ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton នៅថ្ងៃអង្គារនេះបានហៅការរក្សាភាពស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ចំពោះសំណើចរចាជាមួយសហរដ្ឋអាមេរិកថាជាការធ្វើពុតមិនដឹងមិនឮ។
លោក Bolton បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុង Jerusalem ថា «លោកប្រធានាធិបតីបានបើកចំហទ្វារស្នើឲ្យមានការចរចាពិតប្រាកដមួយ»។
លោក Bolton បានបញ្ជាក់ទៀតថា «ប៉ុន្តែជាការឆ្លើយតបមកវិញ អ៊ីរ៉ង់នៅរក្សាភាពស្ងៀមស្ងាត់ ធ្វើជាមិនដឹងមិនឮអ្វីទាល់តែសោះ»។
លោក Bolton បានស្ថិតនៅក្នុងទីក្រុង Jerusalem ដើម្បីចូលរួមកិច្ចចរចាជាមួយសមភាគីរុស្ស៊ី និងអ៊ីស្រាអែល រួមទាំងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ផងដែរ ដែលអ៊ីស្រាអែលពណ៌នាថាជាកិច្ចចរចាមិនដែលធ្លាប់មានពីមុនមក។
នៅអមជាមួយនឹងទីប្រឹក្សាសហរដ្ឋអាមេរិក លោក Netanyahu បាននិយាយថា «នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ធំទូលំទូលាយមួយរវាងប្រទេសយើងទាំងបី»។
អត្ថាធិប្បាយរបស់លោក Bolton បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីកំពូលអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែល។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថាការដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបានបណ្តាលឲ្យមានការបិទច្រកការទូតអចិន្ត្រៃយ៍រវាងអ៊ីរ៉ង់និងអាមេរិក។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនយកការណ៍របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលការណ៍នេះបានធ្វើឲ្យលោកប្រធានាធិបតី Trump ពិចារណាអំពីគម្រោងវាយប្រហារសងសឹងត្រឡប់ទៅវិញ តែក្រោយមកត្រូវបានលុបចោលវិញ៕