រដ្ឋសភាអ៊ីស្រាអែលបានបោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីរំលាយខ្លួនឯង និងរៀបចំការបោះឆ្នោតបន្ទាន់លើកទីពីរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។
សមាជិកសភាបានបោះឆ្នោតក្នុងសំឡេង ៧៤ ទល់នឹង ៤៥ ដើម្បីរំលាយរដ្ឋសភា និងធ្វើការបោះឆ្នោតថ្មីនៅថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ។
លោក Netanyahu មានពេលត្រឹមថ្ងៃពុធម្សិលមិញដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី ៩ ខែមេសាមក។ លោកមានបំណងចង់បង្កើតរដ្ឋាភិបាលចម្រុះ ដែលមានការចូលរួមពីគណបក្ស Likud ដែលជាគណបក្សអភិរក្សនិយមរបស់លោក និងពីសមាជិកសភាអភិរក្សនិយមជ្រុល ក៏ដូចជាពីគណបក្សអភិរក្សនិយមមួយទៀត ដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីការពារជាតិលោក Avigdor Lieberman។
ប៉ុន្តែការចរចាបានបរាជ័យ នៅពេលដែលលោក Netanyahu និងក្រុមសមាជិកសភាអភិរក្សនិយមជ្រុលបដិសេធមិនធ្វើតាមការចង់បានរបស់លោក Lieberman ដែលចង់ឲ្យពួកជ្វីហ្វដែលប្រកាន់សាសនាជ្រុល ឲ្យចូលបម្រើទ័ពអ៊ីស្រាអែលដូចយុវជន និងយុវនារីអ៊ីស្រាអែលផ្សេងទៀតផងដែរ។
ពួកជ្វីហ្វអភិរក្សនិយមជ្រុលចាត់ទុកការកេណ្ឌឲ្យចូលធ្វើទាហាននេះថាជាការរំលោភលើជំនឿសាសនារបស់ពួកគេ ដោយពួកគេខ្លាចថា ការធ្វើទាហាននេះអាចបណ្ដាលឲ្យពួកគេក្លាយជាអ្នកមិនកាន់សាសនាជ្វីហ្វ។ ប៉ុន្តែការលើកលែងមិនឲ្យពួកជ្វីហ្វអភិរក្សនិយមជ្រុលទាំងនេះចូលធ្វើទាហានកន្លងមកធ្វើឲ្យជនជាតិជ្វីហ្វអ៊ីស្រាអែលផ្សេងទៀតមិនពេញចិត្ត។
លោក Lieberman បាននិយាយថា ឥឡូវនេះអ្វីៗគឺដូចពីមុនការបោះឆ្នោតអញ្ចឹង ក្រោយពីរដ្ឋសភាបានរំលាយខ្លួនឯងមក។ ចំណែកឯលោក Netanyahu វិញ បានបញ្ជាក់ថា លោកជឿជាក់ថា គណបក្ស Likud របស់លោកនឹងឈ្នះម្ដងទៀតនៅក្នុងការបោះឆ្នោតខែកញ្ញាខាងមុខនេះ៕