ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ Yazd ​ទទួល​អ្នក​រួច​ជីវិត​ពី​ពួក​រដ្ឋ​ឥស្លាម​​តែ​មិន​ទទួល​ក្មេង​កើត​ពី​ការ​រំលោភ​របស់​ពួក​នេះ​ទេ


Dilbar Ali Ravu អាយុ​១០ឆ្នាំ ត្រូវ​បាន​ម្តាយមីង​ថើប បន្ទាប់​ក្មេងៗ​ជនជាតិ Yazidi បាន​ជួបជុំ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​វិញ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។
Dilbar Ali Ravu អាយុ​១០ឆ្នាំ ត្រូវ​បាន​ម្តាយមីង​ថើប បន្ទាប់​ក្មេងៗ​ជនជាតិ Yazidi បាន​ជួបជុំ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​វិញ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

ក្រុម​ប្រឹក្សា​ជំនឿ​របស់​សហគមន៍ ​Yazidi ​នៅ​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ខ្លួន​នឹង​មិន​ទទួល​កូន​របស់​ស្ត្រី​និង​ក្មេងស្រី​ដែល​ត្រូវ​បាន​រំលោភ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ទេ។ ​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​បាន​ចេញសេចក្តី​ថ្លែង​ថា​ ពួកគេ​នឹង​ទទួល​យក​អ្នក​នៅ​មាន​ជីវិត​ទាំង​អស់។

ពួក​រដ្ឋ​ឥស្លាម​បាន​វាយ​ប្រហារ​តំបន់​ Yazidi ​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០១៤​ ហើយ​បាន​សម្លាប់​រង្គាល​បុរសៗនិង​បង្ខំ​ស្ត្រី​និង​កុមារ​ឱ្យ​ក្លាយ​ជា​ទាសករ។​ ក្រុម​នេះ​ព្យាយាម​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគ​តិចនេះ​ឲ្យ​សាប​សូន្យ ​ដោយ​សារ​ពួកគេជា​ក្រុម​កាន់​សាសនា​ខុស​គេ។​

កិច្ចខិត​ខំប្រឹង​ប្រែង​កំណត់​ទីតាំង​ជន​ជាតិ​ Yazidis ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពួក​សកម្ម​ប្រយុទ្ធ ​ត្រូវ​បាន​រំខាន​មួយ​ផ្នែកដោយ​ការ​ស្ទាក់ស្ទើរ​របស់​សហគមន៍ក្នុង​ការ​ទទួល​យក​កុមារ ​កើត​ចេញ​ពីការ​រំលោភ​សេពសន្ថវៈរបស់​ពួក​រដ្ឋឥស្លាម។

ជនជាតិ​ Yazidis​ ប្រមាណ​៣​ពាន់នាក់​នៅ​បាត់​ខ្លួន​នៅឡើយ ច្រើន​សប្តាហ៍​បន្ទាប់ពី​កម្លាំង​ Kurd​ ដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​កម្ទេច​ក្រុម​ចុងក្រោយ​របស់​ពួក​រដ្ឋ​ឥស្លាម ​ដែល​ហៅ​ខ្លួន​ឯង​ថា ​Caliphate។

លោក ​Ali Khedhir Ilyas ​មន្ត្រី​ជនជាតិ Yazidi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ក្រុម​ប្រឹក្សា​ជំនឿ​នៅ​អ៊ីរ៉ាក់​បាន​លើក​ទឹក​ចិត្តស្ត្រី ​Yazidi​ ឱ្យ​វិល​ត្រឡប់​ជាមួយ​កូនចៅ​ដោយ​មិន​ប្រកាន់​ថា ​ឪពុក​ម្តាយ​ពួកគេជា​អ្នក​ណាទេ​ ​ប៉ុន្តែ​បាន​បន្ថែម​ថា «យើង​មិន​អាច​បង្ខំ​ក្រុម​គ្រួសារ​ឱ្យ​ទទួល​យកកូន​ដែល​កើត​ពី​ការ​រំលោភ​ទេ»៕

XS
SM
MD
LG