ក្នុងចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ស្ត្រីចំនួន ២៦ នាក់ ត្រូវបានសម្លាប់ដោយប្តី សង្សារ ឬអតីតដៃគូរបស់ពួកគេ ក្នុងនោះកុមារចំនួន ៥ នាក់ រួមទាំងបុរសម្នាក់ ក៏ត្រូវបានសម្លាប់ក្នុងករណីធ្វើឃាត ស្ត្រីទាំងនោះផងដែរ។ នេះបើតាមរបាយការណ៍លម្អិតថ្មីមួយរបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ ទី ១០ ខែមីនានេះ។
អំពើឃាតកម្មលើស្ត្រីទាំងអស់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទំនោរដ៏គួរឱ្យព្រួយបារម្ភលើការកើនឡើងនៃការសម្លាប់ស្ត្រីដោយដៃគូស្និទ្ធស្នាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសកម្ពុជា ដែលមានច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចគាំពារជនរងគ្រោះ ឆ្នាំ ២០០៥។
របាយការណ៍ដែលមានចំណងជើងថា «គ្មានច្រកសុវត្ថិភាព៖ បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល» បានគូសបញ្ជាក់ថា ករណីឃាតកម្មលើស្ត្រីនិងកុមារទាំងនេះ បង្ហាញពី «បទដ្ឋានយេនឌ័រមិនត្រឹមតែគាំទ្រ និងធ្វើឱ្យមានអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យស្ថាប័នពាក់ប័ន្ធ បរាជ័យក្នុងការឆ្លើយតបនិងដោះស្រាយលើបញ្ហានេះផងដែរ»។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានលើកឡើងថា៖ «វាពិតជាចាំបាច់ណាស់ដែលស្ត្រីអាចស្វែងរកនិងដឹងពីសិទ្ធិស្របច្បាប់ និងជម្រើសរបស់ពួកគេ ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងកាលៈទេសៈសំខាន់បែបនេះ»។
ក្រៅពីកុមារ ៥ នាក់ដែលបានសម្លាប់ជាមួយស្ត្រីដែលជាជនរងគ្រោះ របាយការណ៍ខាងលើនេះ ក៏រកឃើញថា កុមារចំនួន ៨ នាក់ផ្សេងទៀត បានឃើញម្តាយរបស់ពួកគេត្រូវបានសម្លាប់ដោយផ្ទាល់ភ្នែក។
អ្នកឃ្លាំមើលរបស់អង្គការលីកាដូបានកត់ត្រាថា ក្នុងឆ្នាំ ២០២០ ស្ត្រីចំនួន ៦ នាក់និងកុមារម្នាក់ត្រូវបានសម្លាប់ ហើយនៅក្នុងឆ្នាំ ២០២១ ស្ត្រីចំនួន ១៣ នាក់ និងកុមារ ៤ នាក់ត្រូវបានសម្លាប់ រីឯក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ ស្ត្រីចំនួន ៧ នាក់ត្រូវបានសម្លាប់។ ក្នុងចំណោមករណីធ្វើឃាតស្ត្រីទាំង ២៦ នាក់នេះ អំពើឃាតកម្មតែ ១៤ ករណីប៉ុណ្ណោះ បាន«ឈានដល់ការកាត់ទោសជនល្មើសដោយផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច ១០ ឆ្នាំ ដែលជាទោសអប្បបរមាសម្រាប់បទល្មើសឃាតកម្មតាមក្រមព្រហ្មទណ្ឌ»។
របាយការណ៍នេះ ក៏បង្ហាញឱ្យឃើញនូវចន្លោះប្រហោងនៃការអនុវត្តវិធានការអន្តរាគមន៍ និងផ្សះផ្សាគ្មានប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាន ដោយរកឃើញថា អាជ្ញាធរបានដឹងអំពីសកម្មភាពហិង្សារបស់ជនល្មើសដែលបានប្រព្រឹត្តលើស្ត្រីដែលដៃគូរបស់ខ្លួន មុនពេលឈានដល់ការធ្វើឃាត ក្នុងអំពើឃាតកម្មយ៉ាងតិចណាស់ ១១ ករណី។ ហើយក្នុងករណី ៦ ទៀត អាជ្ញាធរបានអន្តរាគមន៍ឱ្យមានការផ្សះផ្សារវាងជនល្មើសនិងស្ត្រីដែលជាដៃគូ បើទោះបីជាស្ត្រីជនរងគ្រោះបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយដៃគូដែលបានប្រព្រឹត្តអំពើហិង្សាមកលើពួកគេហើយក្តី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃទី ៩ ខែមីនានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា៖ អាជ្ញាធរគួរតែចាត់វិធានការជាបន្ទាន់ និងផ្តល់ច្រកសុវត្ថិភាពដល់ស្ត្រីទាំងអស់ ដើម្បីឱ្យជីវិតរបស់ពួកគេ ចៀសផុតពីអំពើហិង្សា»។
របាយការណ៍ដែលមាន ២១ ទំព័រនេះ ក៏បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដោយជំរុញឱ្យមានវិសោធនកម្មច្បាប់នេះ «ដើម្បីដកចេញនូវបទប្បញ្ញត្តិទាំងឡាយណា ដែលអនុញ្ញាតឬលើកទឹកចិត្តឱ្យមានការសម្របសម្រួល ឬការផ្សះផ្សាករណីអំពើហិង្សាក្នុងគ្រួសារ ដោយមិនគិតពីភាពធ្ងន់ធ្ងរនៃអំពើល្មើសឡើយ»៕