ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នៅ​ទីក្រុងTel Aviv


មន្រ្តី​ប៉ូលិស​អ៊ីស្រាអែល​នៅ​កន្លែង​កើត​ហេតុ​បាញ់​ប្រហារ​នៅ​ក្រុង Tel Aviv នា​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៦។
មន្រ្តី​ប៉ូលិស​អ៊ីស្រាអែល​នៅ​កន្លែង​កើត​ហេតុ​បាញ់​ប្រហារ​នៅ​ក្រុង Tel Aviv នា​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៦។

ប៉ូលិស​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ស្វែងរក​តាម​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​ធ្វើ​ការ​បាញ់ប្រហារ​នៅ​ខាង​ក្រៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង Tel Aviv កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២​នាក់​ និង​របួស​៣​នាក់​ផ្សេង​ទៀត។

កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ទំនិញ​មួយ​ដែល​នៅ​ក្បែរ​នោះ​បាន​ចាប់​យក​រូបភាព​ខ្មាន់​កាំភ្លើង​រូប​នោះ​ ដែល​មាន​ពាក់វ៉ែនតា និង​មាន​កាតាប​ស្ពាយ​ពី​ក្រោយ​មួយ​ផង ដោយ​រូបគេ​បាន​បន្លំ​ជា​អតិថិជន​ចូល​ទិញ​ទំនិញ។ ​

កាមេរ៉ា​នោះ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​ដែល​បុរស​ម្នាក់​នោះ​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​កាន់​ច្រក​ចូល​របស់​ហាង​ទំនិញ​នោះ ដោយ​បាន​ដាក់​កាតាប​ទៅ​ក្នុង​កន្ត្រក​ទិញ​ឥវ៉ាន់ ហើយ​បន្ទាប់​មក​បាន​ដក​កាំភ្លើង​ចេញ​ និង​ដើរ​ឆ្ពោះ​ទៅ​កាន់​ដង​ផ្លូវ​ រួច​ក៏​ចាប់​ផ្តើម​ធ្វើ​ការ​បាញ់​ប្រហារ​តែ​ម្តង។ បន្ទាប់​មក​ ជន​ដៃ​ដល់​នោះ​បាន​រត់​គេច​ខ្លួន​បាត់។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ The Associated Press ឪពុក​របស់​ជន​ដៃ​ដល់​បាន​ស្គាល់​ថា ​ជន​នោះ​ជា​កូន​ប្រុស​របស់​ខ្លួន​តាមរយៈ​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​១០​របស់​អ៊ីស្រាអែល និង​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ។​

ការវាយប្រហារ​នេះ​បាន​កើតឡើង​ខណៈពេល​ដែល​សាកសពជន​ប៉ាឡេស្ទីន​ចំនួន​២៣​នាក់ ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការវាយប្រហារ​ប៉ុន្មាន​លើក​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ទៅ​លើ​ពួកអ៊ីស្រាអែល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់ West Bank វិញ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង។

អ្នកនាំពាក្យ​យោធា​របស់​អ៊ីស្រាអែល​ និង​ប្រភព​របស់​ប៉ាឡេស្ទីន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់​ហើយ។ ជាទូទៅ​ អ៊ីស្រាអែល​មិន​បញ្ជូន​សាកសព​ជនដៃដល់​ប៉ាឡេស្ទីន​ទៅ​វិញ​ភ្លាមៗ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG