ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កប៉ាល់​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ភាព​តានតឹង


ក្រុម​បាតុករ​ស្រែក​​តវ៉ា​នៅ​​ខាង​ក្រៅ​បរិវេណ​ស្ថាន​កុងស៊ុល​ប្រទេស​ចិន​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ ម៉ាកាទី (Makati city) ខាង​កើត​ក្រុង​ម៉ានីល​ប្រទេស​ហ្វ៊ីលីពីន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១១ ដើម្បី​ប្រឆាំង​នឹង​ការ​ព័ត៌មាន​​នៃ​ការ​ទន្ទ្រាន

កប៉ាល់​ស៊ីវិល​ដ៏ធំ​បង្អស់​មួយ​គ្រឿង​របស់​ចិន​កំពុង​ឆ្លង​កាត់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​កន្លែង​ការ​តានតឹង​មាន​កម្រិត​ខ្ពស់​ពីព្រោះ​តែ​ជម្លោះ​លើ​ប្រជុំ​កោះ​ ដែល​គេ​ជឿជាក់​ថា​ស្ថិត​នៅលើ​អណ្តូង​ប្រេង​និង​ឧស្ម័ន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

លោក​ហុងលី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា​ កប៉ាល់ Haixun ​31 បាន​ចាកចេញ​ពី​កំពង់ផែ​របស់​ខ្លួន​ក្នុង​ខេត្ត​ក្វាងទុង (Guangdong)​ ភាគ​ខាង​ត្បូង។

លោក​និយាយ​ថា​ កប៉ាល់​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី​ទៅតាម​អ្វី​ដែល​លោក​ពិពណ៌នា​ថា​ជាដំណើរ​បំពេញ​ទស្សនកិច្ច​ធម្មតា។

ការ​ធ្វើដំណើរ​នេះ​កត់សម្គាល់​ជា​លើក​ទីមួយ​ ដែល​អាជ្ញាធរ​ចិន​បាន​បញ្ជូន​កប៉ាល់​ដ៏​ធំ​មួយ​ទៅ​ឈប់​សំចត​នៅ​ប្រទេស​ក្រៅ​ ទោះជា​ប្រទេស​ផ្សេងៗ​ទៀត​ធ្វើ​បេសកម្ម​ជា​ប្រចាំ​បែបនេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើឲ្យ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ក៏ដោយ។

ផ្លូវទៅ​កាន់​ប្រទេស​សិង្ហបុរី​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​កប៉ាល់​ Haixun ​31​ ទៅ​កាន់​តំបន់​នានា​នៅ​ជិត​នោះ​ ដែល​នាវា​យាមល្បាត​ចិន​ស្រដៀង​គ្នា​នេះ​បាន​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​កាល​ពីពេល​ថ្មីៗ​នេះ ដែល​បាន​បង្កើន​ការ​តានតឹង​ជាមួយ​ប្រទេស​ហ្វ៊ីលីពីន​និង​ប្រទេស​វៀតណាម។

ជម្លោះ​ដែនដី​ដ៏​សំខាន់​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ទាក់ទិន​នឹង​ប្រជុំ​កោះ​ ស្ព្រាតលី (Spratlys)​ ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​ហើយ​ត្រូវ​គេ​ជឿជាក់​ថា​ស្ថិតនៅ​អណ្តូង​ប្រេង​និង​ឧស្ម័ន​ដ៏​ធំ​សម្បើម។

ប្រទេស​ប៊្រុយណេ ​ម៉ាឡេស៊ី​ ហ្វ៊ីលីពីន ​កោះតៃវ៉ាន់​និង​ប្រទេស​វៀតណាម​ ក៏បាន​ធ្វើ​ការ​ទាមទារ​ប្រជុំ​កោះ​ទាំងនោះ​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ចិន​បាន​ផ្តាស់ប្តូរ​ពាក្យសម្តី​ដ៏​ក្តៅគគុក​អំពី​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ហ្វ៊ីលីពីន ​និង​វៀតណាម។ នៅ​ដើម​សប្តាហ៍​នេះ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​ធ្វើ​សមយុទ្ធ​កប៉ាល់​ចម្បាំង​ដោយ​បាញ់​កាំភ្លើង​មែន​ទែន។ បណ្តាញ​ផ្សាយព័ត៌មាន​ចិន​រាយការណ៍​អំពី​នាវា​យាមល្បាត​នោះ​ដោយ​មិន​បញ្ជាក់​ឲ្យ​ចំៗ​ពីជម្លោះ​ដែនដី​ទេ។ ក៏ប៉ុន្តែ​ពួកគេ​បាន​សង្កត់​ធ្ងន់​ថា ​ការធ្វើ​ដំណើរ​នោះ​មាន​គោលបំណង​ដើម្បី​បង្ហាញ​នូវ​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ការពារ​ការទាមទារ​ដែនដី​របស់​ខ្លួន។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យមាន​ដំណោះស្រាយ​ពហុភាគី​ក្នុង​ជម្លោះ​ប្រជុំ​កោះ ​Spratlys នេះ។

អ្នក​នាំពាក្យ​ចិន​បង្ហាញ​ថា ​ប្រទេស​របស់​លោក​នៅតែ​ពេញចិត្ត​ដោះ​ស្រាយ​ជាមួយ​ប្រទេស​ទាមទារ​និមួយៗ​ដាច់​ដោយឡែក​ពីគ្នា។

លោក​និយាយ​ថា ​ចិន​ចង់​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការ​ចរចា​ដោយ​ផ្ទាល់​ហើយ​បាន​តាំងចិត្ត​ថែរក្សា​សន្តិភាព​និង​ស្ថេរភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​និយាយ​ទៀត​ថា​ជំហរ​នេះ ​តាម​សម្តី​របស់​លោក​ មិន​ផ្លាស់ប្តូរ​ទេ។

ច្បាប់​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ចិន​ចំពោះ​សកម្មភាព​ដ៏​គគ្លើន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​ពហុភាគី៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG