ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ប្រយុទ្ធ​គ្នា​នៅ​ហ្កាហ្សា ស្រប​ពេល​ពិចារណា​បទ​ឈប់​បាញ់​គ្នាបណ្តោះ​អាសន្ន


កងកាំភ្លើងធំ​របស់​អ៊ីស្រាអែល​បាញ់​គ្រាប់​ភ្លើង​ចូល​តំបន់ហ្កាហ្សា ខណៈការប្រយុទ្ធគ្នា​ជាមួយ​ក្រុម​ហាម៉ាស់នៅបន្ត ក្បែរ​ព្រំដែន​ហ្កាហ្សា ក្នុងប្រទេសអ៊ីស្រាអែល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
កងកាំភ្លើងធំ​របស់​អ៊ីស្រាអែល​បាញ់​គ្រាប់​ភ្លើង​ចូល​តំបន់ហ្កាហ្សា ខណៈការប្រយុទ្ធគ្នា​ជាមួយ​ក្រុម​ហាម៉ាស់នៅបន្ត ក្បែរ​ព្រំដែន​ហ្កាហ្សា ក្នុងប្រទេសអ៊ីស្រាអែល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រទេស​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​របស់​ខ្លួន​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​ទូទាំង​តំបន់​ហ្កាហ្សា (Gaza) ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្លាប់​យុទ្ធជន​រាប់​សិប​នាក់​ នៅ​ក្នុង​ផ្នែក​កណ្ដាល​និង​ខាងជើង​នៃ​តំបន់​ហ្កាហ្សា​ផងដែរ។ ស្រប​ពេល​នោះ​ដែរ អ៊ីស្រាអែល​ក៏​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ហ្កាហ្សា​ផងដែរ។

ការ​ប្រយុទ្ធ​គ្នា​បាន​បន្ត ស្រប​ពេល​ដែល​អ្នក​ចរចា​សំណើ​បទឈប់បាញ់​គ្នា​ថ្មី​មួយ​រង់ចាំ​ស្ដាប់​ដំណើរ​វិវឌ្ឍន៍​នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​នាំ​ឱ្យ​មាន​ការផ្អាក​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ខ្លី​និង​ការ​ដោះលែង​អ្នកទោស​ដែល​ក្រុម​ហាម៉ាស់​ដាក់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ចំណុច​ត្រួសៗ​នៃ​សំណើ​នេះ​គឺជា​សមិទ្ធផល​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង​ក្នុង​ចំណោម​មន្ត្រី​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល កាតា និង​អេហ្ស៊ីប​កាលពី​ដើម​សប្ដាហ៍​នេះ។ មេដឹកនាំ​ក្រុម​ហាម៉ាស់​លោក Ismail Haniyeh គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​អំពី​ផែនការ​នេះ។

នៅ​ពេល​សួរ​អំពី​សេចក្ដី​លម្អិត​នៃ​សំណើ​នេះ​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​សេតវិមាន អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​ថា គ្មាន​ផ្នែក​ណា​មួយ​យក​ជា​បាន​ការ​នៅឡើយ​ទេ​រហូត​ទាល់តែ​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ត្រូវ​បាន​សម្រេច​ឡើង។

ក្រុម​ហាម៉ាស់​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​និង​ឱ្យ​មាន​ការ​ដក​កងទ័ព​អ៊ីស្រាអែល​ទាំងស្រុង​ចេញ​ពី​តំបន់​ហ្កាហ្សា។

ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA) បាន​បញ្ជាក់​ថា ដោយសារ​សង្គ្រាម​តឹងតែង​នៅ​ក្នុង​តំបន់ មនុស្ស ១៨៤.០០០ នាក់​ បាន​ចុះឈ្មោះ​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ និង​បាន​ភៀសខ្លួន​ទៅ​កៀក​នឹង​តំបន់​មាត់​សមុទ្រ​មេឌីទែរ៉ាណេ។

ប្រធាន​ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ថា ប្រជាជន​តំបន់​ហ្កាហ្សា​ប្រហែល ៧៥% ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ថា​ពួកគេ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព ​«ដ៏​យ៉ាប់យ៉ឺន​និង​កាន់តែ​អាក្រក់​ឡើង»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG