ក្រុមមន្ត្រីអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួករដ្ឋឥស្លាមបានធ្វើការវាយប្រហារគីមីពីរនៅជិតក្រុង Kirkuk ក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យកុមារីម្នាក់អាយុបីឆ្នាំស្លាប់ ធ្វើឱ្យរបួសមនុស្ស៦០០នាក់ និងបណ្តាលឱ្យមនុស្សរាប់រយនាក់ទៀតរត់គេចខ្លួនចេញពីទីនោះ។
ក្រុមមន្ត្រីសន្តិសុខ និងក្រុមមន្ត្រីពេទ្យបាននិយាយថា ការវាយប្រហារថ្មីៗបំផុតនេះបានកើតមានឡើងកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងក្រុងតូចមួយឈ្មោះ Taza ដែលបានរងការបាញ់ផ្តក់ដោយរ៉ុក្កែតមានផ្ទុកសារធាតុគីមីពុលកាលពីបីថ្ងៃមុននោះ។
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានប្តេជ្ញាថានឹងសងសឹកប្រឆាំងនឹងពួករដ្ឋឥស្លាមដែលបានធ្វើការវាយប្រហារនេះ។ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដែលបានត្រូវសង្ស័យថាជាការវាយប្រហារដោយឧស្ម័នម៉្យាងដែលមានឈ្មោះថា mustard លើក្រុង Taza ដែលបានបណ្តាលឱ្យកុមារីម្នាក់អាយុបីឆ្នាំម្នាក់បាត់បង់ជីវិត «នឹងត្រូវទទួលទណ្ឌកម្ម»។
លោក Adel Hussein ដែលជាមន្ត្រីមូលដ្ឋានម្នាក់នៅក្នុងក្រុង Taza បាននិយាយថា «មានការភ័យខ្លាច និងការភ្ញាក់ផ្អើលក្នុងចំណោមស្ត្រី និងកុមារ។ ពួកគេបានសុំដល់រដ្ឋាភិបាលកណ្តាលឱ្យជួយសង្គ្រោះពួកគេ»។ លោក Hussein បានថ្លែងថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ និងអាមេរិកាំងបានទៅដល់តំបន់នោះហើយដើម្បីធ្វើតេស្តអំពីវត្តមាននៃសារធាតុគីមីពុល៕