ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ភាគ​ខាង​ត្បូង​លីបង់


មនុស្សប្រមូលផ្តុំគ្នានៅទីតាំងដែលត្រូវបានវាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល​ នៅ​ភូមិ Hebbariye ភាគខាងត្បូងប្រទេស​លីបង់ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
មនុស្សប្រមូលផ្តុំគ្នានៅទីតាំងដែលត្រូវបានវាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល​ នៅ​ភូមិ Hebbariye ភាគខាងត្បូងប្រទេស​លីបង់ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្រុម​សកម្ម​ប្រយុទ្ធ​ Hezbollah នៅ​ក្នុង​ប្រទេស​លីបង់​កាល​ពី​ថ្ងៃ​ពុធ​ បាន​បាញ់​ដាក់​តំបន់​ភាគ​ខាង​ជើង​អ៊ីស្រាអែល ក្នុង​វិធានការ​សងសឹក​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែលបាន​សម្លាប់​មនុស្ស​ ៧ ​នាក់​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

យោធា​អ៊ីស្រាអែល​បញ្ជាក់ថា ការ​វាយ​ប្រហារ​របស់​ខ្លួន​បាន​ដៅ​ចំ​អគារ​យោធា​មួយ​កន្លែង ដោយ​សម្លាប់​សមាជិក​ម្នាក់​នៃ​ក្រុម​ជីវពល al-Jamaa al-Islamiya ដែល​ធ្លាប់​បាន​ផ្សាយ​ពី​ផែនការ​វាយប្រហារ​ភេរវកម្ម​ចំពោះ​អ៊ីស្រាអែល។

ទីភ្នាក់ងារ​សារព័ត៌មាន Agence France-Presse របស់​បារាំង​បាន​ដកស្រង់​ប្រភព​ពី​មន្ត្រី​ក្រុម​ជីវពល al-Jamaa al-Islamiya ដែល​បញ្ជាក់​ថា មនុស្ស​ ៧ ​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ភូមិ Hebbariyeh។ ប្រភព​ពី​កម្លាំង​សន្តិសុខ​លីបង់​ក៏​បាន​ផ្តល់​តួលេខ​ការ​ស្លាប់​ដូចគ្នា​ដែរ​ដល់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

អំពី​ហិង្សា​ឆ្លង​ព្រំដែន​នេះ​ ជា​ការ​វាយប្រហារ​ទៅ​វិញ​ទៅ​មក​លើក​ចុង​ក្រោយ​បំផុត ខណៈ​អ៊ីស្រាអែល​បន្ត​យុទ្ធនាការ​ដើម្បី​លុប​បំបាត់​ក្រុម​ភេរវកម្មហាម៉ាស់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់ Hezbollah នៅ​តំបន់​ហ្កាហ្សា។

យោធា​អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​វាយលុក​តាម​ផ្លូវគោក​នៅ​តំបន់​មន្ទីរពេទ្យ Shifa នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា ខណៈ​វាយប្រហារទាំង​តាម​អាកាស​និង​ផ្លូវ​គោក​ទៅ​លើ​ក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។​

កិច្ចប្រឹងប្រែង​ដើម្បី​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នេះ ហាក់​មិន​ទទួល​បាន​ផល​អ្វី​ទេ សូម្បី​ក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់។ កិច្ចប្រឹងប្រែង​ទាំង​នេះ​រួម​មាន​សំណើ​ដោះលែង​ចំណាប់​ខ្មាំង​នៅ​ហ្កាហ្សា និង​ការ​បង្កើន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​ប៉ាឡេស្ទីន៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំនៅ​សេតវិមាន​អ្នកស្រី Anita Powell រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press, Reuters និង Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG