៤។
ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់ហ្កាហ្សា ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២៤។

កងទ័ព​អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ចូល​ក្នុង​ទីក្រុង Khan Younisភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ដែល​ដៅលើ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​ហាម៉ាស់​ដែល​យោធា​អ៊ីស្រាអែល​អះអាង​ថា​នៅ​ប្រតិបត្តិការ​នៅ​ទីនោះ​នៅ​ឡើយ ថ្វី​បើ​មាន​ការវាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ក៏ដោយ នៅពេល​ដែល​អ្នក​សម្រុះសម្រួល​អាមេរិក កាតា​និង​អេហ្ស៊ីប​បាន​បន្ត​ជំរុញ​ឱ្យ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ឈោង​ដល់​កិច្ចព្រម ព្រៀង​ឈប់​បាញ់​គ្នា​ក៏ដោយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP។

បទ​បញ្ជា​ជម្លៀស​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីនដ៏​ច្រើន​សន្ធឹក​សន្ធាប់​មួយ​លើក​ទៀត​ចេញ​ពី​ស្រុក Khan Younis នៅ​ភាគ​ខាង​កើត​ដែល​រង​ការបំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​ជា​ទី​កន្លែង​ដែល​ជនជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​ទើប​តែ​វិល​ត្រឡប់​ទៅ​ទី​នោះ​មិន​ដល់​២​សប្តាហ៍​ផង បន្ទាប់ពី​ការ​លុកលុយ​លើក​ចុង​ក្រោយ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​នោះ​កាលពី​ខែ​កក្កដា។

មនុស្ស​រាប់​ពាន់​នាក់​បាន​រត់​គេច​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​នាំ​យក​ទៅ​ជា​មួយ​នួវ​របស់​របរ​ចាំបាច់​ដូចជា​កំប៉ុង​ហ្គាស​តូចៗ ពូក តង់​ សាក់​កាដូ​ស្ពាយ​និង​ភួយ។

ពួក​មន្ត្រី​មក​ពី​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួកគេ​ជឿ​ថា​លោក Yahya Sinwar មេដឹកនាំ​កំពូល​ថ្មី​ដែល​ទើប​តែងតាំង​របស់​ក្រុម​ហាម៉ាស់​និង​ជា​អ្នក​រៀបចំ​ម្នាក់​នៃការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧ តុលា​លើ​អ៊ីស្រាអែល អាច​កំពុង​លាក់​ខ្លួន​នៅ​ក្រុង Khan Younis។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​យន្តហោះ​ចំបាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទីដៅ​ចំនួន​៣០​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ទីក្រុង រួម​ទាំង​ពួក​អ្នក​ប្រយុទ្ធ​និង​ទីកន្លែង​ស្តុកអាវុធ​ផង។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ទៀត​ថា​ពួក​កងទ័ព​បាន​ស្វែងរក​រូង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ខណៈ​ដែលកំពុង​ប្រយុទ្ធ​«នៅ​លើ​ដី​និង​ក្រោម​ដី»។

បន្ទាប់ពី​សង្គ្រាម​១០​ខែ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ការ​ជំរុញ​របស់​ពួក​អ្នក​សម្រុះសម្រួល​មាន​គោលបំណង​ដើម្បី​បន្ត​ការ​ចរចា​ដោយ​ប្រយោល​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​មួយ​ដែល​បាន​ត្រូវ​ផ្អាក​ចាប់​តាំង​ពី​លោក Ismail Haniyeh អ្នក​កាន់​តំណែង​មុន​របស់​លោក Sinwar បាន​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​ដែល​គេ​សន្មត់​ថា​ធ្វើ​ដោយ​សារ​អ៊ីស្រា អែល​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង​នៃ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​នឹង​បញ្ជូន​ពួក​អ្នក​ចរចា​ទៅ​ចរចា​ដែល​ពួក​អ្នក​សម្រុះសម្រួល​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រាជធានី​ដូហា នៃ​ប្រទេស​កាតា​ឬ​រដ្ឋធានី​គែរ​នៃ​ប្រទេស​អេហ្ស៊ីប៕

XS
SM
MD
LG