ក្រុមមន្ត្រីយោធានៃរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ពួកគេបានបង្ហូតទង់ជាតិឡើងនៅលើអគាររដ្ឋាភិបាលធំបំផុតនៅក្នុងក្រុង Ramadi ៧ខែក្រោយពីក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមវាយយកទីក្រុងសំខាន់នៃខេត្ត Anbar។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកមេដឹកនាំយោធាអ៊ីរ៉ាក់បាននិយាយខុសគ្នាពីការវាយតម្លៃលើភាពជោគជ័យរបស់ពួកគេនៅក្នុងក្រុងនេះ នាផ្នែកខាងលិចនៃប្រទេសអ៊ីរ៉ាក់។
លោកឧត្តមសេនីយ៍ត្រី Yahya Rasool បានប្រកាសនៅក្នុងទូរទស្សន៍រដ្ឋកាលពីថ្ងៃច័ន្ទថា ក្រុង Ramadi ត្រូវបាន«រំដោះ»ហើយ។ ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ Ismail al-Mahlawi ប្រធានកិច្ចប្រតិបត្តិការយោធានៅក្នុងខេត្ត Anbar បាននិយាយថា ផ្នែកខ្លះនៃក្រុងនេះស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមរដ្ឋឥស្លាមនៅឡើយ។
មន្ត្រីយោធាស.រ.អា.ម្នាក់បាននិយាយថា ក្រុមយុទ្ធជនរដ្ឋឥស្លាមត្រូវបានបណ្តេញចេញពី «ហេដ្ឋារចនាសម្ព័ន្ធសំខាន់» ក្នុងក្រុង Ramadi ហើយ ក៏ប៉ុន្តែលោកបានប្រកែកមិនព្រមប្រកាសអំពីជ័យជំនះទាំងស្រុងសម្រាប់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់នៅក្នុងក្រុងនេះទេ។
មន្ត្រីរូបនេះបាននិយាយប្រាប់ VOA កាលពីថ្ងៃច័ន្ទនៅក្រុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ថា វាជាការ «សមរម្យជាងដោយហៅការណ៍នេះថាជាជំហានយុទ្ធសាស្ត្រមួយនៅក្នុងទិសដៅត្រឹមត្រូវ។»
ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយស.រ.អា. កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានជម្រុលទៅមុខទៅកាន់ផ្នែកកណ្តាលក្រុង Ramadi កាលពីសប្តាហ៍មុន៕