លទ្ធផលបោះឆ្នោតសភានៅក្នុងប្រទេសអៀរឡង់បង្ហាញថា ក្រុមសម្ព័ន្ធមិត្តដែលកាន់អំណាចប្រហែលជាអាចនឹងបែកបាក់ដោយសារការបាត់បង់អាសនៈនៅក្នុងសភានៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ប៉ុន្មានម៉ោងមុនពេលដែលគេរាប់សន្លឹកឆ្នោតនៅថ្ងៃសៅរ៍នេះ អ្នកផ្សាយព័ត៌មានRTE បានផ្សាយថា គណបក្ស Fine Gaelរបស់លោកនាយករដ្ឋមន្រ្តី Enda Kenny ទទួលបានសន្លឹកឆ្នោតគាំទ្រតិចជាងការរំពឹងទុកយ៉ាងច្រើន គឺត្រឹមតែ២៣,៨ភាគរយប៉ុណ្ណោះ។
គេរំពឹងថា គណបក្សពលកម្ម ដែលជាដៃគូរបស់គណបក្សនេះ នឹងទទួលបានសន្លឹកឆ្នោតគាំទ្រប្រមាណ៧ភាគរយ ដែលធ្វើឲ្យក្រុមសម្ព័ន្ធមិត្តនេះបាត់បង់សម្លេងភាគច្រើននៅក្នុងសភា។
គេរំពឹងថា គណបក្សFianna Fail ដែលជាគូប្រជែងនោះ នឹងទទួលបានសម្លេងគាំទ្រ២១,១ភាគរយ។ គណបក្សធំៗទាំង២នេះ ដែលត្រូវបានបង្កើតឡើងពីក្រុមប្រឆាំងពីរកាលពីសម័យសង្រ្គាមស៊ីវិលដែលមានរយៈពេលជិតមួយទសវត្សរ៍ក្នុងប្រទេសអៀរឡង់នោះ មិនធ្លាប់ធ្វើការជាមួយគ្នានៅក្នុងសភាពីមុនមកនោះទេ។
ការណ៍នេះធ្វើឲ្យក្រុមតំណាងរាស្រ្តអៀរឡង់មានភាពមិនច្បាស់លាស់ចំពោះជំហានបន្ទាប់ទៀត។ ការបោះឆ្នោតថ្មីមួយទៀតអាចនឹងត្រូវបានគេរៀបចំឡើង ឬគណបក្សទាំងពីរអាចបង្កើតទៅជាក្រុមសម្ព័ន្ធមិត្តមួយជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តប្រជាធិបតេយ្យរបស់អៀរឡង់៕