មន្រ្តីសហរដ្ឋអាមេរិកម្នាក់និយាយថា នាវាយាមល្បាតមួយគ្រឿងរបស់អ៊ីរ៉ង់បានបាញ់ទៅលើកប៉ាល់ពាណិជ្ជកម្មដែលមានដាក់ទង់ជាតិប្រទេសសិង្ហបុរីនៅក្នុងឈូងសមុទ្រពែកកាលពីថ្ងៃព្រហស្បតិ៍ក្នុងសភាពប៉ុនប៉ងបញ្ឈប់កប៉ាល់នោះដោយសារជម្លោះហិរញ្ញវត្ថុទៅលើការខូចខាតការដ្ឋានខួងប្រេងរបស់អ៊ីរ៉ង់។
យោងតាមមន្រ្តីសហរដ្ឋអាមេរិកដែលមិនត្រូវបានគេអនុញ្ញាតិឲ្យពិភាក្សាបញ្ហានេះលម្អិត បានប្រាប់ឲ្យដឹងថា កាលពីដំបូងអ៊ីរ៉ង់បានបាញ់ព្រមានបន្ទាប់ពីកប៉ាល់ MT Alpine Eternity បានបដិសេធពុំព្រមចូលក្នុងផ្ទៃទឹកអ៊ីរ៉ង់។ ឧបទ្ទវេហេតុនេះបានកើតមានឡើងនៅភាគខាងត្បូងនៃកោះ Abu Musa ក្នុងឈូងសមុទ្រពែក។
មន្រ្តីរូបនោះបាននិយាយទៀតថា យោធាសហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ។
យោងទៅតាមមន្រ្តីសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការបាញ់ព្រមាន កប៉ាល់នោះបានចាប់ផ្តើមបើកឆ្ពោះទៅកាន់ផ្ទៃទឹករបស់ប្រទេសអារ៉ាប់រួម (United Arab Emirates) ហើយបន្ទាប់មក អ៊ីរ៉ង់បានបាញ់កាំភ្លើងយន្ត។ មន្រ្តីនោះនិយាយទៀតថា សេចក្តីរាយការណ៍ពីដំបូងៗប្រាប់ឲ្យដឹងថា គ្មានមនុស្សនៅលើកប៉ាល់រងរបួសទេ។
នៅក្នុងការឆ្លើយតបការអំពាវនាវឲ្យជួយពីកប៉ាល់ Alpine Eternity ឆ្មាំការពារដែនសមុទ្រប្រទេសអារ៉ាប់រួមបានធ្វើការឆ្លើយតប ហើយនាវាអ៊ីរ៉ង់ បានចាកចេញពីតំបន់នោះ។
ក្រុមមន្រ្តីនៅឯក្រុមហ៊ុន Transpetrol ដែលជាអ្នកចាត់ចែងកប៉ាល់មានដាក់ទង់ជាតិសិង្ហបុរីដែលទីភ្នាក់ងារព័ត៌មាន Associated Press បានទាក់ទង និយាយថា ពួកគេគ្មានព័ត៌មានថ្មីៗទេ។ ក្រុមហ៊ុននោះមានការិយាល័យនៅក្នុងប្រទេសបែលហ្ស៊ិក ន័រវែស ស្វ៊ីស និង Bermuda៕