ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ជំទាស់​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​អញ្ជើញ​មក​ដល់​សម្រាប់​សុន្ទរកថា​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​អញ្ជើញ​មក​ដល់​សម្រាប់​សុន្ទរកថា​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ថា​ជា​ទង្វើ​បិទ​បញ្ចប់​ដំណោះស្រាយ​បែប​ការទូត​សម្រាប់​ការ​ដោះ​ស្រាយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ហៅ​ការ​ស្នើ​សុំ​ចរចា​របស់​សហរដ្ឋ​អាមេរិក​ថា​ជា​រឿង​បោកប្រាស់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​លើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​មេបញ្ជាការ​ជាន់​ខ្ពស់ ៨ រូប​ទៀត​នៃ​យោធា និង​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ លោក Trump បាន​ស្នើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ «ផ្លាស់ប្ដូរ​ឥរិយាបថ​បំផ្លិចបំផ្លាញ​របស់​ខ្លួន គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ត្រឡប់​ចូល​តុ​ចរចា​ដោយ​ក្ដី​ស្មោះត្រង់»។

ប៉ុន្តែ ដោយសារ​សហរដ្ឋ​អាមេរិក​គំរាម​បន្ថែម​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ហៅ​វិធានការ​របស់​រដ្ឋបាល​លោក Trump ថា «មាន​លក្ខណៈ​សាហាវ​យង់ឃ្នង​ហួសហេតុ និង​ភ្លីភ្លើ»។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «អ្នក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​ការបរទេស [អ៊ីរ៉ង់] ផង ហើយ​ចង់​ស្នើ​ឲ្យ​មាន​ការ​ចរចា​ផង?»។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​សរសេរ​នៅ​លើ Twitter ថា វិធានការ​របស់​លោក Trump «កំពុង​បំផ្លាញ​យន្តការ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​រួច​ហើយ​សម្រាប់​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​លើ​ពិភពលោក»។

ទាក់ទិន​នឹង​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​នេះ រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឲ្យ​រក្សា «ការ​អត់ធ្មត់»។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «យើង​ជឿ​ថា ការ​ដាក់​សម្ពាធ​ជា​អតិបរមា​ដោយ​ងងឹត​ងងល់​នេះ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ណា​មួយ​បាន​ទេ»៕

XS
SM
MD
LG