អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានសម្លាប់ប្រធានយោធាក្រុមហាម៉ាស់លោក Muhammad Deif ដែលត្រូវបានគេជឿថាជាអ្នករៀបចំផែនការដ៏សំ ខាន់មួយនៃការវាយប្រហារដ៏រន្ធត់មួយរបស់ពួកហាម៉ាស់នៅថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សានៅពាក់កណ្តាលខែកក្កដា។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានហៅលោក Deif ថាជា«Osama bin Laden នៃតំបន់ហ្កាហ្សា»ដែលសំដៅដល់មេគំនិតនៃការវាយប្រហារភេរវកម្មឆ្នាំ២០០១នៅក្នុងសហរដ្ឋអាមេរិកដោយក្រុម al-Qaida ដែលបានសម្លាប់មនុស្សជិត៣ ពាន់នាក់។
លោក Gallant បាននិយាយទៀតថាការសម្លាប់លោក Deif នៅថ្ងៃទី១៣ ខែកក្កដា«ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើការរំលាយពួកហាម៉ាស់ដែលជាយោធានិងអាជ្ញាធរគ្រប់គ្រងមួយនៅក្នុងតំបន់ហ្កាហ្សា និងនៅក្នុងការសម្រេចជោគជ័យនៃគោលដៅនៃសង្គ្រាមនេះ»។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនបានសន្និដ្ឋានថាលោក Deif បានស្លាប់ដែលផ្អែកលើការវាយតម្លៃខាងស៊ើបការណ៍សម្ងាត់ ក៏ប៉ុន្តែ មិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតទេ។ អ៊ីស្រាអែលបានដៅលើជននេះនៅក្នុងការវាយប្រហារមួយដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៩០នាក់ដែរ ក៏ប៉ុន្តែ ជោគវាសនារបស់លោក Deif មិនត្រូវបានដឹងទេ។ ក្រុមហាម៉ាស់មិនបានបញ្ជាក់ឬបដិសេធអំពីការស្លាប់របស់ជននេះទេ។
លោក Gallant បាននិយាយថាកិច្ចប្រតិបត្តិការខែកក្កដា«ត្រូវបានធ្វើឡើងប្រកបដោយសុក្រិតភាពនិងវិជ្ជាជីវៈ»ដោយកងទ័ពនិងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល។ លោក Gallant បាននិយាយទៀតថា«កិច្ចប្រតិបត្តិការនេះឆ្លុះបញ្ចាំងការពិតថាពួកហាម៉ាស់កំពុងបែកជាក្រុមតូចៗ ហើយថាពួកភេរវជនហាម៉ាស់អាចត្រូវចុះចេញឬពួកគេនឹងត្រូវលប់បំបាត់»។
លោក Deif បានគេចផុតការប៉ុនប៉ងការធ្វើឃាតជាច្រើនលើកដោយអ៊ីស្រាអែល។ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះរបស់លោកនៅឆ្នាំ២០១៤ ដោយបានសម្លាប់ភរិយានិងកូនង៉ែតប្រុសរបស់លោក៕