ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ ​​Caucus​ ដែល​​ជ្រើសតាំង​បេក្ខជន​​​ប្រធានាធិបតី​របស់​គណបក្ស​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​រដ្ឋ Iowa


លោក Cory Booker សមាជិក​ព្រឹទ្ធសភា ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ជាមួយ​អ្នក​ទៅ​បោះឆ្នោត Caucus ម្នាក់ តាម​ទូរស័ព្ទ ក្នុង​ក្រុង Urbandale រដ្ឋ Iowa កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០១៩។ (REUTERS/Brenna Norman)

លទ្ធផល​នៃ​ការ​បោះឆ្នោត​ Caucus ​​នៅ​ក្នុង​រដ្ឋ Iowa នេះ អាច​ផ្ដល់​ជា​តឹកតាង​ជាក់ស្ដែង​​ទៅ​លើ​ការ​គាំទ្រ​បេក្ខជន​ណា​ម្នាក់។

ការ​បោះឆ្នោត Caucus​ ដែល​ជា​ការ​បោះឆ្នោត​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ និង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ២០២០​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣ ខែ​កុម្ភៈ​នេះ នៅ​ក្នុង​រដ្ឋ Iowa។ ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មក​នេះ បណ្ដា​គណបក្ស​នយោបាយ​សហរដ្ឋអាមេរិក​បាន​យក​ការ​បោះឆ្នោត​បែប​នេះ​ដើម្បី​ជ្រើសរើស​យក​បេក្ខជន​ម្នាក់​ដែល​តំណាង​ឲ្យ​គណបក្ស​របស់​ខ្លួន សម្រាប់ទៅ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយ​នឹង​បេក្ខជន​តំណាង​គណបក្ស​ដទៃទៀត។

ការ​បោះឆ្នោតCaucus​ ​នៅ​ក្នុង​រដ្ឋ Iowa ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ប្រជុំ​ជាង​១០០០ក្នុង​ថ្ងៃ​តែ​មួយ​ ហើយ​ក្នុង​ពេល​តែ​មួយ។ រាល់​មណ្ឌល​បោះឆ្នោត​នីមួយៗ​នៅ​ក្នុង​រដ្ឋ Iowa មាន​កន្លែង​ប្រជុំ​មួយ​ដែល​ត្រូវ​បាន​គេ​កំណត់​រួច​ជាស្រេច ដូចជា​នៅ​តាម​សាលារៀន​និង​បណ្ណាល័យ​ជាដើម។ នៅ​ថ្ងៃ​បោះឆ្នោត​ Caucus​ ពលរដ្ឋ​នាំ​គ្នា​ទៅ​ចូលរួម​ប្រជុំ​ដើម្បី​ពិភាក្សា​និង​ប្រកាស​ជា​សាធារណៈ​និង​ដោយ​បើក​ចំហ​នូវ​ការ​គាំទ្រ​របស់​ពួកគេ​ទៅ​លើ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ណា​ម្នាក់​ដែល​ពួកគេ​ពេញ​ចិត្ត។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តារាង​មួយ ហើយ​ការ​ដាក់​ពិន្ទុ​ឲ្យ​បេក្ខជន​នីមួយៗ​គឺ​អាស្រ័យ​ទៅ​តាម​គោលការណ៍​របស់​គណបក្ស។
គណបក្ស​នយោបាយ​ក្នុង​រដ្ឋ​ចំនួន​៦​នឹងរៀបចំ​ការ​បោះឆ្នោត​ Caucus ​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ ដែល​មាន​រដ្ឋ Iowa រដ្ឋ​ Nevada រដ្ឋ​ Kentucky រដ្ឋ Hawaii រដ្ឋNorth Dakota និង​រដ្ឋ Wyoming។

ការ​បោះឆ្នោត​ Caucus​ ដែល​ល្បីល្បាញ​បំផុត​គឺ​នៅ​ក្នុង​រដ្ឋ Iowa។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧២​មក Iowaគឺ​ជា​រដ្ឋ​ដែល​គេ​រៀបចំ​ការ​បោះឆ្នោត​ Caucus ​ដំបូង​គេ​បង្អស់។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ Caucus នៅ​ក្នុង​រដ្ឋ Iowa នេះ អាច​ផ្ដល់​ជា​តឹកតាង​ជាក់ស្ដែងទៅ​លើ​ការ​គាំទ្រ​បេក្ខជន​ណា​ម្នាក់។

​ការ​បោះឆ្នោត​ Caucus នៅ​ក្នុង​រដ្ឋ Iowa នេះ គឺ​ផ្ដោត​ខ្លាំង​បំផុត​ទៅ​លើ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយសារ​តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ស្ទើរ​តែ​ប្រាកដថា​នឹង​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ នៅ​ក្នុង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​នៅ​ខែ​សីហា​ខាង​មុខ​នេះ។ ​

ចំណែក​ឯ​ការ​បោះឆ្នោត ​Primary ​វិញ ដែល​ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស ​គឺ​មិន​ដូច​ការ​បោះឆ្នោត​ Caucus ទេ ដោយសារ​តែ​ការ​បោះឆ្នោត​ Primary ​មាន​លក្ខណៈ​ឯកជន​និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មណ្ឌល​បោះឆ្នោត​ដែល​បិទជិត។ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ Primary​ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តារាង ហើយ​ការ​ដាក់​ពិន្ទុ​ឲ្យ​បេក្ខជន​នីមួយៗ​គឺ​អាស្រ័យ​ទៅ​តាម​គោលការណ៍​របស់​គណបក្ស។ ​
រដ្ឋ​ជាង​៤០​នឹង​រៀបចំ​ការ​បោះឆ្នោត ​Primary ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG