មន្ត្រីសេតវិមានបាននិយាយថា ពួកគេ «មិនអស់ចិត្ត» និង «ខកចិត្ត» ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោកដែលមានបំណងពិភាក្សាអំពីក្ដីបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទិននឹងផែនការដែលជិតធ្វើឡើងរបស់លោកនៅក្នុងការលុកលុយចូលទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza)។
ប៉ុន្តែ ពួកគេបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងប្រើប្រាស់ជំនួបកម្រិតខ្ពស់ចំនួន ៣ របស់សហរដ្ឋអាមេរិកជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ដែលក្នុងនោះរួមទាំងការពិភាក្សារបស់លោក Gallant ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅថ្ងៃអង្គារនេះផងដែរ ដើម្បីជំរុញទៅមុខនូវអំណះអំណាងរបស់ពួកគេ។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិសេតវិមានលោក John Kirby បានទទួលស្គាល់ថា លោក Netanyahu បានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោកនេះគឺដោយសារលោកប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិក ដែលបានយោងលើការគាំទ្ររបស់ខ្លួនចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន បានប្រើសិទ្ធិវេតូរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីលើកមុនដើម្បីរារាំងការអំពាវនាវឱ្យមានបទឈប់បាញ់ស្រដៀងគ្នានេះ តាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) នេះបានចាប់ផ្ដើមកាលពីជាង ៥ ខែមុនមក។
ទន្ទឹមនឹងនេះដែរ ស្របពេលដែលលោក Kirby និយាយកាលពីរសៀលថ្ងៃចន្ទ លោក Gallant បានជួបពិភាក្សាជាមួយនឹងលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅសេតវិមាន។
លោក Gallant ក៏បានជួបពិភាក្សាកាលពីរសៀលថ្ងៃចន្ទផងដែរជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។ លោក Blinken បានបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការធានាធ្វើយ៉ាងណាឱ្យក្រុមហាម៉ាស់បរាជ័យ ប៉ុន្តែបានបញ្ជាក់ជាថ្មីអំពីការប្រឆាំងទៅនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលតាមផ្លូវគោកនៅក្នុងការលុកលុយទីក្រុង Rafah ដែលប្រតិបត្តិការនេះអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងជ្រកកោននៅទីនោះ។
នៅមុនជំនួបគ្រោងទុកនៅថ្ងៃអង្គារនេះរបស់លោក Gallant ជាមួយនឹងលោក Austin អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder ក៏បាននិយាយផងដែរថា ការលុកលុយណាមួយលើទីក្រុងRafahគឺជា «កំហុស»មួយ៕