ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ផ្ដល់​ជំនួយ​ថា​ស្ថានការណ៍​នៅ​មន្ទីរពេទ្យ​តំបន់​ហ្កាហ្សា​គឺ «មិន​អាច​ស្រមៃ​ដល់»


ជំនួយមនុស្សធម៌ត្រូវបានទម្លាក់នៅលើតំបន់ហ្កាហ្សា Gaza និងភាគខាងលិចនៃទីក្រុង Gaza នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងទឹកដីប៉ាឡេស្ទីនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hamas។
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់នៅលើតំបន់ហ្កាហ្សា Gaza និងភាគខាងលិចនៃទីក្រុង Gaza នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងទឹកដីប៉ាឡេស្ទីនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hamas។

អង្គការ​ផ្ដល់​ជំនួយ​នានា​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​ដ៏​ណែនណាន់​តាន់តាប់​មួយ​កន្លែង​ក្នុង​តំបន់​ហ្កាហ្សា (Gaza) បាន​រៀបរាប់​អំពី​ស្ថានការណ៍​«ដែល​មិន​អាច​ស្រមៃ​ដល់» ដែល​អ្នក​ជំងឺ​ខ្លះ​ដែល​មាន​ស្នាម​របួស​ចំហ​ធំ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ព្យាបាល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ដែល​ចាត់ចែង​ឡើង​ដោយ​អង្គការ​ផ្ដល់​ជំនួយ​ចំនួន ៣ បាន​ចំណាយ​ពេល​២​សប្ដាហ៍​ផ្ដល់​សេវា​វះកាត់​និង​សេវា​សុខាភិបាល​ផ្សេង​ទៀត​នៅ​ឯ​មន្ទីរពេទ្យ European Gaza Hospital ជិត​ទីក្រុង Khan Younis នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា។ ទីក្រុង​នេះ​បាន​រង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) តាំងពី​ដើម​ឆ្នាំ​នេះ​មក។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​គ្រូពេទ្យ​នេះ​បាន​និយាយ​ថា បុគ្គលិក​សុខាភិបាល​ត្រូវបាន​បង្ខំ​ឱ្យ​ជម្លៀស​ចេញ ឬ​ក៏​មិន​អាច​ចូល​ទៅ​កាន់​មន្ទីរពេទ្យ​នោះបាន។ ក្រុម​គ្រូពេទ្យ​នេះ​បាន​បន្ថែម​ថា ការ​ដាក់​កំហិត​របស់​អ៊ីស្រាអែល​បាន​បណ្ដាល​ឱ្យ​មាន​កង្វះ​បរិក្ខារ​ពេទ្យ ដែល​រួម​មាន​ទាំង​បរិក្ខារ​ចាំបាច់​នានា​ដូចជា​ស្បៃ​រុំ​របួស បន្ទះ​លោហៈ​សម្រាប់​អប​ឆ្អឹង និង​វីស​ដែល​ប្រើ​សម្រាប់​ត​ឆ្អឹង​ផងដែរ។

គ្រូពេទ្យ​វះកាត់​ដែល​បាន​ទៅដល់​មន្ទីរពេទ្យ​នោះ «បាន​រាយការណ៍​ថា​មាន​អ្នក​ជំងឺ​ដែល​មាន​របួស​ចំហ​ធំ​ដែល​ឆ្លង​ជំងឺ» ហើយ​ពួកគេ «ត្រូវ​ផ្គត់ផ្គង់​អាហារូបត្ថម្ភ​បន្ទាន់​ដល់​អ្នក​ជំងឺ ដោយសារតែ​កង្វះ​ម្ហូប​អាហារ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ការ​ព្យាបាល​អ្នក​ជំងឺ»។

បុគ្គលិក​ផ្ដល់​ជំនួយ​អន្តរជាតិ​បាន​និយាយ​ថា ប្រជាជន​ទាំង ២ លាន ៣ សែន​នាក់​នៃ​តំបន់​ហ្កាហ្សា​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ និង​ថា​គ្រោះ​ទុរ្ភិក្ស​នឹង​កើតឡើង​ឆាប់ៗ​នេះ​នៅ​ក្នុង​ផ្នែក​ភាគ​ខាងជើង​នៃ​តំបន់​ហ្កាហ្សា​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំងក្លា។​

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក Antonio Guterres ​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ មាន​តម្រូវការ​បន្ទាន់​មួយ​ឲ្យ​មាន​បទឈប់បាញ់​មនុស្សធម៌​នៅក្នុង​តំបន់​ហ្គាហ្សា​ ដែល​ភាព​អត់ឃ្លាន​កំពុង​ «ធ្វើឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​កាន់តែ​ខ្សោះខ្យល់»។

ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្ស៊កដានី​ លោក Guterres ​បាន​និយាយ​ថា​ អង្គការ​សហ​ប្រជាជាតិ​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ច្រកចូល ​និង​ច្រកចេញ​ចូល​បន្ថែម​ទៀត​សម្រាប់​ជំនួយ​ ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​កុំ​ដាក់​កំហិត​ឬ​បង្កើត​ឧបសគ្គ​ណា​មួយ​ក្នុង​ការផ្តល់​ជំនួយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG