ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ជម្លៀស​ពួក​រដ្ឋឥស្លាម​ជាប់​គាំង​ បន្ទាប់​ពី​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​ត្រូវ​បាន​សម្លាប់


 ​​មេដឹកនាំ​ក្រុម​ឧទ្ទាម លោក Zahran Alloush (កណ្តាល) ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ជិត​រដ្ឋ​ធានី​ដាម៉ាស។
​​មេដឹកនាំ​ក្រុម​ឧទ្ទាម លោក Zahran Alloush (កណ្តាល) ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ជិត​រដ្ឋ​ធានី​ដាម៉ាស។

ប្រភព​ឃ្លាំមើល ​និង​សន្តិសុខ​និយាយ​ថា ​ផែនការ​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ជម្លៀស​ពួក​សង្រ្គាម​សាសនា​រាប់​ពាន់​នាក់នៅ​ក្រោម​ការ​ឡោម​ព័ទ្ធ​នៅ​តំបន់​ជិត​រដ្ឋ​ធានី​នៃ​ប្រទេសស៊ីរី ​បាន​ត្រូវ​ពន្យា​ពេល ​បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​ក្រុម​ឧទ្ទាម​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​មេដឹកនាំ​រូប​នោះ​នឹងត្រូវ​ធ្វើការ​ធានា​សុវត្ថិភាព​ដល់​ពួក​ជន​សកម្ម​ប្រយុទ្ធ។

ការ​ជម្លៀស​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​៤.០០០នាក់​ចេញ​ពី​តំបន់ទី​ក្រុង​ដាម៉ាស​ភាគ​ខាង​ត្បូង ​ត្រូវ​បាន​គេ​រំពឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​ ក៏ប៉ុន្តែ ​អង្គការ​សិទ្ធិមនុស្ស Syrian Observatory ដែលមាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កិច្ច​ព្រម​ព្រៀង​នោះ ​បាន​ត្រូវ​ជាប់​គាំង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីមេដឹកនាំ​ក្រុម​ឧទ្ទាម លោក Zahran Alloush ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រនៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ជិត​រដ្ឋ​ធានី​ដាម៉ាស។

ពួក​អ្នក​ឃ្លាំមើល​និយាយ​ថា ​លោក Alloush បាន​ប្រុង​ប្រៀប​ធានា​ឲ្យ​មានច្រក​សុវត្ថិភាព​ចេញ​ពី​រដ្ឋ​ធានី​ដាម៉ាស​ទៅ​កាន់​ទីក្រុង Raqqa ​ដែល​ជាទីតាំង​ដ៏​រឹង​មាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​ជា​ផ្នែកមួយ​នៃ​ផែនការ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​គោល​បំណង​បញ្ចប់​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​៥​ឆ្នាំ​ ដែល​បាន​បំផ្លាញ​ប្រទេស​ស៊ីរី។

សេចក្តី​លម្អិត​នៃ​ការ​ស្លាប់​របស់​លោក Alloush ​ស្ថិតក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​កាល​ពី​ថ្ងៃ​សៅរ៍ ​ថ្វីបើ​មានសេចក្តី​រាយការណ៍​ថា ​កងកម្លាំង​យោ​ធា​របស់​រដ្ឋាភិបាល​ប្រធានា​ធិបតី Bashar al-Assad បាន​សម្លាប់​លោក​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ក៏​ដោយ។

កិច្ចព្រម​ព្រៀង​ជម្លៀស​មនុស្ស​ ​គឺជាលើក​ទី​មួយ​រវាង​រដ្ឋាភិបាលលោក Assad​ និង​ក្រុម​រដ្ឋ​ឥស្លាម ​ហើយ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​តើ​ការ​ជម្លៀស​មនុស្ស​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទៀត​ទេ។​
មនុស្សជាង ​២​៥​០.០០០នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ជម្លោះ​នោះ ​ដែល​បាន​បង្ខំ​មនុស្ស​ជាង​៤​លាននាក់​ឲ្យ​រត់​គេច​ចេញ​ពី​ប្រទេស​ចាប់​តាំង​ពី​សង្គ្រាម​នោះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១១ មក៕

XS
SM
MD
LG