ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​​ឧទ្ទាម​​រដ្ឋ​​អ៊ីស្លាម​​បាន​​ចាប់​​យក​​មន្ទីរ​ពេទ្យ​​របស់​​​ស៊ីរី


រូបភាព​ដែល​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​Twitter របស់​​រណសិរ្ស​ Nusra ​នៅ​ស៊ីរី​ ​បាន​បង្ហាញ​ពី​ក្រុម​យុទ្ធជន​នៅ​ក្នុង​ក្រុង Jisr Al-Shughour ខេត្ត ​Idlib ប្រទេស​ស៊ីរី នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។ ពួក​​ឧទ្ទាម​​រដ្ឋ​​អ៊ីស្លាម​​បាន​​ចាប់​​យក​​មន្ទីរ​ពេទ្យ​​របស់​​​ស៊ីរី។

ពួក​ឧទ្ទាម​អ៊ីស្លាម​និយម​ បាន​បន្ត​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ខាង​ជើង​ នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត​ ដោយ​ដណ្តើម​យក​បាន​មន្ទីរ​ពេទ្យ​មួយ​ នៅ​កន្លែង​ដែល​កង​ទ័ព​រដ្ឋាភិបាល​បាន​ទទួល​ការ​ឡោម​ព័ទ្ធ​ជា​ច្រើន​សប្តាហ៍​មក​ហើយ។​

អង្គការ​សិទ្ធិ​មនុស្ស​ Syrian​ Observatory​ for​ Human​ Rights​ និយាយ​ថា​ រណសិរ្ស​ al-Nusra​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​ al-Qaida​ បាន​«កាន់​កាប់​ទាំង​ស្រុង»​លើ​មន្ទីរ​ពេទ្យ​មួយ​នៅ​ជាយ​ក្រុង​ Jisr​ al-Shughour។​

ទាហាន​រដ្ឋាភិបាលមួយ​ចំនួន​និង​មនុស្ស​ឯ​ទៀត​បាន​នៅ​លាក់​ខ្លួន​ក្នុង​មន្ទីរ​ពេទ្យ​ ចាប់​តាំង​ពី​ចុង​ខែ​មេសា​មុន។​

ភ័ព្វ​វាសនា​របស់​ជន​ទាំង​នេះ​មិន​ដឹង​ជា​យ៉ាង​ដូច​ម្តេច​ទេ​ តែ​រណសិរ្ស​ Nusra​ និយាយ​តាម​បណ្តាញ​ Twitter​ ថា ​ខ្លួន​កំពុង​ដេញ​តាម​ទាហាន​ទាំង​នោះ។​

ពួក​ al-Nusra​ កាល​ពី​ខែ​មុន​បាន​ត្រួត​ត្រា​ទី​ក្រុង​ Jisr​ al-Shughour​ ដែល​ជា​ទី​តាំង​សំខាន់​ចុង​ក្រោយ​មួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​ Idlib។​

យុទ្ធជន​របស់​លោក​ប្រធានាធិបតី​ al-Assad​ បាន​ទទួល​បរាជ័យ​ជា​បន្ត​បន្ទាប់​ជា​មួយ​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​

កាល​ពី​សប្តាហ៍​មុន​ ពួក​រដ្ឋអ៊ីស្លាម​បាន​បង្ខំ​ឲ្យ​កង​ទ័ព​រដ្ឋាភិបាល​ដក​ចេញ​ពី​ទីក្រុង​បុរាណ​ Palmyra​ ដែល​ធ្វើ​ឲ្យ​វត្ថុ​សិល្បៈ​មាន​តម្លៃ​ប្រៀប​មិន​បាន​ដែល​មាន​អាយុ​ ២​ ពាន់​ឆ្នាំ​នៅ​ទី​នោះ​អាច​មាន​គ្រោះថ្នាក់​ដោយ​ត្រូវ​ពួក​ឧទ្ទាម​បំផ្លិច​បំផ្លាញ៕

XS
SM
MD
LG