ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមរដ្ឋ​ឥស្លាម​ប្រកាស​ទទួល​ខុស​ត្រូវ​រឿង​ភេរវករ​ប្រើ​រថយន្ត​សម្លាប់​មនុស្ស​នៅក្រុង​ញូវយ៉ក


អ្នក​ជិះ​កង់​ម្នាក់​ឈប់​ដើម្បី​សម្តែង​ការ​សោក​គោរព​​នៅ​កន្លែង​ដែល​គេ​​ដាក់​ផ្កា​ដើម្បី​រំឭក​ដល់​អ្នក​ដែល​ស្លាប់​ដោយ​ឡាន​ភេរវករបើក​ឡាន​បុក។
អ្នក​ជិះ​កង់​ម្នាក់​ឈប់​ដើម្បី​សម្តែង​ការ​សោក​គោរព​​នៅ​កន្លែង​ដែល​គេ​​ដាក់​ផ្កា​ដើម្បី​រំឭក​ដល់​អ្នក​ដែល​ស្លាប់​ដោយ​ឡាន​ភេរវករបើក​ឡាន​បុក។

រុមរដ្ឋ​ឥស្លាម​បាន​ប្រកាស​ថា​ សាយ​ហ្វូឡូ ​សៃពៅ ​(Sayfullo Saipov) អាយុ​២៩​ឆ្នាំ ​ជា​ជន​អន្តោ​ប្រវេសន៍​មក​ពី​ប្រទេស​អ៊ូប៊ែរគីស្ថាន ​(Uzbekistan)​ ដែល​បាន​សម្លាប់​មនុស្ស​៨​នាក់​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពីដើម​សប្តាហ៍​នេះ​ដោយ​ប្រើ​រថយន្តនោះ​ គឺ​ជា​សមាជិក​របស់​ខ្លួន។

ក្រុម​ភេរវករ​បាន​និយាយ​នៅ​ក្នុង​កាសែត ​អាល់ ណាបា ​(Al-Naba)​ ប្រចាំ​សប្តាហ៍​របស់​ក្រុមភេរវករ​នេះ​ថា ​អ្នក​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ញូវយ៉ក​នេះ​គឺ​ជា​ទាហាន​ម្នាក់​របស់​ខ្លួន​ ក៏​ប៉ុន្តែ​គេ​មិន​បាន​ផ្តល់​ភ័ស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​ការអះ​អាង​នោះ​ទេ។

សៃ​ពៅ​ ដែល​បាន​ចូល​មក​កាន់​ប្រទេស​អាមេរិក​ដោយ​ស្រប​ច្បាប់​តាម​រយៈ​កម្ម​វិធី​ទិដ្ឋាការ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក (DV) ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​បទ​ភេរវកម្ម ​ដែល​ទាក់​ទង​នឹង​ការ​បើក​រថយន្ត​ជួល​បុក​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃអង្គារ​ នៅលើ​ផ្លូវជិះកង់។ ​បន្ថែម​ពីលើចំនួន​មនុស្ស​ស្លាប់​ក៏​មាន​មនុស្ស​រាប់​សិប​នាក់​ដែល​រង​របួស​ជា​ទម្ងន់​ផង​ដែរ។​

សៃពៅ ​ត្រូវ​ប៉ូលិស​បាញ់​ឲ្យ​របួស ​ហើយ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បន្ទាប់​នោះ។ មន្ត្រី​ក្នុង​មន្ទីរ​ពេទ្យ​បាននិយាយ​ថា ​អ្នក​វាយ​ប្រហារ​ភេរវកម្ម​នេះ ​បាន​បញ្ជាក់​ពី​ភក្តីភាព​របស់គាត់​ចំពោះ​ក្រុមរដ្ឋឥស្លាម​ (IS) ​ដោយ​បាន​ស្នើ​សុំ​ទង់​ជាតិ​រដ្ឋ​ឥស្លាម​ដាក់​ក្នុង​បន្ទប់​ព្យាបាល​របស់​គាត់។​ ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​បដិសេធ។

ប្រធានាធិបតីប្រទេស​អ៊ូប៊ែរគីស្ថាន ​បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ថា​ ការ​វាយ​ប្រហារ​នោះ​ជា​រឿង​គ្មាន​មេត្តា​និង​សាហាវ​ព្រៃផ្សៃ​ ហើយ​ថា​រដ្ឋាភិបាល​លោក​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ ជួយ​ដល់​ការ​ស៊ើប​អង្កេត៕

XS
SM
MD
LG