ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​រវាង​​​អ៊ីស្រាអែល​​​និង​អារ៉ាប៊ី​សាអ៊ូឌីត​​​ស្ថិត​​ក្នុង​របៀបវារៈ​​នៅ​ពេល​លោក Blinken ទៅ​អារ៉ាប៊ី​សាអ៊ូឌីត


រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​លោក Antony Blinken ថ្លែង​អំឡុង​សន្និសីទកាសែត​មួយ​នៅ​កិច្ច​ប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍​ទី០២​ មីនា ឆ្នាំ២០២៣ ក្នុង​ទីក្រុង​ញូវដែលី។ (Olivier Douliery/Pool via AP)
រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​លោក Antony Blinken ថ្លែង​អំឡុង​សន្និសីទកាសែត​មួយ​នៅ​កិច្ច​ប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍​ទី០២​ មីនា ឆ្នាំ២០២៣ ក្នុង​ទីក្រុង​ញូវដែលី។ (Olivier Douliery/Pool via AP)

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​លោក Antony Blinken ធ្វើដំណើរ​នៅ​ថ្ងៃ​អង្គារ​នេះទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ដើម្បី​ធ្វើការចរចា​អំពី​បញ្ហាសន្តិសុខ​និង​បញ្ហា​សេដ្ឋកិច្ច។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ លោក Blinken បាននិយាយកាលពី​ថ្ងៃចន្ទ​ថាស.រ.អ.«មាន​ផល​ប្រយោជន៍សន្តិសុខ​ជាតិ​ពិតប្រាកដក្នុង​ការផ្ចុង​ផ្តើមឱ្យមាន​ភាព​ធម្មតា​ប្រក្រតី​រវាង​អ៊ីស្រាអែល​និង​អារ៉ាប៊ី​សាអ៊ូឌីត​។​

យ៉ាង​ហោចណាស់ តាំង​ពី​រដ្ឋបាលលោកអតីត​ប្រធានាធិបតី ​Jimmy Carter ​មក ស.រ.អ.បានធ្វើការដើម្បី​ធ្វើ​ឱ្យមាន​ការទាក់ទង​គ្នាជា​ប្រក្រតីរវាង​អ៊ីស្រាអែល​និង​ប្រទេស​ជាតិ​អារ៉ាប់​មួយ​ចំនួន​មាន​រួមប្រទេស​អេហ្សីប បារ៉េន​ ម៉ារ៉ុកនិងអេមីរ៉ាត​អារ៉ាប់រួម។​

លោកBlinken បានថ្លែង​ប្រាប់ការប្រជុំ​មួយ​នៃក្រុម​គាំទ្រអ៊ីស្រាអែល AIPAC ថា​ផ្នែក​មួយនៃ​ទស្សនកិច្ច​របស់​លោក​នៅ​អារ៉ាប៊ី​សាអ៊ូឌីត​នឹង​ទាក់ទិន​ជា​មួយ​ការធ្វើការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​និង​អារ៉ាប៊ី​ សាអ៊ូឌីត។

លោក Blinken បាននិយាយថា៖ ​«យើង​មានជំនឿ​ថា​យើងអាច​ហើយយើង​ត្រូវតែបំពេញ​មុខនាទី​មួយ​ក្នុង​ការ​ជំរុញទំនាក់ទំនង​នេះ។ នៅ​ពេល​នេះយើង​គ្មាន​ការស្រមើស្រមៃ​ថាការណ៍​នេះ អាចធ្វើ​បាន​ឆាប់​រហ័ស​ឬ​ដោយ​ងាយ​នោះទេ‍»។

ក្រសួង​ការបរទេស​ស.រ.អ.​បាននិយាយ​ថា​កាលវិភាគ​លោក Blinken មាន​រួម​ការប្រជុំ​ក្រុម​រដ្ឋមន្ត្រីនៃ​ក្រុម​ប្រឹក្សា​កិច្ចប្រតិបត្តិការ​តំបន់​ឈូងសមុទ្រពែក្សដើម្បី​ពិភាក្សា​អំពី​«សន្តិសុខ ​ស្ថិរភាព ​ការបន្ថយ​ភាព​តានតឹង ​ការរួម​បញ្ចូលគ្នា​ក្នុង​តំបន់​និង​ឱកាស​សេដ្ឋកិច្ច​នៅទូទាំង​មជ្ឈិមបូព៌ា‍»។

កាលពី​ថ្ងៃព្រហស្បតិ៍ លោក Blinken និង​សមភាគី​អារ៉ាប៊ីសាអ៊ូឌីត​របស់​លោក​គឺ​ព្រះអង្គម្ចាស់​Faisal bin Farhan ​បានធ្វើជា​ម្ចាស់ផ្ទះរួមគ្នា​ចាត់ចែង​ការប្រជុំនៃ​ក្រុមចម្រុះ​មាន​ប្រទេស​៨០​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP,​ Reuters និង​ AFP។

XS
SM
MD
LG