អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានដាក់អ្នកទោសអាមេកាំង ៥ នាក់នៅក្នុងការឃុំឃាំងក្នុងផ្ទះនៅ ក្នុងការដោះដូរប្រាក់រាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍មួយកើតមានឡើង នៅពេលដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់បាននិយាយជាច្រើនខែមកហើយថា ខ្លួនបើកឱ្យមានការដោះដូរអ្នកទោសជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានឱ្យដឹងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ បាននិយាយថា៖ «នៅក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសទី ៣ ជនជាតិអ៊ីរ៉ង់ ៥ នាក់ដែលបានជាប់ពន្ធនាគារក្នុងសហរដ្ឋអាមេរិកនឹងត្រូវដោះលែង ហើយថវិការបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងលែងបង្កក ហើយផ្ទេរទៅកាន់ប្រទេសកាតា»។
អ៊ីរ៉ង់និយាយថា ការដោះស្រាយជាមួយសហរដ្ឋអាមេរិក ទាក់ទិននឹងប្រាក់រវាងពី ៦ពាន់លាន ទៅ ៧ពាន់លានដុល្លារ ដែលត្រូវបានបង្កកដោយសារការដាក់ទណ្ឌកម្ម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដោះលែងជនជាតិអាមេរិកាំង ៥ នាក់ ពីពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ង់ជា «ជំហានវិជ្ជមានមួយ»។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទកាសែតថា ក្រសួងការបរទេសបាននិយាយជាមួយជនជាតិអាមេរិកាំងទាំង ៥ នាក់នោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយថា លោកមិនបានដឹងថាមានជនជាតិអាមេរិកាំងណាទៀតទេ ដែលនៅឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់នោះ។
អ្នកទោសជាតិអាមេរិកាំង ៤ នាក់ ត្រូវបានគេយកចេញពីគុកដ៏ព្រៃផ្សៃ Evin នៅក្នុងរដ្ឋធានីតេហេរ៉ង់ទៅកាន់ការឃុំឃាំងក្នុងសណ្ឋាគារដែលមិនប្រាប់ឱ្យដឹងមួយកន្លែង ជាទីកន្លែងដែលពួកគេនឹងត្រូវស្ថិតនៅក្រោមការការពារដោយពួកមន្ត្រីអ៊ីរ៉ង់។ នេះបើតាមលោក Jared Genser មេធាវីសិទ្ធិមនុស្សដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍។
លោកបានបន្ថែមទៀតថា ជនជាតិអាមេរិកាំងទី ៥ ជាស្ត្រីដែលគេមិនប្រាប់ឈ្មោះដែលការឃុំឃាំងទើបត្រូវបានដឹងជាសាធារណៈកាលពីពេលថ្មីៗនេះ ក៏ស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះដែរ។
លោក Genser បានប្រាប់ឈ្មោះអ្នកទោស ៣ នាក់នោះគឺ Siamak Namazi, Emad Shargi និង Morad Tahbaz។ លោក Genser មិនបានប្រាប់ឈ្មោះបុគ្គលទី ៤ ទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watsonបា នបញ្ជាក់ថា អ៊ីរ៉ង់បានផ្ទេរអ្នកទោសអាមេរិកាំង ៥ នាក់ដែល«ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌» ទៅកាន់ការឃុំឃាំងនៅក្នុងផ្ទះ៕
អ្នកស្រី Nike Ching ប្រធានការិយាល័យ VOA ប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP, Reuters និង AFP