នៅពេលមានការជំរុញឱ្យមានការឈប់បាញ់គ្នាថ្មីជាបណ្តោះអាសន្ននៅក្នុងតំបន់ហ្កាហ្សា កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅថ្ងៃពុធនេះនៅក្នុងតំបន់ភាគខាងជើងនិងខាងត្បូងហ្កាហ្សា។
ការវាយប្រហាររបស់អ៊ីស្រាអែលរួមមានទីក្រុងហ្កាហ្សា ជាទីកន្លែងដែលពួកយោធានិយាយថា ខ្លួនក៏បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៥ នាក់ ក្នុងអំឡុងនៃប្រតិបត្តិការថ្មើជើង។
នៅក្រុង Khan Younis ដែលជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង អ្នកដែលឃើញហេតការណ៍ផ្ទាល់ភ្នែក បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាការបន្ថែមដល់ការវាយប្រហារជាច្រើន។
ក្រសួងសុខាភិបាលដែលរៀបចំចាត់ចែងដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់នៅក្នុងការវាយបករបស់អ៊ីស្រាអែលបានកើនឡើងដល់ ២ម៉ឺន ៦ពាន់ ៩រយនាក់ ជាតួលេខដែលរួមទាំងជនស៊ីវិលនិងជនសកម្មប្រយុទ្ធ។
មេដឹកនាំហាម៉ាស់លោក Ismail Haniyeh ត្រូវគេរំពឹងនឹងធ្វើដំណើរទៅកាន់រដ្ឋធានីគែររនៃប្រទេសអេហ្ស៊ីបដើម្បីពិភាក្សាសំណើឈប់បាញ់គ្នា ដែលនឹងរួមបញ្ចូលទាំងការឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់។
លោក Haniyeh បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហាម៉ាស់កំពុងសិក្សាពីផែនការនៃការឈប់បាញ់គ្នាហើយបានបញ្ជាក់ថា ការទាមទារជាយូរយាណាស់មកហើយរបស់ក្រុមសកម្មប្រយុទ្ធឱ្យមានការឈប់បាញ់គ្នាអចិន្ត្រៃយ៍មួយ ហើយនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា។ លោកក៏បាននិយាយដែរថា ក្រុមហាម៉ាស់កំពុងស្វែងរកការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការដកកងទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សា នឹងមិនកើតមានឡើងទេ រហូតទាល់តែអ៊ីស្រាអែលសម្រេចគោលដៅទាំងអស់របស់ខ្លួន។ លោក Netanyahu បានសន្យាកម្ចាត់ក្រុមហាម៉ាស់ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមិនអាចចាប់ផ្តើមការវាយប្រហារនៅពេលអនាគតប្រឆាំងនឹងអ៊ីស្រាអែល៕
អ្នកយកព័ត៌មានរបស់វីអូអេអ្នកស្រី Margaret Besheer រាយការណ៍រឿងនេះពីអង្គការសហប្រជាជាតិនិងអ្នកស្រី Nike Ching នៃវីអូអេក៏បានផ្តល់សេចក្តីរាយការណ៍នេះពីក្រសួងការបរទេសដែរ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ