ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​​ប្រហារចុង​ក្រោយ​របស់​កង​កម្លាំង​អ៊ីរ៉ាក់​​​ក្នុង​ការ​ដណ្តើម​ក្រុង​ Ramadi ពី​ក្រុម​រដ្ឋ​ឥស្លាម


កង​កម្លាំង​អ៊ីរ៉ាក់​បាន​ឈ្នះ​ប្រៀប​លើ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ការ​ដណ្តើម​យក​ក្រុង​ Ramadi មក​វិញ។​
កង​កម្លាំង​អ៊ីរ៉ាក់​បាន​ឈ្នះ​ប្រៀប​លើ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ការ​ដណ្តើម​យក​ក្រុង​ Ramadi មក​វិញ។​

មន្ត្រី​យោធា​នៃ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​បាន​រត់​គេច​ខ្លួន​ចេញ​ពី​អគារ​រដ្ឋាភិបាល​មួយ​មាន​កំផែង​ព័ទ្ធជុំវិញ​នៅ​ក្នុង​ក្រុង​ Ramadi នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ឡោមព័ទ្ធ​សំបុក​ធំ​ចុង​ក្រោយ​បង្អស់​របស់​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ក្រុង​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្នែក​ខាង​លិច​ប្រទេស​ដែល​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​កាល​ពី​៧​ខែ​កន្លង​ទៅ​នេះ។

ការ​វាយ​យក​បាន​អគារ​នេះ​មក​វិញ​ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំងនៅ​ក្នុង​ក្រុង​ Ramadi ​អាច​ឱ្យ​កងទ័ព​រដ្ឋាភិបាល​ត្រួតត្រា​ក្រុង​សំខាន់​នេះ​ម្តង​ទៀត​ដែល​ជា​ក្រុង​ស្នូល​នៃ​ខេត្ត Anbar។​ មាន​គ្រាប់​មីន​កប់នៅ​ជុំវិញ​អគារនោះ។​

អ្នក​នាំ​ពាក្យ​យោធា​ម្នាក់​បាន​និយាយ​ថា​ ក្រុម​ទាហាន​បាន​ប្រើ​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​បំផ្ទុះ​គ្រាប់​មីន​ខ្លះ​និង​ជួយ​ឱ្យ​ពួក​គេ​វាយ​យក​បាន​ដែនដី​ខ្លះ​ផង​ដែរ។​

ក្រុម​មន្ត្រី​យោធា​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បាន​ព្យាយាម​ធ្វើ​ឱ្យ​ការ​ជម្រុល​ទៅ​មុខ​របស់​ពួក​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​មាន​ការ​យឺត​យូរ​ ដោយ​ប្រើអ្នកបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ គ្រាប់បែក​បង្កៃ​ និង​អ្នកលប​បាញ់​ត្រង់​ ដោយ​រួម​មាន​ការប្រើ​ក្រុម​ជន​ស៊ីវិល​ជា​ខែល​មនុស្ស។

គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​ តើ​មាន​ជន​ស៊ីវិល​ប៉ុន្មាន​នាក់​នៅ​សេស​សល់​ក្នុង​ក្រុង​នេះ​ទេ។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​ អ្នក​ស្រុក​ភាគ​ច្រើន​បាន​ជ្រក​កោន​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ជិតទីនោះ៕

XS
SM
MD
LG